កាលពីយប់ថ្ងៃអាទិត្យទី25 ខែមករា ឆ្នាំ2020 ក្រុមភ្នំពេញក្រោនបានប្រកួតចាញ់ក្រុមជើងឯកលីកកំពូលរបស់ថៃ Chiangrai United ជាមួយនឹងលទ្ធផល 1-០ នៃពានរង្វាន់ Leo Pre-season Cup 2020។
ទោះជាលទ្ធផលចាញ់ក៏ដោយ ក៏ប៉ុន្តែអ្នកគាំទ្រក្រុមមកពីកម្ពុជានេះ បានសម្តែងការពេញចិត្តលើទម្រង់លេងរបស់ក្រុម ដោយពួកគេបាននិយាយថា៖ ទម្រង់លេងរបស់ពួកយើងល្អ ហើយបើសិនជាយើងរក្សាការលេងរបៀបនេះ យើងនឹងទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតប្រជែងនៅក្នុងលីករបស់ប្រទេសយើងមិនខាន។
គួរបញ្ជាក់ផងដែរថា ក្រុមភ្នំពេញក្រោន មានការៀបចំល្អទាំងក្រុមការងារគ្រូបង្វឹក និងកីឡាករ សម្រាប់ត្រៀមរដូវកាលថ្មីនេះ ក៏ប៉ុន្តែកីឡាករសំខាន់ៗមានបញ្ហារបួស ដែលជាមូលហេតុធ្វើឱ្យការលេងមានការប្រែប្រួលនៅចុងតង់ទី2 និងក៏ជាពេលដែលរបូតគ្រាប់បាល់ 1គ្រាប់នោះដែរ។
សម្រាប់អ្នកចាំទី អ៊ុំ វិចិត្រ បានបង្ហាញពីចំណុចខ្វះខាត ដោយបាននិយាយថា: ខ្ញុំគិតថា យើងត្រូវលេងឱ្យយល់ចិត្តគ្នាបន្ថែមទៀតទាំងកីឡាករខ្មែរ និងកីឡាករបរទេស ហើយសម្រាប់ចំណុចផ្សេងទៀត គឺជាការចាត់ចែងរបស់គ្រូបង្វឹក៕