ថ្មីៗនេះដោយសារតែការបារម្ភខ្លាំងពេកពីជំងឺរលាកសួតដោយមេរោគកូរ៉ូណា(corona) ដែលកំពុងរាតត្បាតក្នុងតំបន់នានាលើពិភពលោក ប្រជាជនកម្ពុជា បានចាប់អារម្មណ៍ខ្លាំងលើការតាមដានព័ត៌មានពាក់ព័ន្ធនឹងជំងឺដ៏គួរឱ្យខ្លាចមួយនេះ។ ទន្ទឹមនឹងការមានចំណាប់អារម្មណ៍ខ្លាំងនេះ គេហទំព័រនៃបណ្តាញសង្គមមួយចំនួន ហាក់កំពុងកេងចំណេញលើការទាក់ទាញចំណាប់អារម្មណ៍ ដោយការបំផុសបំផុលព័ត៌មានក្លែងក្លាយដើម្បីឱ្យមហាជនចូលមើលច្រើន និងធ្វើឱ្យភ័យខ្លាច។
ឆ្លើយតបនឹងបញ្ហាពាក្យចចាមអារ៉ាមទាំងក្នុងសារជាសំឡេងដែលនិយាយថា ជំងឺរលាកសួតកូរ៉ូណា បានមកដល់កម្ពុជា ឬសារជាអក្សរដែលនិយាយថា ប្រភពនេះ ឬប្រភពនោះបញ្ជាក់ថា មានអ្នកជំងឺរលាកសួតកូរ៉ូណាកំពុងនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ជាដើម…។ ក្រសួងសុខាភិបាលបានចេញមកបកស្រាយ និងបញ្ជាក់បដិសេធចោលទាំងស្រុងនូវប្រភពព័ត៌មានអកុសលទាំងអស់នោះ។
ថ្មីៗនេះ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានបញ្ជាក់ថា ព័ត៌មានមួយដែលបានបញ្ជាក់ដោយគណនីឈ្មោះថា Teary Lonh ដែលបាននិយាយថា មានករណីឆ្លងជំងឺរលាកសួតកូរ៉ូណា 2នាក់ ហើយត្រូវបានគេបិទព័ត៌មាននោះ គឺជាព័ត៌មានប្រឌិតទាំងស្រុង។ ហើយចំពោះគណនីដែលមានឈ្មោះថា Lama Phone Shop ដែលបានផ្សព្វផ្សាយឱ្យចែករំលែកព័ត៌មានបន្ទាន់នូវដំណឹងពីមន្ទីរពេទ្យរុស្ស៊ីថា មានជំងឺរលាកសួតកើតឡើងនោះ ក៏ជាព័ត៌មានក្លែងក្លាយដែរ។ ទន្ទឹមនឹងនោះក្រសួងក៏បានបញ្ជាក់ និងអះអាងយ៉ាងច្បាស់ផងដែរថា រហូតមកដល់ពេលនេះមិនទាន់មានវត្តមាននៃជំងឺរលាកសួតកូរ៉ូណានៅកម្ពុជានៅឡើយទេ ហើយសម្រាប់ព័ត៌មានបន្ថែម ក្រសួងនឹងធ្វើបច្ចុប្បន្នភាពនៅក្នុងទំព័រ Facebook ផ្លូវការរបស់ក្រសួង រួមទាំងមធ្យោបាយផ្សេងៗទៀត ជូនសាធារណជនជ្រាបជាបន្តបន្ទាប់៕