សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook ផ្លូវការកាលពីពេលថ្មីៗនេះថា មកដល់ពេលនេះមិនទាន់មានជំងឺរលាកសួតថ្មី កូរ៉ូណា (Corona) នៅកម្ពុជានៅឡើយទេ តែយើងក៏កំពុងចាត់វិធានការការពារ និងប្រុងប្រយ័ត្នយ៉ាងខ្ពស់បំផុតផងដែរ។
នៅក្នុងសារដ៏មានសារៈសំខាន់នោះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទន្ទឹមនឹងពេលដែលបងប្អូនជនរួមជាតិកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន សូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថា កូរ៉ូណា (Corona) ដែលកំពុងរាតត្បាតនៅប្រទេសចិន ហើយពេលនេះបានរាលដាលមកដល់ប្រទេសមួយចំនួនដូចជា អាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបុរី, កូរ៉េខាងត្បូង, ថៃ, វៀតណាម និងម៉ាឡេស៊ី។
ក្នុងសារនោះសម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា អាការរោគ គឺមានផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។ បងប្អូនអាចប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃឱ្យបានស្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគឱ្យបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការរោគ ឬរោគសញ្ញាដូចខាងលើ និងកុំនៅជិតសត្វពាហនៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។ ត្រូវញ៉ាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។
គួរជម្រាបដែរថា មកទល់ពេលនេះ វីរុស Corona មិនទាន់ឆ្លងមកដល់ប្រទេសកម្ពុជាទេ តែដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ក្រសួងសុខាភិបាលកម្ពុជាបានបំពាក់ម៉ាស៊ីនស្គែន (Scan) រកមេរោគ ប្រចាំការ 24ម៉ោង ដើម្បីស្គែនគ្រប់ភ្ញៀវទេសចរទាំងអស់ដែលចូលមកកម្ពុជា។
នៅក្នុងនោះដែរ សម្តេចនាយករដ្ឋមន្ត្រីបានណែនាំបន្ថែម ឱ្យប្រជាជនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស និងក្នុងប្រទេសខណៈពេលដែលមេរោគកូរ៉ូណានេះកំពុងឆ្លងរាលដាលនៅក្រៅប្រទេស។ ប្រសិនបើបងប្អូនសង្ស័យថា មានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណា នេះ សូមទាក់ទងមកគ្រូពេទ្យដែលនៅជិតកន្លែងជាបន្ទាន់ ឬមកកាន់មន្ទីរពេទ្យ ឬទូរស័ព្ទមកលេខ 115 ជាបន្ទាន់។
ទន្ទឹមនឹងនេះ សូមក្រសួង មន្ទីរ និងស្ថាប័ន ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ហើយលេខទូរស័ព្វដែលបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈនេះ(115) ត្រូវមានអ្នកប្រចាំការ និងចាំទទួលពេលមានការទូរស័ព្ទចូលគ្រប់ពេល៕