ក្លិបយក្សរបស់ជប៉ុន FC Tokyo បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើដ៏ឆ្នើមអន្តរជាតិថៃ Jakkit Wachpirom ពីក្លិប Bangkok United ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាលនេះ។ នេះបើយោងតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌកំពូល J-League មួយនេះ កាលពីថ្ងៃពុធ។ Jakkit វ័យ20ឆ្នាំ បានលេងឲ្យក្រុមជម្រើសជាតិថៃអាយុក្រោម23ឆ្នាំ និងបានស្ថិតជាសមាជិករបស់ក្រុមជម្រើសជាតិថៃដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2ក្នុងព្រឹត្តិការណ៍ Asian Under-19 Championship កាលពីឆ្នាំមុន។ Jakkit គឺជាកីឡាករថៃទី2ដែលបានចូលរួមជាមួយនឹងក្របខ័ណ្ឌកំពូលជប៉ុន J-League ក្រោយពីខ្សែបម្រើដ៏ឆ្នើម Chanathip Songkrasin បានផ្ទេរទៅកាន់ក្លិប Consadole Sapporo។ កីឡាករ Jakkit បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការមានឱកាសទៅលេងនៅក្រៅប្រទេសនៅឯក្លិបល្បីដូចជា FC Tokyo នេះ។ ខ្ញុំនឹងខិតខំព្យាយាមឲ្យអស់ពីសមត្ថភាពតាមដែលខ្ញុំអាចធ្វើបាន និងព្យាយាមដណ្តើមលទ្ធផលឲ្យបានល្អបំផុត»។ ស្របពេលជាមួយគ្នានេះ ក្លិប FC Tokyo ក៏បានបញ្ជាក់ផងដែរថា ពួកគេបានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Lipe Veloso ដែលជាអតីតកីឡាកររបស់ក្លិបប្រេស៊ីល Palmeiras និងខ្សែការពារអន្តរជាតិកូរ៉េខាងត្បូង Jang Hyun-soo ពីក្លិប Guangzhou R&F។ Jang ធ្លាប់បានលេងឲ្យក្លិប FC Tokyo ពីររដូវកាលមុនពេលផ្ទេរទៅកាន់ក្លិប Guangzhou កាលពីឆ្នាំ2014៕
ប្រភពពី៖ Bangkok Post