ច្បាប់ដែលហាមអ្នកផឹកស្រាបើកបរយានយន្ត បានបង្កើតឱ្យមានសេវាដឹកអ្នកស្រវឹងទៅផ្ទះនៅក្រុងប៉េកាំង ប្រទេសចិន ជួយឱ្យអ្នកប្រកបរបរនេះរកប្រាក់បានយ៉ាងច្រើនសន្ធឹក។
របរថ្មីនេះត្រូវបានគេគិតថា ជាមុខរបរដែលរកប្រាក់បានច្រើននៅក្នុងទីក្រុងប៉េកាំង ជាមួយនឹងចំណូលជាមធ្យមប្រហែល 1,742ដុល្លារអាមេរិកក្នុង 1ខែៗសម្រាប់អ្នកផ្ដល់សេវាម្នាក់។
ជាមួយនឹងមុខរបរនេះ បុរសម្នាក់មានវ័យ 33ឆ្នាំ លោក Liu Pengfei បានឱ្យដឹងថា មានខែខ្លះគាត់អាចរកបានចំណូលដល់ទៅ 19,000យន់ ប្រហែល 2,740ដុល្លារអាមេរិក ដែលខ្ពស់ជាងទ្វេដងបើធៀបនឹងប្រាក់ខែមធ្យមរបស់អ្នកធ្វើការធម្មតានៅទីក្រុងប៉េកាំងដូចគ្នា។
ការងាររបស់លោក Liu តែងចាប់ផ្ដើមនៅពេលយប់រហូតដល់ពេលទៀបភ្លឺ ជាពេលវេលាដែលក្រុមអ្នកផឹកស៊ីធ្វើដំណើរច្រើនបំផុត។ តម្រូវការលើសេវាកម្មនេះក្នុងអំឡុងពេលខាងលើ កើនឡើងរហូតដល់ 3ដង បើធៀបនឹងពេលថ្ងៃ។
ក្រុមអ្នកផ្ដល់សេវាកម្មដឹកអ្នកស្រវឹងតែងបង្ហាញវត្តមាននៅក្បែរៗហាងផឹកស៊ី ក្លិបកម្សាន្ត ដើម្បីរង់ចាំភ្ញៀវហៅតាមកម្មវិធីទូរស័ព្ទ(App)។
ជាធម្មតា លោក Liu និងមិត្តរួមការងារបានប្រើប្រាស់រថយន្តរបស់ភ្ញៀវដើម្បីជូនពួកគេទៅផ្ទះ។ ប៉ុន្តែ មិនមែនភ្ញៀវទាំងអស់សុទ្ធតែតម្រូវឱ្យជូនទៅផ្ទះភ្លាមនោះទេ ព្រោះបើតាមលោក Liu ក្នុងចំណោមភ្ញៀវ 3នាក់ គឺមានម្នាក់តម្រូវឱ្យគាត់ដឹកទៅកន្លែងផឹកស៊ី ឬកន្លែងកម្សាន្តមួយផ្សេងទៀត មុននឹងឱ្យជូនទៅផ្ទះ។
តម្រូវការលើសេវាកម្មដឹកអ្នកស្រវឹង បានកើនឡើងច្រើននៅពេលយប់ជ្រៅ ជាពិសេស គឺក្រោយពេលដែលអាជ្ញាធរក្រុងប៉េកាំងបានអនុញ្ញាតឱ្យក្លិបរាត្រី ហាងផឹកស៊ី អាចបើកដល់ជិតភ្លឺបាន។ ការអនុញ្ញាតនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
មកដល់បច្ចុប្បន្ន គេមិនទាន់ដឹងថា ដំណោះស្រាយខាងលើនេះ មានប្រសិទ្ធភាពដល់កម្រិតណានោះទេ ខណៈដែលកំណើនសេដ្ឋកិច្ចបច្ចុប្បន្នរបស់ចិន កំពុងធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល 30ឆ្នាំមកនេះ។ យ៉ាងនេះក្ដី អ្នកដែលបានទទួលផលប្រយោជន៍ពីច្បាប់ខាងលើមុនគេ គឺក្រុមអ្នកផ្ដល់សេវាកម្មដឹកភ្ញៀវស្រវឹងទៅផ្ទះហ្នឹងឯង។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុនគ្រប់គ្រងកម្មវិធីបញ្ជាទិញសេវាកម្មដឹកភ្ញៀវស្រវឹងធំបំផុតនៅប្រទេសចិន បានបង្ហាញថា ការបញ្ជាប្រើសេវាកម្មនេះបានកើនឡើង 20% នៅពាក់កណ្ដាលយប់នៅក្នុងទីក្រុងប៉េកាំង ខណៈដែលទីក្រុងផ្សេងៗទៀត ដូចជា Dongguan, Zhengzhou ជាដើម ចំនួនអ្នកបញ្ជាប្រើសេវាកម្មនេះ កើនរហូតដល់ 50%៕
ប្រភព៖ សារព័ត៌មានបរទេស
មេរោគបង្ករលាកសួតថ្មី Wuhan – 6 ចំណុចដែលអ្នកត្រូវដឹងពីវា ដើម្បីការពារជីវិត
ហាងទំនិញនៅជប៉ុន ដាក់បដា “ហាមជនជាតិចិន” មិនឱ្យចូលទិញ ព្រោះខ្លាច…
អ្នកស្លាប់ដោយសារឆ្លងជម្ងឺរលាកសួត Wuhan កើនជិតទ្វេដង៖ ពលរដ្ឋចិនកំពុងភ័យខ្លាច…