រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន+3 (ចិន ជប៉ុន និងកូរ៉េ) លើកទី19 នៅប្រទេសប្រ៊ុយណេ កាលពីថ្ងៃទី16 ខែមករា ឆ្នាំ2020 ក្នុងឱកាសនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ2020(ASEAN Tourism Forum 2020)ក្រោមប្រធានបទ “អាស៊ាន៖ទាំងអស់គ្នាឆ្ពោះទៅកាន់ការធ្វើដំណើរជំនាន់ថ្មី” (ASEAN:Toge ther towards a Next Generation of Travel)។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូក3 បានអបអរសាទរចំពោះកំណើនទេសចរមកទស្សនាតំបន់អាស៊ានបូក3 ក្នុងឆ្នាំ2019 មានចំនួន 244.5លាននាក់ កើនឡើង 5.8%។ កិច្ចប្រជុំក៏បានពិនិត្យអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ានបូក3 ជាពិសេសការអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការទេសចរណ៍អាស៊ានបូក3 ឆ្នាំ2018 -2020 ដោយសម្រេចបានលទ្ធផលចម្បងៗ ដូចខាងក្រោម៖ អបអរសាទរវេទិកាអាស៊ានបូក3 ស្តីពីស្តង់ដាគ្រប់គ្រងបរិស្ថាន កាលពីថ្ងៃទី25-26 ខែកក្កដាឆ្នាំ2019 នៅប្រទេសហ្វីលីពីន។
2- អបអរសាទរ កិច្ចប្រជុំកំពូល យុវជនទេសចរណ៍អាស៊ានបូក3 ឆ្នាំ2019 កាលពីថ្ងៃទី25-31 ខែសីហា ឆ្នាំ2019 នៅប្រទេសថៃ។
3- សិក្ខាសាលាស្តីពីការធ្វើឱ្យប្រសើរឡើងនូវផលិតផល និងសេវាកម្មសហគមន៍ ដើម្បីទាក់ទាញអ្នកធ្វើដំណើរវ័យក្មេងក្នុងសហស្សវត្សថ្មី កាលពីថ្ងៃទី10-12 ខែកញ្ញា ឆ្នាំ2019 នៅប្រទេសឥណ្ឌូនេស៊ី។
4- សិក្ខាសាលាស្តីពីការគ្រប់គ្រងធនធានមនុស្សទេសចរណ៍អាស៊ាន និងបណ្តាញនៃការអភិវឌ្ឍសម្រាប់កម្មវិធីអេកូទេសចរណ៍ កាលពីថ្ងៃទី2124 ខែតុលា ឆ្នាំ2019 នៅប្រទេសម៉ាឡេស៊ី។
5- សន្និសីទវិនិយោគទេសចរណ៍អាស៊ាន-ជប៉ុន កាលពីថ្ងៃទី23 ខែតុលា ឆ្នាំ2019 នៅប្រទេសជប៉ុន។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានថ្លែងអំណរគុណដល់ប្រទេសចិន ជប៉ុន ប្រទេសកូរ៉េ ដែលបានគាំទ្រដល់សមាជិកអាស៊ាន តាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន ចិន នានាជាច្រើនក្នុងអំឡុងឆ្នាំ2019 កន្លងមក។
ជាពិសេសការរៀបចំពិព័រណ៍ ទេសចរណ៍អាស៊ាន-ចិន កាលពីពាក់កណ្ដាលខែតុលា ឆ្នាំ2019 នៅទីក្រុង Guilin ប្រទេសចិន និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុននៅឆ្នាំ2019 កន្លងមក ក្នុងនោះរួមមានការរៀបចំសិក្ខាសាលា និងសន្និសីទនានា ការតាំងពិព័ណ៍ទេសចរណ៍អាស៊ាន-ជប៉ុនផ្សេងៗ ព្រមទាំងការជួយផ្សព្វផ្សាយទេសចរណ៍តាមនាវាសមុទ្រ (Cruise Tourism)។
ដោយឡែកឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក៏បានថ្លែងអំណរគុណដល់ប្រទេសបូក3 រួមមាន ចិន ជប៉ុន និងកូរ៉េ សម្រាប់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏ល្អកន្លងមកចំពោះកម្ពុជា ព្រមទាំងបានស្នើសុំឱ្យបន្តកិច្ចសហប្រតិបត្តិការនេះតទៅមុខទៀត។
សូមជម្រាបជូនផងដែរថា ក្នុងឆ្នាំ2019 កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ 6.7លាននាក់ កើនឡើង 8% ក្នុងនោះសម្រាប់រយៈពេល 10ខែ ទេសចរចិនមានចំនួនប្រមាណ 2.4លាននាក់ ទេសចរកូរ៉េមានចំនួន 20ម៉ឺននាក់ និងទេសចរជប៉ុនមានចំនួន 16ម៉ឺននាក់។
នៅឆ្នាំ2020 នេះ វេទិកាទេសចរណ៍អាស៊ាន (ATF) ក្រោមប្រធានបទអាស៊ាន “ទាំងអស់គ្នាឆ្ពោះទៅកាន់ការធ្វើដំណើរជំនាន់ថ្មី ឬ ASEAN-Together towards a Next Generation of Travel” បានចូលរួមដោយរដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា និងប្រទេសដៃគូពិភាក្សាអភិវឌ្ឍន៍មួយចំនួនទៀត។
កម្ពុជាបានសហការជាមួយផ្នែកឯកជន ចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ដោយបានទទួលប្រតិភូចូលរួមចំនួន 750នាក់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចំនួន100 មានស្តង់ពិព័រណ៍(Booths) 250 និងអ្នកលក់ (Sellers) ចំនួន 250ក្រុមហ៊ុន និងមានអ្នកទិញ (Buyers) ចំនួន 150ក្រុមហ៊ុនផងដែរ។
សូមបញ្ជាក់ថា វេទិកាកំពូលទេសចរណ៍អាស៊ាន ឆ្នាំ2020 និងកិច្ចប្រជុំពាក់ព័ន្ធនានាបានប្រារព្ធឡើងកាលពីថ្ងៃទី12-13 ខែមករា ឆ្នាំ2020 នៅប្រទេសប្រ៊ុយណេ។ ទន្ទឹមនឹងនេះដែរ កិច្ចប្រជុំទាំងមូលបានផ្តោត និងលើកយកបញ្ហាចម្បងៗចំនួន7 មកជជែកពិភាក្សា ដើម្បីរកដំណោះស្រាយ និងវឌ្ឍនភាពវិស័យទេសចរណ៍អាស៊ានបន្តទៀត។
លោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍កម្ពុជា ដែលបានដឹកនាំប្រតិភូក្រសួងទៅចូលរួមកិច្ចប្រជុំថ្នាក់ស្ថាប័នជាតិទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាឱកាសវេទិកាកំពូលទេសចរណ៍ឆ្នាំ2020 នេះ បានលើកឡើងថា ស្ថាប័នជាតិទេសចរណ៍ប្រទេសសមាជិកអាស៊ានទាំង10 នឹងពិភាក្សាពិនិត្យសម្រេចលើចំណុចសំខាន់ៗនៃសកម្មភាពទេសចរណ៍អាស៊ាន និងអនុម័តលើឯកសារ ពិធីសារមួយចំនួន។
ឯកសារ និងពិធីសារទាំងនោះ រួមមានទី1- ពង្រឹងការផ្សព្វផ្សាយទេសចរណ៍អាស៊ានតាមប្រព័ន្ធឌីជីថល អនឡាញ និងប្រព័ន្ធបណ្តាញសង្គម។ ទី2-ពិនិត្យអំពីវឌ្ឍនភាពនៃការរីកចម្រើន វិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន ឆ្នាំ2018-2019។ ទី3- ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ2016-2025។ ទី4- ជំរុញការបង្កើតផលិតផលថ្មីៗ ដោយផ្តោតសំខាន់លើទេសចរណ៍ម្ហូបអាហារជាដើម។
លោក ថោង រដ្ឋសក្តិ បានបន្តថា៖ “កិច្ចពិភាក្សាខាងលើនេះ គឺដើម្បីសម្រេចបាននូវចក្ខុវិស័យទេសចរណ៍អាស៊ាន ដោយត្រឹមឆ្នាំ2025 អាស៊ាននឹងក្លាយជាគោលដៅទេសចរណ៍ល្អឯក ប្រកបដោយគុណភាព ពិពិធភាព បទពិសោធ ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍដោយការទទួលខុសត្រូវ ចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ច សុខុមាលភាពសង្គម ប្រជាជាតិអាស៊ាន”៕