ក្រុមហ៊ុនអភិវឌ្ឍន៍ឡានហោះ SkyDrive មានគម្រោងធ្វើការហោះហើរសាកល្បងជាច្រើនលើកទៀត ដើម្បីធានាឱ្យបានប្រាកដថា ឡានហោះរបស់ខ្លួននឹងមានសុវត្ថិភាព100% មុននឹងដាក់លក់ចាប់ពីឆ្នាំ2023។
ក្រុមហ៊ុន SkyDrive ទើបតែបានប្រកាសថា ក្រុមហ៊ុនបានចាប់ផ្ដើមធ្វើការហោះហើរសាកល្បងនូវឡានហោះកាលពីខែមុន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន Asahi កាលពីថ្ងៃទី21មករាកន្លងទៅ។
នេះគឺជាលើកទី1 ហើយនៅជប៉ុន ដែលមានការសាកល្បងបើកបរឡានហោះដែលមានមនុស្សជិះនៅខាងក្នុង។ ការហោះហើរសាកល្បងលើកមុនៗ ត្រូវបានគេធ្វើឡើងដោយប្រើប្រព័ន្ធបញ្ជាពីចម្ងាយ និងគ្មានមនុស្សជិះ។
SkyDrive គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ2018 នៅទីក្រុង Tokyo ដោយក្រុមវិស្វករវ័យក្មេងដែលធ្លាប់ធ្វើការឱ្យក្រុមហ៊ុនផលិតរថយន្ត Toyota។ ក្រុមហ៊ុននេះកំពុងតែរៀបចំគម្រោងប្រារព្ធព្រឹត្តិការណ៍ហោះហើរសម្ដែងឱ្យទស្សនិកជនទស្សនានៅក្នុងរដូវក្ដៅឆ្នាំនេះ បន្ទាប់មកនឹងចាប់ផ្ដើមដាក់លក់ចាប់ពីឆ្នាំ2023 ទៅ។
ឡានហោះ SkyDrive នេះមានកម្ពស់ 1.6ម៉ែត្រ បណ្ដោយ និងទទឹងប្រវែង 3.6ម៉ែត្រស្មើគ្នា និងមានកៅអីអង្គុយចំនួន1។ ជ្រុងនីមួយៗនៃឡានហោះនេះមានបំពាក់ស្លាបកង្ហារចំនួន 1គ្រឿង ដែលកង្ហារនេះនឹងជួយឱ្យឡានហោះអាចសំកាំងខ្លួននៅលើអាកាសបានយ៉ាងស្រួល។
មកដល់ពេលនេះ SkyDrive មិនទាន់បង្ហើបឱ្យដឹងលម្អិតអំពីការហោះហើរសាកល្បងនេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះបានបញ្ជាក់ថា នឹងធ្វើការហោះហើរសាកល្បងជាច្រើនលើកទៀតដើម្បីធានាសុវត្ថិភាពឱ្យបាន100%។
បច្ចុប្បន្ន ក្រៅពី SkyDrive គេឃើញមានក្រុមហ៊ុនផ្សេងមួយចំនួន ក៏កំពុងយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍឡានហោះនេះដែរ ក្នុងនោះក៏មានក្រុមហ៊ុន Airbus និង Uber ផងដែរ។
ឡានហោះត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសង្គ្រោះមនុស្សក្នុងករណីបន្ទាន់។ ប៉ុន្តែ មុនពេលឡានហោះនេះត្រូវបានគេប្រើប្រាស់ទូលំទូលាយ ពិភពលោកត្រូវតែបង្កើតឱ្យមានស្ដង់ដាសុវត្ថិភាព និងច្បាប់ចរាចរណ៍សម្រាប់ឡានហោះ រួមនឹងប្រព័ន្ធគ្រប់គ្រងពេញលេញមួយដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ផ្លូវអាកាស៕
ប្រភព៖ សារព័ត៌មានបរទេស