កីឡាករប្រដាល់ Jeff Horn របស់អូស្ត្រាលី ជឿជាក់ថា រូបគេពិតជាបានទទួលជ័យជម្នះលើកីឡាករជើងចាស់ Manny Pacquiao យ៉ាងស័ក្តិសមប្រាកដមែន ខណៈដែលរូបគេក៏បានស្វាគមន៍ទៅលើលទ្ធផលនៃការត្រួតពិនិត្យឡើងវិញនៃការផ្តល់ពិន្ទុពីការប្រកួតរបស់គេកាលពីដើមខែនេះពីសំណាក់ WBO ផងដែរ។
ប៉ុន្តែ ទោះបីជាយ៉ាងណា កីឡាករមិនស្គាល់ចាញ់រូបនេះនៅតែជឿជាក់ថា មានតែការប្រកួតសងសឹកជាមួយនឹងតារាប្រដាល់របស់ហ្វីលីពីនរូបនេះប៉ុណ្ណោះ ទើបអាចដោះស្រាយភាពចម្រូងចម្រាសផ្សេងៗបាន។ Horn បានកត់ត្រាជ័យជម្នះដោយពិន្ទុជាឯកច្ឆន្ទក្នុងការប្រកួត12ទឹកដ៏មិននឹកស្មានដល់លើកីឡាករ Pacquiao ក្នុងទីក្រុង Brisbane កាលពីថ្ងៃទី2 ខែកក្កដា ប៉ុន្តែលទ្ធផលនេះបានធ្វើឲ្យមានការតវ៉ា និងការរិះគន់យ៉ាងខ្លាំងក្លាក្នុងប្រទេសហ្វីលីពីន។
ស្ថាប័ន WBO បានបង្កើតក្រុមប្រឹក្សាឯករាជ្យមួយ និងចៅក្រមអនាមិកដើម្បីទស្សនាការប្រកួតនេះដោយគ្មានសំឡេង និងដើម្បីកាត់សេចក្តីថា តើកីឡាកររូបណាឈ្នះក្នុងទឹកនីមួយៗ?។ កាលពីថ្ងៃអង្គារ ស្ថាប័ននេះបានបញ្ជាក់ថា ចៅក្រមបានរកឃើញថា Horn បានទទួលជ័យជម្នះ7ទឹក ហើយ Pacquiao ឈ្នះត្រឹមតែ5ទឹកប៉ុណ្ណោះ។ Horn វ័យ29ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុង Los Angeles ថា រូបគេបានស្វាគមន៍ចំពោះការត្រួតពិនិត្យឡើងវិញរបស់ស្ថាប័ន WBO បើទោះបីរូបគេមានភាពច្បាស់លាស់ក្នុងចិត្តរបស់គេថា គេពិតជាបានទទួលជ័យជម្នះក៏ដោយ។
ទោះបីជាយ៉ាងណា អតីតគ្រូបង្រៀនរូបនេះជឿជាក់ថា មានតែការប្រកួតសងសឹកប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហាចម្រូងចម្រាស់ផ្សេងៗបាន។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំជឿថា មធ្យោបាយដ៏ល្អក្នុងការដោះស្រាយបញ្ហានេះបាន គឺការប្រកួតសងសឹក។ ខ្ញុំគិតថា ខ្ញុំនឹងធ្វើបានកាន់តែល្អឡើងទៀតក្នុងការប្រកួតលើកទី2»។ ប៉ុន្តែ ក្រុមការងាររបស់ Pacquiao បានចោទប្រកាន់ថា អាជ្ញាកណ្តាល បានអនុញ្ញាតឲ្យ Horn ប្រើប្រាស់ស្នៀតប្រយុទ្ធដែលខុសពីច្បាប់កីឡា។
ក្រោយពីការត្រួតពិនិត្យឡើងវិញរបស់ WBO កីឡាករ Pacquiao បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា៖ «យើងបានឃើញការកាត់សេចក្តីដ៏អន់បំផុត កាលពីមុនដោយចៅក្រមជាអ្នកគ្រប់គ្រងលើលទ្ធផលផ្សេងៗ។ គ្មានអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលឡើយ។ សូមឲ្យអ្នកគាំទ្រកាត់សេចក្តីដោយខ្លួនឯងចុះ។ មនុស្សជាច្រើនបានឃើញអ្វីដែលបានកើតឡើង»៕
ប្រភពពី៖ ESPN