ភ្នំពេញៈ ដំណាច់ឆមាសទី1ឆ្នាំនេះ និន្នាការនៃការនាំចូលរថយន្តថ្មីបានកើនឡើង ខណៈការនាំចូលរថយន្តជជុះបានថយចុះ ដោយសារតែនិន្នាការប្រើប្រាស់រថយន្តថ្មីកើនឡើង។
លោក សេង វឹង អគ្គនាយកផ្នែកបច្ចេកទេសយានយន្តនៃក្រុមហ៊ុន RMA Asia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី12 កក្កដាម្សិលមិញថា ទីផ្សាររថយន្តរបស់ក្រុមហ៊ុនខ្លះបានថយចុះ ប៉ុន្តែក្រុមហ៊ុនរបស់លោកនៅតែទទួលបានកំណើននៃការលក់ដដែល ដោយសារតែប្រព័ន្ធបញ្ជា និងប្រើប្រាស់ក្នុងរថយន្តទំនើបពិសេសទទួលបានទំនុកចិត្តពីអតិថិជន ។ លោកបន្តថា និន្នាការប្រើប្រាស់រថយន្តថ្មី បាននិងកំពុងកើនឡើង ដោយយោងតាមតួលេខនាំចូលរថយន្តបានបង្ហាញថា ការនាំរថយន្តថ្មីចូលបានកើនពី13ដល់19ភាគរយ និងនាំចូលរថយន្តជជុះបានថយពី89 មកនៅត្រឹម83ភាគរយ។
លោកបន្តថា “ការលក់រថយន្តរបស់ក្រុមហ៊ុនបានកើនឡើងចន្លោះពី20 ទៅ30ភាគរយ នៅដំណាច់ឆមាសទី1ឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយរថយន្តលក់ដាច់ភាគច្រើនជាប្រភេទរថយន្ត Pick Up ដែលជារថយន្តមានបំពាក់សេវាកម្ម និងប្រព័ន្ធបញ្ជាទំនើប និងមានការពេញនិយមពីអ្នកប្រើប្រាស់។
កញ្ញា ស៊ឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា និន្នាការប្រើប្រាស់រថយន្តថ្មីពិតជាកើនឡើងមែន ហើយជាគោលនយោបាយ រដ្ឋាភិបាលលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់រថយន្តថ្មីផងដែរ ប៉ុន្តែទីផ្សាររថយន្តមួយទឹកក៏នៅតែរក្សាបានកំណើនផងដែរ ដោយសារជីវភាពប្រជាពលរដ្ឋដែលមានកម្រិតមធ្យមច្រើន និងដោយសារអាចទិញរថយន្តបង់រំលស់បានផងនោះ ទើបប្រជាជនមួយចំនួនបានទិញរថយន្តថ្មីប្រើប្រាស់ផងដែរ។
កញ្ញាបន្តថា “កម្រិតកំណើននៃការលក់រថយន្តថ្មី វាអាស្រ័យលើកម្លាំងទិញរបស់ប្រជាពលរដ្ឋ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះអ្នកមានជីវភាពធូរធារបានកើនឡើង ដែលធ្វើឲ្យទីផ្សាររថយន្តថ្មីមានកំណើនផងដែរ៕