ជារៀងរាល់ឆ្នាំ ឱ្យតែជិតដល់រដូវបុណ្យចូលឆ្នាំចិន មិនថាជនជាតិខ្មែរដើមកំណើតចិន ដើមកំណើតវៀតណាម ឬខ្មែរកាត់ចិននោះទេ ពួកគេតែងតែយកចិត្តទុកដាក់ទៅលើការតុបតែងលំអផ្ទះដោយរបស់នាំលាភ និងរបស់នាំរាសីជាច្រើនតាមដែលពួកគេអាចរកទិញបាន ក្នុងមានដូចជាក្រដាស់សែន កូនគោមក្រហម មែនផ្កាអង្គាសិល ដើមក្រូចឃ្វិចដែលមានផ្លែស្រោបមែន រួមនិងដើមផ្កាផ្សេងៗទៀត។
ក្នុងចំណោមអ្វីដែលបានរៀបរាប់ខាងលើ យើងខ្ញុំសូមលើកយករុក្ខជាតិចំនួន 3ប្រភេទមកបកស្រាយអំពីអត្ថន័យរបស់វាសម្រាប់ជូនជាចំណេះដឹងចំពោះបងប្អូនខ្មែរស្រឡាយចិនដែលមិនទាន់បានជ្រាប។
1.ផ្កាស្បៃរឿង
នេះជាប្រភេទផ្កាដែលមានពណ៌លឿង ឬលឿងទុំ ប៉ុន្តែក្នុងរដូវចូលឆ្នាំចិន គេឃើញមានលក់ភាគច្រើនតែស្បៃរឿងដែលមានពណ៌លឿងដូចមាស ព្រោះអ្នកទិញភាគច្រើនក៏ជ្រើសយកតែពណ៌មាស។ ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅភ្នំពេញ ពិសេសគឺនៅមុខហាងធំៗ គេក៏ឃើញមានការដាក់តាំងផ្កាស្បៃរឿងជាហូរហែ។ ផ្កាស្បៃរឿងក៏ជាផ្កាដែលត្រូវគេចាត់ទុកដូចជាអ្នកនាំលាភ នាំទ្រព្យឱ្យចូលមកផ្ទះរបស់ម្ចាស់ផ្កាដូច្នោះដែរ។ ផ្កាស្បៃរឿង ល្អបំផុតគឺដាក់តាំងលំអរនៅមុខផ្ទះ តាមផ្លូវដើរចូលផ្ទះជាដើម ដើម្បីបង្កើនភាពស្រស់ស្រាយ។
2.ដើមក្រូចឃ្វិចដែលមានផ្លែស្រោបមែក
អ្នកដែលមានជំនឿទៅលើរឿងរាសី មុននឹងសម្រេចទិញដើមក្រូចឃ្វិចយកមកតាំងក្នុងរដូវចូលឆ្នាំចិន តែងតែពិនិត្យមើលយ៉ាងប្រុងប្រយ័ត្នទៅលើទម្រង់ដើម មែក ស្លឹក និងផ្លែ។ល។ ដែលទាំងនេះត្រូវបានគេចាត់ទុកជាតំណាងនៃស្ថានភាពទ្រព្យសម្បត្តិ និងសុភមង្គលដែលនឹងហូរចូល និងកើតមានក្នុងផ្ទះរបស់ពួកគេ។
អ្នកជាប់ស្រឡាយចិន ពិសេសចាស់ៗ ពួកគាត់តែងរើសតែដើមក្រូចឃ្វិចណាដែលមានរូបរាងមាំមួន មានស្លឹកចាស់បន្តិចតែមានសភាពស្រស់បំព្រង មានមែនលូតលាស់ទៅគ្រប់ទិស មានផ្លែកាន់តែច្រើនកាន់តែល្អតែវាត្រូវតែមានខ្ចីខ្លះ ស្រគាលខ្លះ និងទុំខ្លះ។ ទាំងនេះ គឺតំណាងឱ្យទ្រព្យដែលនឹងកើតឡើងជាហូរហែ មិនរអាក់រអួល មិនមានឧបសគ្គ។
3.ដើមផ្កាអង្គាសីល
បងប្អូនខ្មែរដែលមានដើមកំណើតចិន កាត់ចិន ឬជាប់ស្រឡាយចិន តែងតែចាត់ទុកដើមផ្កាអង្គាសីលនេះថា ជាវត្ថុតំណាងឱ្យរដូវផ្ការីកដ៏គួរឱ្យត្រេកត្រអាល ព្រោះតែសម្រស់ដ៏ស្រស់ស្អាត និងក្លិនក្រអូបរបស់ផ្កានេះ។
អង្គាសីលជាប្រភេទរុក្ខជាតិដែលចេញផ្កាតែក្នុងរដូវត្រជាក់ រដូវផ្ការីកដែលចំនឹងរដូវចូលឆ្នាំចិន។ អ្នកជាប់ស្រឡាយចិន គិតថា បើមានដើមផ្កានេះនៅក្នុងផ្ទះ វានឹងជួយឱ្យពួកគេបានត្រជាក់ត្រជំ និងស្រស់ស្រាយពេញមួយឆ្នាំ។
ជាងនេះ ដោយសារតែផ្កាអង្គាសីលមានពណ៌លឿងដូចពណ៌មាស ដូច្នេះមនុស្សក៏បានចាត់ទុកវាថា ជាផ្កានាំទ្រព្យដែលអាចជួយចម្រុងចម្រើនភោគទ្រព្យក្នុងគ្រួសាររបស់ពួកគេ។
ការជ្រើសរើសមែកផ្កាអង្គាសីលគឺត្រូវតែមើលទៅលើពេលវេលាដែលរាប់ចាប់ពីថ្ងៃទិញរហូតដល់ថ្ងៃចូលឆ្នាំ និងត្រូវមើលទៅលើចំនួនពន្លកផ្កា និងទំហំពន្លកផ្កាផងដែរ។ បើសិនលោកអ្នកបានទិញរួចហើយ ពេលទៅដល់ផ្ទះ លោកអ្នកគួរតែយកភ្លើងដុតគល់របស់វាមួយភ្លែត ឬដាក់វាត្រាំក្នុងទឹកក្ដៅពី 70-80អង្សា ដើម្បីកុំឱ្យជ័រ និងជាតិបំប៉នក្នុងមែករបស់វាហូរចេញមកក្រៅ បំណងជួយរក្សាវាឱ្យនៅស្រស់បានយូរ និងចេញផ្កាបានល្អ។
បើចង់ឱ្យផ្ការីកបានលឿន លោកអ្នកអាចដាក់វាក្នុងបន្ទប់ដែលមិនសូវមានខ្យល់ និងអុជធូប តែបើចង់ឱ្យផ្ការីកយឺតមកវិញ អ្នកអាចដាក់ទឹកកកចូលក្នុងផើងផ្កា និងដាក់វានៅកន្លែងដែលមានខ្យល់ច្រើន ហើយពេលយប់យកវាទៅដាក់ហាលសន្សើម។
សូមជូនពរលោកអ្នក រកទទួលទានមានបានដូចសេចក្ដីប្រាថ្នា!