លោក Harry អតីតព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស និងអតីតព្រះនាងម្ចាស់ Meghan អាចរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់ពួកគេ ដោយការថតកុន សរសេរសៀវភៅ ថតផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញសង្គម និងសារព័ត៌មាន រួមនិងការធ្វើបទបង្ហាញផ្សេងៗ។ល។
កាលពីសប្ដាហ៍មុន រាជវាំង Buckingham បានប្រកាសថា ចាប់ពីឆ្នាំនេះតទៅ ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan Markel និងលែងជាសមាជិករាជវង្សទៀតហើយ ដោយសារបានដកព្រះកាយចេញពីតួនាទីនេះ។ សេចក្ដីប្រកាសនេះក៏បានឱ្យដឹងថា Harry និង Meghan ក៏លែងទទួលបានជំនួយនានាពីរាជវាំងផងដែរ ដោយសារមិនមែនជាអ្នកតំណាងរបស់ម្ចាស់ក្សត្រីអង់គ្លេស។ មុននេះ លោក Harry និងនាង Meghan ក៏បានប្រកាសថានឹង “ធ្វើការដើម្បីឯករាជផ្នែកហិរញ្ញវត្ថុ និងជីវិត”។
សំនួរដែលគេនាំគ្នាលើកឡើងនៅពេលនេះ គឺថា តើគ្រួសារ Harry នឹងធ្វើអ្វីដើម្បីមានប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិតនាពេលខាងមុខ? គោលបំណងដើម្បីឯករាជផ្នែកហិរញ្ញវត្ថុរបស់គូស្វាមីភរិយានេះ ត្រូវបានលើកឡើងតាំងតែពីដើមខែមករា។ ប៉ុន្តែ គម្រោងលំអិតយ៉ាងណានោះ នៅតែជារឿងកំបាំង។
សូមរំឭកថា មុនពេលរៀបការជាមួយអតីតព្រះអង្គម្ចាស់ Harry អ្នកនាង Meghan គឺជាតារាសម្ដែងដ៏ល្បីឈ្មោះម្នាក់។ យោងតាមទស្សនវដ្ដី Forbes នាង Meghan អាចរកចំណូលបានប្រហែល 450,000ដុល្លារក្នុងមួយឆ្នាំៗ ដោយសារបានថតភាពយន្តទូរទស្សន៍រឿង Suits ។ ជាមួយនិងប្រភពចំណូលនេះ រួមនិងប្រាក់ដែលបានមកពីប្រភពផ្សេងៗ ដូចជាគេហទំព័រ The Tig រចនាម៉ូដសម្លៀកបំពាក់ និងផ្សាយពាណិជ្ជកម្មលើ Instagram ជាដើម ទស្សនាវដ្ដី Town & Country បានរកឃើញថា ទ្រព្យដែលអ្នកនាង Meghan មាននៅក្នុងឆ្នាំ2018 ប្រហែល5លានដុល្លារអាមេរិក។ ប៉ុន្មានឆ្នាំមកនេះ ដោយសារមានជំនួយឧបត្ថម្ភពីរាជរាំង អ្នកនាងក៏សន្សំបានប្រាក់មិនតិចនោះដែរ។
អតីតអង្គម្ចាស់ Harry ក៏មានទ្រព្យផ្ទាល់ខ្លួន។ កាលពីមានព្រះជន្ម30វស្សាទស្សនវដ្ដី Forbes ធ្លាប់បានចេញផ្សាយថា បុរសរូបនេះ ទទួលបានមរតក13.3លានដុល្លារពីព្រះមាតាទ្រង់ គឺព្រះនាង Diana។
ដូចដែលបាននិយាយខាងដើម សារព័ត៌មាន BBC បានចុះផ្សាយដែរថា គូស្វាមីភរិយានេះ សុទ្ធតែមានប្រភពហិរញ្ញវត្ថុរៀងៗខ្លួនដើម្បីចិញ្ចឹមជីវិតក្នុងអំឡុងពេលលាលែងពីតំណែង និងរកផ្លូវដើរសមស្រប។ ទន្ទឹមនឹងនេះ បើទោះមិនទទួលបានប្រាក់ឧបត្ថម្ភពីរាជវាំង ពួកគេនឹងនៅតែទទួលបានជំនួយពី ព្រះបិតា គឺព្រះអង្គម្ចាស់ Charles ក្នុងរយៈពេល1ឆ្នាំដំបូងនៃការរស់នៅឯប្រទេសកាណាដា។ ប្រាក់ដែលនឹងត្រូវព្រះអង្គម្ចាស់ Charles យកទៅឧបត្ថម្ភរាជបុត្ររបស់ទ្រង់គឺបានមកពីខ្ទង់វិនិយោគផ្ទាល់ខ្លួន ជំនួសឱ្យការប្រើប្រាស់ប្រាក់ចំណេញដែលបានមកពីក្រុមហ៊ុនអចលនទ្រព្យរបស់ទ្រង់ ដែលត្រូវបានប្រើដើម្បីផ្គត់ផ្គង់ការចំណាយនានារបស់អ្នកស្នងរាជ និងបុត្រាពីរព្រះអង្គ។
សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan មិនមែនជាសមាជិករាជរង្សដំបូងដែលមានមុខរបរថ្មីនោះទេ។ ព្រះនាង Beatrice បច្ចុប្បន្នក៏ជានាយិការរងផ្នែកយុទ្ធសាស្ដ្រ និងដៃគូនៃក្រុមហ៊ុនសបវ៉ែរមួយ។ ចំណែកព្រះនាង Eugenie បច្ចុប្បន្នកាន់កាប់តំណែងអគ្គនាយិការមួយរូបនៃក្រុមហ៊ុនពិព័រណ៍សិល្បៈមួយនៅក្រុងឡុងដ៍។ ឆ្នាំ1993 ព្រះអង្គម្ចាស់ Edward ដែលជាព្រះរាជបុត្រានៃមហាក្សត្រី Elizabeth ជាមួយនិងព្រះអង្គម្ចាស់ Philip ក៏ធ្លាប់បានបើកក្រុមហ៊ុនទូរទស្សន៍ផ្ទាល់ខ្លួនដែលមានឈ្មោះថា Ardent Productions។ ប៉ុន្តែ ដោយសារមិនមានចំណេញ ក្រុមហ៊ុននេះក៏ត្រូវបិទទ្វារកាលពីឆ្នាំ2009។
ទំព័រ Yahoo Finance បានចុះផ្សាយថា ជាមួយនិងបទពិសោធន៍ធ្វើការរបស់ Meghan គ្រួសារនេះនឹងរកចំណូលបានដោយរលូន។ គណនី Instagram របស់អ្នកទាំងពីរដែលមានឈ្មោះថា Sussex Royal មានអ្នកតាមដានដល់ទៅ 10.4លាននាក់។ បើទោះតិចជាង Cristiano Ronaldo (197លាន) ឬ Ariana Grande (171លាន) ប៉ុន្តែ Harry និង Meghan នៅតែអាចប្រើប្រាស់វាដើម្បីផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនធំៗបាន។
ក្រៅពីនេះ គូស្វាមីភរិយាខាងលើ ក៏អាចរកចំណូលពីមុខរបរផ្សេងៗជាច្រើនទៀត ដូចជាផលិតផលម៉ូដែលសម្លៀកបំពាក់ ផលិតផលថែរក្សាសម្រស់ និង លក់ផលិតផលពីបណ្ដាប្រទេសក្រីក្រ។ល។ នេះបើតាមសំដីរបស់ Sara McCorquodale ដែលជា CEO របស់ក្រុមហ៊ុន CORQ។
ជាងនេះ លោក Harry ក៏នឹងអាចរកចំណូលបានច្រើនផងដែរពីការបង្ហាញវត្តមាន និងការធ្វើបទបង្ហាញនានាតាមការអញ្ជើញពីសំណាក់ក្រុមហ៊ុនធំៗជាដើម៕
ប្រភព៖ សារព័ត៌មានបរទេស