ក្នុងអនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងរដ្ឋមន្រ្តីទទួលបន្ទុកអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចហុងកុងកាលពីពេលថ្មីៗនេះ។ ភាគីទាំងពីរបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការផ្តល់សេវាគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជាដែលត្រូវបានជ្រើសរើសឱ្យបម្រើការងារនៅទីក្រុងហុងកុង ជាពិសេសស្ត្រីបម្រើការងារផ្ទះ។
ប្រភពព័ត៌មានលើគេហទំព័រហ្វេប៊ុករបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានឱ្យដឹងថា ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តការនេះ ដែលជាផ្នែកមួយនៃគោលនយោបាយខ្សែក្រវ៉ាត់មួយ វិថីមួយរបស់ចិន ហើយសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងបើកច្រកដល់កិច្ចសហប្រតិបត្តិលើវិស័យជាច្រើនទៀត ដើម្បីពង្រឹង ពង្រីកវិស័យពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង។
បន្ថែមលើនេះ អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការដូចជា៖
1/ ចូលរួមសហការគ្រប់គ្រងសហគ្រាសដែលមិនអនុវត្តត្រឹមត្រូវតាមច្បាប់ ដើម្បីការពារប្រយោជន៍ពលករទេសន្តរកម្ពុជា។
2/ ចូលរួមសហការប្រមូលគំនិតយោបល់ពីទីភ្នាក់ងារមុខរបរ និងរាយការណ៍ជូនតំបន់រដ្ឋបាលពិសេសហុងកុង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ធ្វើការពិនិត្យឡើងវិញ និងកែលម្អគោលនយោបាយមុខរបរសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា។
3/ ចូលរួមសហការគ្រប់គ្រង និងផ្តល់ការណែនាំដល់សមាជិកសមាគម និងក្រុមហ៊ុន ឱ្យអនុវត្តស្របតាមច្បាប់ និងបទបញ្ញត្តិនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលតំបន់សេដ្ឋកិច្ចពិសេសហុងកុង ដើម្បីបង្កើតលក្ខខណ្ឌការងារល្អសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា។
4/ ចូលរួមសហការជាមួយទីភ្នាក់ងារមុខរបរ និងនិយោជកហុងកុង ដើម្បីគ្រប់គ្រងប្រព័ន្ធទិន្នន័យពលករទេសន្តរប្រវេសន៍កម្ពុជា៕