ការងូតទឹក គឺជារឿងមួយក្នុងចំណោមរឿងមួយចំនួន ដែលមនុស្សគ្រប់រូបធ្វើនៅពេលព្រឹក និងពេលល្ងាច។ នៅពេលអ្នកងូតទឹក វាផ្តល់ឱ្យអ្នកនូវពេលវេលាដ៏ល្អសម្រាប់សម្អាតរាងកាយរបស់អ្នក។ ប៉ុន្តែតើអ្នកដឹងទេថា ការងូតទឹកក្ដៅឧណ្ហៗមានអត្ថប្រយោជន៍ដែរឬទេ? ភាគច្រើនយើងគឺជាមនុស្សងូតទឹកត្រជាក់ ប៉ុន្ដែការផ្លាស់ប្តូរតិចតួចក្នុងទម្លាប់អាចផ្តល់នូវប្រយោជន៍ខ្ពស់សម្រាប់ការគេងរបស់អ្នក ជាពិសេសប្រសិនបើប្រើទឹកក្តៅឧណ្ហៗ។ ប្រសិនបើអ្នកមានបញ្ហាក្នុងការសម្រាក ឬការគេងលក់នៅពេលយប់ អ្នកអាចសាកល្បងងូតទឹកក្ដៅ ដើម្បីបន្ថយភាពតានតឹង។ គេអាចនិយាយថានេះ គឺជាទម្លាប់ធម្មតាមួយសម្រាប់ការសម្រាកសាច់ដុំមុនពេលគេង ដោយសារតែការងូតទឹកក្ដៅឧណ្ហៗធ្វើឱ្យប្រព័ន្ធសរសៃប្រសាទរំញោច និងមានអារម្មណ៍ងងុយគេង។ ចង់ដឹង តោះតាមដានទាំងអស់គ្នា នេះជាអត្ថប្រយោជន៍នៃការងូតទឹកក្តៅ និងទឹកត្រជាក់។
ការងូតទឹកក្ដៅ
ក្រោយពេលបញ្ចប់ការងារពេញមួយថ្ងៃ គ្មានអ្វីស្រួលជាងការងូតទឹកក្ដៅឧណ្ហៗនោះទេ ដើម្បីធ្វើឱ្យស្រស់ស្រាយអារម្មណ៍ឡើងវិញ។ ចំណុចខាងក្រោមនេះ ជាទង្វើឆ្លើយតបនៃរាងកាយរបស់អ្នកទៅនឹងការងូតទឹកក្ដៅ ៖
1. សម្រួលសាច់ដុំដែលឈឺចាប់ : ដូចគ្នាទៅនឹងឥទ្ធិពលនៃការបិតកៅអៀកលើសាច់ដុំដែលឈឺចាប់ដែរ ការងូតទឹកក្ដៅអាចជួយសម្រាលសាច់ដុំដែលឈឺចាប់ សម្រួលការរមួលសាច់ដុំ និងការតានតឹងរបស់សាច់ដុំ។ ការងូតទឹកក្ដៅ ក៏ជួយបង្កើនចរន្តឈាមរត់នៅក្នុងរាងកាយ ដែលអាចកាត់បន្ថយការឈឺចាប់បានច្រើន ជំរុញការព្យាបាលសាច់ដុំ និងកាត់បន្ថយការរលាកសាច់ដុំជាដើម។
2. សម្រួលផ្លូវដង្ហើម : តើអ្នកធ្លាប់ស្ទះស្លេសក្នុងច្រមុះទេ? ចំហាយដែលចេញពីទឹកក្ដៅ មានមុខងារជាថ្នាំធម្មជាតិរំលាយស្លេសនៅក្នុងច្រមុះ កាត់បន្ថយជំងឺផ្ដាសាយ ដោយសារតែចំហាយទឹកក្ដៅដែលផ្ដល់សំណើមដល់រន្ធច្រមុះជានិច្ច។
3. ស្បែកកាន់តែស្រស់ថ្លា : ការងូតទឹកក្ដៅ ជួយពង្រីករន្ធញើស ដូចនេះវាជួយធ្វើឱ្យស្បែករបស់អ្នកទន់ និងមានសុខភាពល្អ។ មនុស្សមួយចំនួន បានណែនាំឱ្យងូតទឹកក្ដៅ ដើម្បីជួយបើករន្ធញើសសម្អាតស្បែក និងបង្ហូរញើសពីស្បែក។ ដូចគ្នាទៅនឹងការប្រើចំហាយទឹក ឬកន្សែងក្ដៅឧណ្ហៗជូតមុខដែរ។
ចុះហេតុអ្វីយើងត្រូវងូតទឹកត្រជាក់? ហើយបើងូតទឹកត្រជាក់ក្នុងអំឡុងខែត្រជាក់ អាចប៉ះពាល់ដល់សុខភាពឬទេ?
ការងូតទឹកត្រជាក់
ការងូតទឹកត្រជាក់នៅពេលព្រឹកព្រលឹម នឹងធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍ងងុយគេង ហើយគេងមិនចង់ក្រោកនៅពេលម៉ោងឈប់សម្រាកថ្ងៃត្រង់។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តផ្នែកកីឡា ដែលសិក្សាអំពីទម្លាប់បុរាណមួយចំនួនបានលើកឡើងថា ការងូតទឹកត្រជាក់នៅពេលព្រឹក ពិតជាធ្វើឱ្យអ្នកអាចរៀបចំខ្លួនបានល្អប្រសើរ ដើម្បីបំពេញការងារពេញមួយថ្ងៃ។ តែរដូវរងាបែបនេះ យើងជឿថា គ្មាននរណាម្នាក់ចង់ងូតទឹកត្រជាក់នោះទេ ក៏ប៉ុន្ដែ បើតាមទីជនបទវិញ នៅតែចៀសមិនផុតពីការងូតទឹកត្រជាក់ឡើយ។
ការងូតទឹកត្រជាក់មានប្រយោជន៍អ្វីខ្លះ?
1. ស្បែក និងរោម : ទឹកត្រជាក់ មានឥទ្ធិពលផ្ទុយពីទឹកក្ដៅ នៅពេលជ្រាបចូលរន្ធញើស វាបានបិទរន្ធញើស ឬធ្វើឱ្យរបកស្បែកចាស់ រួចធ្វើឱ្យកោសិកាស្បែកថ្មីដុះឡើងតឹងណែនល្អ។ ដូច្នេះហើយគេជឿជាក់ថា ចំណុចនេះទឹកត្រជាក់ជួយរក្សាសំណើមដល់ស្បែក និងការពារភាពកខ្វក់មិនឱ្យជ្រាបចូលក្នុងស្បែក ជាពិសេសពពួកបាក់តេរី។ ចំពោះស្បែកក្បាល ទឹកត្រជាក់ បន្តឹងស្បែកក្បាល បង្កើនសមត្ថភាពបណ្ដុះសក់របស់រន្ធសក់នៅលើក្បាល ធ្វើឱ្យសរសៃសក់កាន់តែរឹងមាំខ្លាំង។
2. បង្កើនភាពស៊ាំប្រឆាំងមេរោគ និងជួយឱ្យចរន្តរត់លំហូរឈាមដំណើរការបានល្អ : ក្រៅពីផ្ដល់នូវអត្ថប្រយោជន៍ដល់ស្បែក ទឹកត្រជាក់ក៏ជួយបង្កើនចរន្តរត់នៃលំហូរឈាមឱ្យកាន់តែល្អផងដែរ។ នៅពេលទឹកត្រជាក់ប៉ះស្បែក សរសៃឈាមនឹងរួម ហើយចរន្តរត់របស់ឈាម បង្កើតលំហូរដែលផ្ដោតតែទៅកាន់តែសរីរាង្គសំខាន់ៗក្នុងរាងកាយតែប៉ុណ្ណោះ។ ទឹកត្រជាក់នឹងជួយបង្កើនកម្ដៅនៅក្នុងខ្លួន ឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំក្នុងការប្រឆាំងនឹងរោគជំងឺ។
3. បន្ថយអាការរលាកសន្លាក់ : កីឡាករដែលត្រាំក្នុងអាងទឹកកក ជឿជាក់ថា វាជួយកាត់បន្ថយការរលាក ឬបង្កើនដំណើរការស្ដារថាមពលឡើងវិញរបស់សាច់ដុំ។ ដោយសារតែដុំទឹកកករឹបសរសៃឈាម និងធ្វើឱ្យចុងនៃសរសៃប្រសាទស្ពឹក ដែលនេះជាវិធីសាស្រ្តបញ្ជាក់ថា ការងូតទឹកត្រជាក់ អាចបន្ធូរបន្ថយការឈឺចាប់សាច់ដុំបានយ៉ាងល្អ។
តើយើងគួរតែងូតទឹកក្ដៅ ឬងូតទឹកត្រជាក់?
ដោយសារតែការងូតទឹកទាំងពីរប្រភេទនេះ ផ្ដល់នូវអត្ថប្រយោជន៍ល្អរៀងៗខ្លួន ដូចនេះ តើការងូតទឹកប្រភេទណាដែលល្អសម្រាប់អ្នក? អ្នកអាចជ្រើសរើសការងូតទឹក ដែលអ្នកពេញចិត្ត ប៉ុន្តែមានឧទាហរណ៍មួយចំនួន ដែលត្រូវជ្រើសរើសយកតែមួយប៉ុណ្ណោះ។
តើអ្នកមានជំងឺគេងមិនលក់ឬទេ? បើមានអ្នកត្រូវងូតទឹកក្ដៅឧណ្ហៗល្អជាង។ បើពិបាកគេង អ្នកអាចងូតទឹកក្ដៅឧណ្ហៗនៅពេលយប់ វាមិនត្រឹមតែជួយឱ្យរាងកាយរបស់អ្នកធូរស្រាលប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យរាងកាយសម្របទៅនិងសីតុណ្ហភាពបានយ៉ាងល្អផងដែរ ។ នៅពេលដែលអ្នកចេញពីបន្ទប់ងូតទឹកដែលក្ដៅឧណ្ហៗ ចូលក្នុងបន្ទប់គេងដែលត្រជាក់ សីតុណ្ហភាពក្នុងរាងកាយ ចង្វាក់បេះដូង និងចង្វាក់ផ្លូវដង្ហើមធ្លាក់ចុះ ដែលជាសញ្ញាបង្ហាញថា ដល់ពេលគេងហើយ។
តើគប្បីងូតទឹកក្ដៅ ឬទឹកត្រជាក់ ក្រោយពេលហាត់ប្រាណរួច? កីឡាករជំនាញ និងមិនមានជំនាញ បានចូលត្រាំក្នុងទឹកកក ក្រោយពេលហាត់ប្រាណ ដើម្បីជួយបង្កើនសាច់ដុំឱ្យមានកម្លាំងកាន់តែខ្លាំង ដូចនេះ អ្នកអាចសាកល្បងជម្រើសរវាងទឹកក្ដៅ និងទឹកត្រជាក់។ អ្នកឯកទេសមួយចំនួនជឿជាក់ថា ជម្រើសរវាងការងូតទឹកក្ដៅ និងការងូតទឹកត្រជាក់ ក្រោយពេលហាត់ប្រាណ ជួយបង្កើនដំណើរការរត់នៃចរន្តឈាម និងបំបាត់ជាតិពុលក្នុងរាងកាយបានដូចគ្នា៕