ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ីលើកទី11 ឆ្នាំ2017 ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌល និងសន្និសីទកោះពេជ្រ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជំរុញឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជាទាំងអស់ត្រូវពង្រឹងសមត្ថភាពដើម្បីជ្រៀតចូលទីផ្សារបរទេសក្នុងយុគសម័យសមាហរណកម្មអាស៊ាននេះ។
ឯកឧត្តមបានផ្ដាំផ្ញើទៅសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងលើកទឹកចិត្តឲ្យសហគ្រាសកម្ពុជាទាំងអស់ប្រឹងប្រែងអភិវឌ្ឍខ្លួនឯងដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមពិព័រណ៍ផលិតផលស្រដៀងគ្នានៅបរទេសដើម្បីជ្រៀតចូល និងធ្វើពិពិធកម្មទីផ្សារផលិតផលកម្ពុជា។ ឯកឧត្តមសង្កត់ធ្ងន់ថា ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនឹងផ្ដល់អត្ថប្រយោជន៍រួមមកលើឧត្តមភាពរបស់ប្រជាជនកម្ពុជា ដោយសារសហគ្រាសធុនតូច និងមធ្យមជាចលករដ៏ខ្លាំងក្លាក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ និងលើកកម្ពស់សេដ្ឋកិច្ចជាតិកម្ពុជា។
ក្នុងយុទ្ធសាស្រ្តជួយជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ក្រសួងពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរដែលមានគុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងមានការវេចខ្ចប់បានល្អប្រសើរត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតកម្មនៅទូទាំងប្រទេសមកដាក់តាំងបង្ហាញដើម្បីស្វែងរកការគាំទ្របន្ត ដែលការតាំងពិព័រណ៍នេះនឹងធ្វើឡើងនៅថ្ងៃទី26-29 ខែតុលា ឆ្នាំ2017 ខាងមុខ នៅមជ្ឈមណ្ឌលវិមានសុភមង្គលក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕