យោងតាមទំព័រសារព័ត៌មាន Bloomberg ៖ ប្រទេសឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ កំពុងតែត្រៀមខ្លួនក្លាយជាទីផ្សារមូលបត្រធំជាងគេនៅក្នុងតំបន់។ តម្លៃមូលធនទីផ្សារមូលបត្ររបស់ប្រទេសនេះ បច្ចុប្បន្នឡើងដល់ 529ពាន់លានដុល្លារ ជិតយកឈ្នះលើប្រទេសថៃដែលកំពុងធ្លាក់កូដ។
កាលពីខែឧសភា ឆ្នាំ2019 ថៃបាន “វ៉ាដាច់” សិង្ហបុរី ហើយឡើងកាន់កាប់តំណែងនាំមុខទាក់ទិននឹងទំហំមូលធនក្នុងផ្សារហ៊ុននៃតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែ ដោយសារតែតម្លៃប្រាក់បាតធ្លាក់ចុះ និងកំណើនសេដ្ឋកិច្ចត្រូវបានគេព្យាករថា នឹងថមថយកម្លាំងនោះ ដូច្នេះ SET Index របស់ផ្សារមូលបត្រថៃ គឺជាសន្ទស្សន៍មូលបត្រតែ 1គត់ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានស្គាល់ពីឱនភាពក្នុងរយៈពេល 3ខែកន្លងមកនេះ។
ផ្ទុយមកវិញ សន្ទស្សន៍នៃផ្សារហ៊ុន Jakarta Composite Index បានកើន 5.5% គិតក្នុងអំឡុងពេលដូចគ្នានៃផ្សារហ៊ុននៅថៃ។ ប្រធានាធិបតីឥណ្ឌូនេស៊ី កំពុងតែអនុវត្តនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន និងកំពុងធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសដែលមានប្រជាជនច្រើនជាគេបង្អស់លំដាប់លេខ4 លើពិភពលោកមួយនេះ។
យោងតាមរបាយការណ៍របស់សារព័ត៌មាន Bloomberg ទីផ្សារធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ បច្ចុប្បន្នកំពុងឈរនៅលំដាប់ទី21 លើពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស