ព្រះអង្គម្ចាស់ Harry នៃចក្រភពអង់គ្លេស ដែលទើបតែដកព្រះកាយចេញពីខ្សែរាជវង្សជាមួយព្រះជាយា ព្រះនាង Meghan នឹងលែងមានសិទ្ធិក្នុងការស្លៀកពាក់ឯកសណ្ឋានយោធា ទៅតាមបទបញ្ជាយោធានៃប្រទេសនេះទៀតហើយ។
សេចក្ដីប្រកាសរបស់ព្រះបរមរាជវាំង Buckingham កាលពីយប់ថ្ងៃទី18 មករា កន្លងទៅ បានលើកឡើងយ៉ាងច្បាស់ថា តាមការព្រមព្រៀងដើម្បីចាកចេញពីព្រះរាជកិច្ចរបស់ព្រះអង្គម្ចាស់ និងមហេសីរបស់ទ្រង់ ព្រះអង្គម្ចាស់ Harry នឹងត្រូវដកខ្លួនចេញពីតួនាទីទាំងឡាយដែលមាននៅក្នុងជួរកងទ័ពអង់គ្លេស។
ច្បាប់របស់កងទ័ពនៃព្រះរាជាណាចក្រអង់គ្លេស បានកំណត់ថា ទាហាន ឬនាយទាហានណា ដែលចាកចេញពីជួរកងទ័ព នៅតែអាចពាក់គ្រឿងឥស្សរិយយសយោធាបាន ប៉ុន្តែមិនមានសិទ្ធិក្នុងការប្រើប្រាស់ឯកសណ្ឋានយោធាទៀតឡើយ។
ព្រះអង្គម្ចាស់ Harry បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់កងទ័ពអង់គ្លេសកាលពីឆ្នាំ2006 និងបានចាកចេញវិញក្នុងឆ្នាំ2015។ ក្នុងអំឡុងនៅជាទាហាន ព្រះអង្គម្ចាស់ក៏ជាមេបញ្ជាការមួយរូបផងដែរ។ ព្រះម្ចាស់រូបនេះ ធ្លាប់ទទួលបានការប្រទានគោរមងារជាមេបញ្ជាការយោធាកំពូលបំផុត នោះគឺ “មេបញ្ជាការកិត្តិយសជាន់ខ្ពស់នៃកងម៉ារីននៃចក្រភពអង់គ្លេស” ក្នុងខែធ្នូ ឆ្នាំ2017 រួមនឹងគោរមងារផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះ ព្រះអង្គម្ចាស់ក៏ជាមេបញ្ជាការកិត្តិយសនៃកងយន្តហោះក្នុងកងទ័ពជើងទឹកចក្រភពអង់គ្លេស និងជាមេបញ្ជាការកិត្តិយសជាន់ខ្ពស់នៃកងកម្លាំងនាវាចម្បាំងខ្នាតតូច និងក្រុមមុជទឹករបស់កងទ័ពជើងទឹកនៃព្រះរាជាណាចក្រអង់គ្លេសផងដែរ។
ព្រះអង្គម្ចាស់ Harry នឹងលែងមានសិទ្ធិប្រើប្រាស់ឯកសណ្ឋានយោធាក្នុងព្រឹត្តិការណ៍ធំៗ ដូចជា Trooping the Color (ពិធីបុណ្យដ៏ធំមួយរបស់កងទ័ពជើងគោកអង់គ្លេស) និង Remembrance Sunday (ទិវារំឭកដល់ស្នាដៃ និងការចូលរួមរបស់យុទ្ធនារី នៃកងទ័ពអង់គ្លេសក្នុងសង្គ្រាមលោក និងសង្គ្រាមនានាបន្ទាប់មកទៀត)។
អតីតនាយទាហានម្នាក់នៃកងទ័ពជើងទឹកអង់គ្លេស បានថ្លែងថា ៖ “លើកក្រោយ ពេលមានវត្តមាននៅក្នុងព្រឹត្តិការណ៍យោធាណាមួយ ទ្រង់នឹងស្លៀកពាក់ដូចប្រជារាស្ត្រសាមញ្ញ ព្រោះទ្រង់បានលាឈប់ពីមុខតំណែងទាំងអស់ក្នុងជួរកងទ័ព។ ពិតជាគួរឱ្យសោកស្ដាយណាស់ ពេលបាត់បង់ទ្រង់”។
គួររំឭកថា កាលពីថ្ងៃទី8 មករាកន្លងទៅ ព្រះអង្គម្ចាស់ Harry បានប្រកាសថា នឹងដកខ្លួនចេញពីតួនាទីជាន់ខ្ពស់ក្នុងខ្សែរាជវង្ស ដើម្បីកសាងជីវភាពឱ្យបានឯករាជ្យជាងមុន និងអាចមានពេលច្រើនដើម្បីធ្វើដំណើរទៅមករវាងទឹកដីអង់គ្លេស និងអាមេរិកខាងជើង។ ម្ចាស់ក្សត្រី Elizabeth II ទ្រង់បានយល់ព្រមតាមសំណើនេះ។
ព្រះអង្គម្ចាស់ Harry បច្ចុប្បន្នមានព្រះជន្ម 35វស្សា និងបានរៀបអភិសេកជាមួយអតីតតួឯកកុន កញ្ញា Meghan កាលពីឆ្នាំ2018 និងមានរាជបុត្រាមួយព្រះអង្គព្រះនាម Archie។ គ្រួសារនេះ ធ្លាប់បានឱ្យដឹងអំពីផលវិបាកក្នុងជីវភាពជាសមាជិករាជវង្ស ពិសេសគឺការតាមប្រមាញ់របស់ក្រុមអ្នកសារព័ត៌មាន។ ព្រះអង្គម្ចាស់ Harry ធ្លាប់មានបន្ទូលថា ទ្រង់ព្រួយបារម្ភខ្លាចព្រះជាយារបស់ព្រះអង្គ គឺម្ចាស់ក្សត្រី Meghan នឹងក្លាយជាជនរងគ្រោះនៃ “អ្នកមានអំណាច” ដែលធ្លាប់នាំឱ្យមាតា (ម្ចាស់ក្សត្រី Diana) របស់ទ្រង់បាត់បង់ព្រះជន្មកាលពីអតីតកាល៕
ប្រភព៖ សារព័ត៌មានបរទេស