បច្ចុប្បន្ននេះ កម្ពុជាជាប្រទេសដែលមានដីទំនេរច្រើនជាពិសេសនៅតំបន់ជនបទ ហើយស្របជាមួយគ្នានេះដែរ យើងឃើញថាតំបន់ទាំងអស់នោះពេលខ្លះជាតំបន់ដែលមានសក្តានុពលទេសចរណ៍ គ្រាន់តែប្រជាជនមិនទាន់មានសមត្ថភាពក្នុងការកែច្នៃតំបន់នោះឱ្យក្លាយជាតំបន់ស្រស់ស្អាត និងទាញប្រយោជន៍បានយូរអង្វែងតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា កម្ពុជាជាប្រទេសដែលមានសក្តានុពលផ្នែកទេសចរណ៍ ទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ។
នៅទូទាំងប្រទេស មានតំបន់អេកូទេសចរណ៍ជាច្រើនដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យចាប់អារម្មណ៍ ព្រោះយើងមានតំបន់ជាច្រើនដែលមានលក្ខណៈអស្ចារ្យពីធម្មជាតិ ដូចជាមានតំបន់អភិរក្សសត្វស្លាប តំបន់ភ្នំតំបន់គម្របព្រៃឈើ និងតំបន់អេកូទេសចរណ៍ជាច្រើនផ្សេងទៀតដែលស្ថិតនៅពេញផ្ទៃប្រទេស តែអ្វីដែលជាបញ្ហាគឺតំបន់ខ្លះមិនទាន់មានមនុស្សទៅដល់ និងកន្លែងខ្លះទៀតមិនទាន់បានអភិវឌ្ឍឱ្យក្លាយជាតំបន់ទេសចរណ៍នៅឡើយ។
ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា៖“នៅទូទាំងប្រទេសយើងមានតំបន់ជាច្រើនដែលអាចកែច្នៃឱ្យក្លាយជាតំបន់ទេសចរណ៍ ជាពិសេសទេសចរណ៍សហគមន៍ ដោយសារតែយើងមិនទាន់មានធនធានគ្រប់គ្រាន់ ឬមិនទាន់មានអ្នកផ្តួចផ្តើមគំនិតច្រើនដើម្បីកែច្នៃតំបន់នានា ឬសហគមន៍របស់គាត់ឱ្យក្លាយជាតំបន់ទេសចរណ៍។
ទោះជាយ៉ាងនេះក្តី ក្រសួងទេសចរណ៍ ក៏បានខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យមានការបណ្តុះបណ្តាល ទាំងការបណ្តុះបណ្តាលក្នុងគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលនៅសហគមន៍ផ្ទាល់ដើម្បីឱ្យពួកគេមានចំណេះដឹងក្នុងការរៀបចំតំបន់របស់ខ្លួនឱ្យក្លាយជាតំបន់ទេសចរណ៍”។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការកែច្នៃតំបន់នានាឱ្យទៅជាតំបន់ទេសចរណ៍នៅតាមជនបទ ជាវិធីល្អមួយក្នុងការជំរុញឱ្យប្រជាជនចេះថែរក្សាធនធានធម្មជាតិក្នុងតំបន់របស់ខ្លួន និងចេះប្រើប្រាស់ដីទំនេររបស់ខ្លួនដើម្បីបម្រើឱ្យផលប្រយោជន៍ទេសចរណ៍។
មានតំបន់ខ្លះគេបង្កើតជាសួនបន្លែ ខណៈកន្លែងខ្លះទៀតគេក៏បានបង្កើតជាកសិដ្ឋាននានាដើម្បីប្រមូលផលផ្គត់ផ្គង់ឱ្យភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់របស់ពួកគាត់ដែលធ្វើឱ្យគាត់ទទួលបានចំណូលជាប់ជាប្រចាំ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ពត សុផល ស្ថាបនិកអង្គការអភិវឌ្ឍមូលដ្ឋាន (OBT) បានលើកឡើងថា ទេសចរណ៍ជាផ្នែកយ៉ាងសំខាន់ដែលអាចជំរុញឱ្យតំបន់ជនបទអភិវឌ្ឍបានលឿន និងប្រកបដោយភាពស្រស់ស្អាត។
នៅពេលតំបន់ ឬសហគមន៍មួយត្រូវបានគេកែច្នៃឱ្យក្លាយជាតំបន់ទេសចរណ៍ ប្រជាជននៅតំបន់ទាំងអស់នោះនឹងទទួលផលទាំងអស់គ្នា ទាំងការអប់រំ បញ្ហាជីវភាព និងការ-ទំនាក់ទំនងជាដើម។
ប្រជាជនដែលមានពេលទំនេរច្រើនដោយសារតែជីវភាពពឹងផ្អែកទាំងស្រុងលើកសិកម្ម ក៏ចាប់ផ្តើមមានភាពមមាញឹកដោយសារតែគាត់អាចធ្វើការងារនៅក្នុងតំបន់របស់គាត់ ឬប្រើប្រាស់ធនធានដែលមានស្រាប់ដើម្បីទទួលបានផលប្រយោជន៍ពីទេសចរណ៍ផងដែរ។
លោក ពត សុផល បាននិយាយថា៖ “នៅតំបន់ជនបទ មាននៅសល់ដីទំនេរច្រើន ហេតុនេះប្រសិនបើប្រជាជនចាប់ផ្តើមប្រមូលផ្តុំគ្នាកែច្នៃតំបន់ទាំងអស់នោះឱ្យទៅជាតំបន់ទេសចរណ៍ នោះយើងនឹងអាចទទួលបានផលយូរអង្វែង”។
លោកសុផល បានបន្ថែមទៀតថា ថ្មីៗនេះមានគំរូល្អជាច្រើនដែលបានចាប់ផ្តើមបង្ហាញឱ្យឃើញពីសក្តានុពលនៃការកែច្នៃដីទំនេរឱ្យក្លាយជាតំបន់កម្សាន្តនៅតាមខេត្តនានានៅទូទាំងប្រទេស។
មានតំបន់ខ្លះគេប្រើប្រាស់ដីកសិកម្ម ឬដីក្នុងសហគមន៍ដើម្បីដាំផ្កាសម្រាប់លក់ផង និងដាំសម្រាប់តាំងលម្អផងដែលអាចធ្វើឱ្យអ្នកខាងក្រៅចាប់អារម្មណ៍ហើយទៅកម្សាន្ត ស្របពេលដែលសហគមន៍ខ្លះទៀតគាត់ចាប់ផ្តើមបង្កើតសួនបន្លែ និងរៀបចំតំបន់ណាមួយដែលនៅជិតតំបន់ទេសចរណ៍ដើម្បីភ្ជាប់ខ្សែទស្សនកិច្ចទេសចរណ៍ ឬភ្ជាប់តំបន់ទេសចរណ៍ធំៗមកសហគមន៍របស់ខ្លួន។ ជាឧទាហរណ៍ ប្រសិនបើតំបន់មួយមានទឹកធ្លាក់ ឬមានទេសចរណ៍ធំៗ
ណាមួយនៅក្នុងខេត្ត យើងអាចបង្កើតកូនតំបន់ទេសចរណ៍ប្លែកតូចមួយនៅក្នុងសហគមន៍ដែលនៅក្បែរនោះ។ នៅពេលភ្ញៀវមកលេងតំបន់ទេសចរណ៍ធំៗ គេអាចនឹងឆៀងចូលទទួលទានអាហារ ឬមកថតរូបកម្សាន្តនៅសហគមន៍របស់យើង ដោយសារតែចម្ងាយនៅជិតគ្នាជាដើម។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកដែលកំពុងធ្វើការងារ ឬកំពុងរស់នៅទីក្រុងកំពុងមាននិន្នាការមួយចង់សម្រាកកម្សាន្តជាមួយតំបន់ដែលមានបន្លែស្រស់ល្អ គ្មានជាតិគីមី ឬចង់មានចម្ការផ្ទាល់ខ្លួនជាដើម តែមិនមានអ្នកមើលថែ។
ហេតុនេះការបង្កើតសហគមន៍ទេសចរណ៍ ដោយបន្ថែមចម្ការបន្លែ ឬផ្គត់ផ្គង់ផលិតផលកសិកម្មល្អៗអាចនឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីប្រជាជនដែលកំពុងមានតម្រូវការខ្ពស់នូវបន្លែធម្មជាតិ ស្របពេលដែលពួកគេកំពុងព្រួយបារម្ភពីបញ្ហាអាហារគីមី៕