ជាមួយនឹងសន្ទស្សន៍ភាគហ៊ុនដែលបានកើនឡើងខ្ពស់បំផុតចំនួន 6លើកក្នុងរយៈពេល12ថ្ងៃដំបូងនៃដើមឆ្នាំនេះ S&;P 500 បានកើនតម្លៃឡើងជិត3% ចាប់ពីឈានចូលឆ្នាំ2020 ភ្លាម។
ការស្ទង់មតិមួយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ពលរដ្ឋអាមេរិកដែលមានប្រាក់យ៉ាងតិច1លានដុល្លារក្នុងគណនីជំនួញជើងសា និងការជួញដូរមូលបត្រដោយខ្លួនឯង មានជំនឿទៅលើសេដ្ឋកិច្ច និងមូលបត្រអាមេរិក។ កាលពីត្រីមាសចុងឆ្នាំ2019 ប្រការនេះមិនបានកើតមានឡើងទេ។
កាលណោះ សូម្បីតែមូលបត្របានកើនតម្លៃឡើងក៏ដោយ ក៏ក្រុមអ្នកមានប្រាក់នៅតែមានការប្រុងប្រយ័ត្ន និងបារម្ភពីការដាំក្បាលចុះនៃតម្លៃមូលបត្រ។ ប៉ុន្តែបច្ចុប្បន្ន យោងតាមការស្ទង់មតិរបស់ E-Trade Financial ធ្វើឱ្យគេមើលឃើញថា សេដ្ឋី និងអ្នកមានប្រាក់នៅអាមេរិកដល់ទៅ76% វាយតម្លៃខ្ពស់ទៅលើសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ក្រុមវិនិយោគិនអាមេរិកយល់ថា ទីផ្សារនឹងកើនឡើងបន្ថែម 5% ទៀតក្នុងត្រីមាសទី1 ឆ្នាំនេះ ហើយវាក៏នឹងមានកំណើនបន្ថែម16% ទៀតនៅក្នុងត្រីមាសបន្ទាប់។
ការព្រួយបារម្ភអំពីការថមថយនៃសេដ្ឋកិច្ចពិភពលោក និងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ពេលនេះលែងប៉ះពាល់ខ្លាំងដល់អ្នកវិនិយោគទៀតហើយ។
អគ្គនាយករងនៃក្រុមហ៊ុន E-Trade លោក Mike Loewengart បានឱ្យដឹងថា៖ “ក្រុមអ្នកវិនិយោគកំពុងមានជំនឿចិត្តក្នុងអំឡុងពេលនេះ។ ក្រុមអ្នកវិនិយោគចង់ក្លាយជាផ្នែកមួយនៃការរីកចម្រើនដែលកំពុងកើតឡើងនេះដែរ”។
មានមូលហេតុជាច្រើនផ្សេងទៀតដែលធ្វើឱ្យអ្នកវិនិយោគមានការសប្បាយចិត្ត និងធូរស្រាលក្នុងអារម្មណ៍។ ឆ្នាំនេះ ជាឆ្នាំដែលអាមេរិកត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតី វាអាចមានការប្រែប្រួលច្រើន ប៉ុន្តែប្រការនេះក៏នឹងធ្វើឱ្យនាយកដ្ឋានបម្រុងនៃសហរដ្ឋអាមេរិក (Fed) ប្រឹងប្រែងដើម្បីឈរនៅក្រៅឆាកនយោបាយ ដូច្នេះ Fed នឹងមានសកម្មភាពសមស្របក្នុងឆ្នាំនេះ ខណៈដែលសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនបានថយកម្ដៅចុះច្រើន។ ក្រៅពីនេះ ស្ថានភាពទីផ្សារការងារក៏ល្អ ហើយតួលេខនៃការប្រើប្រាស់ផលិតផលក៏ប្រសើរជាងមុន។ ទាំងអស់នេះបាននិងកំពុងបើកឱកាសល្អសម្រាប់ទីផ្សារមូលបត្រ។
តែយ៉ាងណាក៏ដោយ គេក៏មើលឃើញមូលហេតុដែលនាំឱ្យមានការប្រុងប្រយ័ត្នដែរ។ មហាសេដ្ឋី Tepper បានប្រាប់សារព័ត៌មាន CNBC ថា ទីផ្សារនឹងប្រែប្រួលខ្លាំង រហូតសូម្បីតែខ្ញុំក៏ត្រូវបន្ថយល្បឿន និងចាកចេញដែរ។ S&;P 500 មិនត្រូវបានគេកំណត់តម្លៃថ្លៃបែបនេះ ចាប់តាំងពីឆ្នាំ 2002មក។ កាលពីឆ្នាំទៅ ការកើនតម្លៃរបស់វា គឺដោយសារការកំណត់តម្លៃខ្ពស់ ពោលគឺមិនមែនប្រសិទ្ធភាពនៃជំនួញត្រូវបានកែលម្អនោះឡើយ។
សាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុ លោក Jeremy Siegel បានថ្លែងថា៖ “ក្នុងអំឡុងពេលនេះ ខ្ញុំមិនទាន់បានឃើញអ្នកណាមួយមានចំណូលប្រកបដោយអត្ថន័យដូចខាងលើនៅឡើយ”។ លោកបន្តថា ទីផ្សារកំពុងធ្វើដំណើរនៅលើផ្លូវដែលងាយរងរបួស បើសិនគេលក់ចេញ 10% នៃមូលបត្រដែលកំពុងកាន់កាប់។
យោងតាមអ្នកវិភាគ បច្ចុប្បន្នបច្ចេកវិទ្យា និងការថែទាំផ្នែកសុខាភិបាល នៅតែជាវិស័យដែលត្រូវបានគេវាយតម្លៃថា មានសក្ដានុពលជាងគេ។ តាមការស្ទង់មតិរបស់ E-Trade ក៏បានបង្ហាញដែរថា អ្នកវិនិយោគក៏មានការជឿជាក់ជាងមុនទៅលើមូលបត្រអន្តរជាតិ ដែលកាលពីឆ្នាំទៅ វាមិនត្រូវបានគេយកចិត្តទុកដាក់ឡើយ។ សេដ្ឋីអាមេរិកជាច្រើននាក់បានឱ្យដឹងថា មូលបត្របរទេស បានទាក់ទាញពួកគេក្នុងត្រីមាសនេះ បន្ទាប់ពីវាបានកើនឡើង 29% ក្នុងត្រីមាសទី4 ឆ្នាំ2019៕
ប្រភព៖ សារព័ត៌មានបរទេស