សារព័ត៌មានកម្សាន្តល្បីឈ្មោះរបស់កូរ៉េមួយបានចេញផ្សាយថា តារាសម្ដែងប្រុស Song Joong Ki និងគូស្នេហ៍ Song HyeKyo បានរៀបចំពិធីភ្ជាប់ពាក្យយ៉ាងស្ងាត់ៗមួយនៅក្នុងភោជនីយដ្ឋានជប៉ុនដែលមានការជ្រោមជ្រែងពីមិត្តភ័ក្ដិ និងបុគ្គលិករួមក្រុមហ៊ុនរបស់ពួកគេ។
ប្រភពព័ត៌មានដែលបានទម្លាយចេញនោះ គឺបុគ្គលិករបស់ភោជនីយដ្ឋានជប៉ុនមួយនោះដែលបានអះអាងថា គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះបានរៀបចំពិធីភ្ជាប់ពាក្យដ៏ធំមួយ តែស្ងាត់ស្ងៀមបំផុតនៅទីនោះ។ “មានភ្ញៀវចូលរួមប្រហែលជា 30 នាក់ប៉ុណ្ណោះដែលសុទ្ធតែជាបុគ្គលិកក្រុមហ៊ុន ហើយពួកគេបានរៀបចំពិធីភ្ជាប់ពាក្យនៅក្នុងពិធីជប់លៀងនោះតែម្ដង” បុគ្គលិករបស់ភោជនីយដ្ឋានជប៉ុនមួយនោះបញ្ជាក់បន្ថែម។
គូស្នេហ៍មួយគូនេះបានក្លាយជាទីចាប់អារម្មណ៍ចង់ដឹង ចង់ឮរបស់ប្រិយមិត្តទស្សនិកជនជាច្រើននាក់ ហើយពូកគេប្រៀបដូចជាបុប្ផាដែលកំពុងក្រពុំពេញសម្រស់មានក្លិនក្រអូបក្នុងការទាក់ទាញអ្នកគាំទ្រឱ្យកាន់តែស្រឡាញ់ពួកគេខ្លាំងឡើងដូច្នោះដែរ។ បុគ្គលិករបស់ភោជនីយដ្ឋានជប៉ុននោះ ក៏បានបន្ថែមទៀតផងដែរថា “នៅពេលដែលតួប្រុសជូនបាច់ផ្កាទៅគូស្នេហ៍ អ្នករាល់គ្នាហាក់បីដូចជារំភើប និងចូលរួមសប្បាយរីករាយជំនួសតួស្រីទៀតផង។ វ៉ាវ….ពិតជារូមែនទិកមែន!”៕