បន្ទាប់ពីការបង្កឱ្យមានរបួសណាមួយមិនថាតិច ឬច្រើននោះទេ គឺតែងតែបន្សល់ទុកនូវក្តីបារម្ភជានិច្ចសម្រាប់អ្នកដែលស្រឡាញ់ភាពរលោងស្រស់ស្អាតនៃស្បែក ជាពិសេសគឺនារីៗតែម្តង។ ជាការពិតស្លាកស្នាមខ្លះ វាពិតជាមិនអាច គេចផុតពិតមែន ប៉ុន្តែបើអ្នកចេះថែរក្សា និងអនុវត្តតាមការណែនាំល្អៗនោះ ស្នាមដែលត្រូវកើតមាននៅលើស្បែក ប្រហែលជាអាចត្រូវបានកាត់បន្ថយខ្លះក៏ថាបានដែរ។ ទុកក្តីបារម្ភត្រង់នេះសិន រួចងាកមកអានពីវិធីល្អៗដែលអាចជួយអ្នកក្នុងការធ្វើយ៉ាងណាឱ្យស្នាមដែលសេសសល់នៅលើស្បែកបន្ទាប់ពីរបួសជាសះស្បើយមានតិចបំផុត។
កុំយកដៃប៉ះរបួស : ដៃជាផ្នែកមួយនៃរាងកាយដែលបានប៉ះពាល់ជាមួយនឹងបាក់តេរីជាច្រើនប្រភេទ ហេតុដូច្នេះវាពិតជាចៀសមិនផុតទេដែលថាដៃរបស់អ្នកជាកន្លែងដែលមានមេរោគច្រើន ហើយបើអ្នកយកដៃទៅប៉ះត្រង់កន្លែងដែលមានរបួសនោះ បាក់តេរីដែលនៅជាប់ដៃរបស់អ្នកនឹងឆ្លងទៅកាន់របួសនោះ វាអាចធ្វើឱ្យរបួសមិនងាយជា ឬរីកកាន់តែធំឡើង ដូច្នេះវិធីល្អបំផុតគឺព្យាយាមកុំយកដៃទៅប៉ះរបួសនោះ ដើម្បីជួយឱ្យមុខរបួសមិនឆ្លង និងឆាប់ដុះស្បែកថ្មី។
ឱ្យរបួសត្រូវខ្យល់ខ្លះនាពេលយប់ : ដោយសារតែខ្លាចថាមេរោគផ្សេងៗនឹងចូលទៅក្នុងរបួស ហេតុនេះហើយបានជាពេលថ្ងៃអ្នកត្រូវការពារវាដោយការរុំដោយបង់រុំរបួសស្អាតមានអនាម័យ ប៉ុន្តែបើពេលយប់មកដល់កាលណា អ្នកគួរតែស្រាយបង់រុំរបួសនោះចេញ ហើយជូតសម្អាតវាឱ្យបានស្អាត ការធ្វើបែបនេះនឹងធ្វើឱ្យរបួសឆាប់ជា និងកាត់បន្ថយស្លាកស្នាមបានទៀតផង។
សំណើម : ការផ្តល់សំណើមដល់ស្បែកតាមរយៈការប្រើសំឡីកប្បាសជ្រលក់ជាមួយទឹកបន្តិច និងធ្វើឱ្យស្បែកថ្មីលូតលាស់បានកាន់តែលឿនឡើង។
សម្អាតមុខរបួស : ការសម្អាតមុខរបួសឱ្យបានស្អាតគឺជារឿងចាំបាច់ដែលអ្នកត្រូវតែធ្វើ ព្រោះវិធីនេះមិនត្រឹមតែជាការជួយឱ្យរបួសឆាប់ជាប៉ុណ្ណោះទេ តែវាក៏មានសមត្ថភាពក្នុងការជួយធ្វើឱ្យស្នាមនៅសល់តិចជាងមុនផងដែរ។
វីតាមីនE : វាជាធាតុផ្សំដ៏សំខាន់មួយដែលគេតែងយកមកប្រើនៅក្នុងគ្រឿងសម្អាង ដើម្បីធ្វើឱ្យស្បែករលោងស្អាត និងកម្ចាត់ស្លាកស្នាម។វីតាមីនE អាចជួយឱ្យរបួសឆាប់ជាសះស្បើយ ជួយបង្កើតកោសិកាថ្មី ទប់ស្កាត់នឹងការកើតឡើងនៃស្នាមលើស្បែក។ ការម៉ាស្សាប្រើវីតាមីនE នៅលើស្បែក(បន្ទាប់ពីជារបួស) ជាវិធីល្អមួយទៀតដែលអ្នកគួរធ្វើ ដើម្បីកាត់បន្ថយស្នាមសន្លាក៕