តារាម៉ូដែលល្បីឈ្មោះ Jessica Hart បានចេញមកអះអាងថា នាងកំពុងមានសេ្នហាជាមួយនឹងមហាសេដ្ឋីបារាំងមួយរូបមានឈ្មោះថា Stavros Niarchos III។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail Australia នៅព្រឹកថ្ងៃពុធនេះ ដែលបានឱ្យដឹងថា តារាម៉ូដែលស្រីវ័យ 31 ឆ្នាំរូបនេះបានប្រាប់ពីអារម្មណ៍ពិតរបស់នាងថា តាំងពីដើមមក នាងមិនដែលមានសេចក្ដីសុខដូចពេលដែលបានទាក់ទងជាមួយកំលោះមហាសេដ្ឋីបារាំងនៅក្នុងគ្រានេះឡើយ។
“ចា៎! ពិតមែនហើយ នាងខ្ញុំសូមអះអាងថា ទំនាក់ទំនងស្នេហាមួយនេះបានកើតចេញពីទំនាក់ទំនងមិត្តភាពមួយ ដែល Jessica នាងមិនធ្លាប់ទទួលបានសេចក្ដីសុខពីមុនមកដូចពេលនេះឡើយ” នេះបើតាមសម្ដីមិត្តជិតស្និទ្ធរបស់តារាម៉ូដែល Jessica។ គូស្នេហ៍មួយគូនេះមានទំនាក់ទំនងស្នេហ៍អស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ពួកគេក៏ជិតឈានទៅដល់ដំណាក់កាលភ្ជាប់ពាក្យផងដែរ។ កាលពីឆ្នាំ 2014 មានដំណឹងចចាមអារ៉ាមមកថា ការចំណេញក្នុងមុខជំនួញរបស់មហាសេដ្ឋីកំលោះរូបនេះ គឺជាពរជ័យនៃការរៀបអាពាហ៍ពិពាហ៍របស់ពួកគេនាថ្ងៃអនាគត ក៏ប៉ុន្ដែអស់រយៈពេលជាង 3 ឆ្នាំមកហើយនៅមិនទាន់មិនដំណឹងពីរឿងរៀបការនៅឡើយទេ។
បើទោះបីជាយ៉ាងណាក៏ដោយ ការទស្សន៍ទាយពីពិធីរៀបមង្គលការរបស់តារាម៉ូដែលស្រី Jessica Hart និងកំលោះមហាសេដ្ឋីបារាំង Stavros Niarchos III កាលពីខែមេសាកន្លងទៅនេះបានបរាជ័យម្ដងរួចមកហើយ ព្រោះតែមានសារព័ត៌មានមួយបានចេញផ្សាយថា តារាស្រីរូបនេះកំពុងខូចចិត្តដោយសារតែការបែកបាក់ស្នេហាជាមួយសង្សារនាង ហើយនាងបានបំផ្លាញវត្ថុអនុស្សារីយជាច្រើនចោលទៀតផង ក៏ប៉ុន្ដែនៅពេលដែលទំនាក់ទំនងស្នេហានេះបានបើកចំហជាសាធារណៈ នាងក៏ចេញមុខមកប្រកាសថា ខ្លួនសប្បាយចិត្តបំផុតនៅពេលទាក់ទងជាមួយ Stavros Niarchos III៕