អ្នកវិទ្យាសាស្ដ្រ 1ក្រុមបានរកឃើញវិធីកែច្នៃ ឬអភិវឌ្ឍន៍ “បេតុងរស់” ដែលល្អសម្រាប់បរិស្ថាន ដោយការលាយបញ្ចូលគ្នារវាងខ្សាច់ ហាយដ្រូជែល (hydrogel) និងបាក់តេរី ដើម្បីបង្កើតបានជាវត្ថុធាតុរឹង និងអាចប្រើប្រាស់បានក្នុងការសាងសង់ដូចគ្នានឹងស៊ីម៉ងត៍ដែរ។
វត្ថុធាតុថ្មីនេះ មានផ្ទុកសារាយបុរាណមួយប្រភេទដែលវិវឌ្ឍជាលើកដំបូងនៅលើផែនដីកាលពី 3.5ពាន់លានឆ្នាំមុន ហើយសារាយនេះស្រូបយកថាមពលព្រះអាទិត្យធ្វើជាអាហារ។ ដោយសារសារាយនេះហើយ ទើបវត្ថុធាតុថ្មីនេះអាចប៉ះភ្ជិតកន្លែងប្រេះដាច់បានដោយស្វ័យប្រវត្តិ ហើយវាក៏បញ្ចេញឧស្ម័នកាបូនតិចជាងបេតុងបច្ចុប្បន្នទៀតផង។ នេះបើតាមការប្រកាសឱ្យដឹងរបស់ក្រុមអ្នកវិទ្យាសាស្ដ្រនៅសកលវិទ្យាល័យ Colorado Boulder កាលពីថ្ងៃទី15 មករាកន្លងទៅថ្មីៗនេះ។
ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយបណ្ឌិត Vil Sruber ដែលជាជនជាតិអាមេរិក បានឱ្យដឹងថា វត្ថុធាតុថ្មីនេះនឹងបើកផ្លូវឱ្យមានការសាងសង់ “អគាររស់” នាថ្ងៃអនាគតដ៏ខ្លីខាងមុខ ព្រោះវាមានសមត្ថភាពអាចបិទភ្ជិតកន្លែងប្រេះបែកដោយខ្លួនឯងដោយស្វ័យប្រវត្តិ និងជួយស្រូបយកជាតិពុលដែលនៅជុំវិញវាទៀតផង។ បដិវត្តន៍វិស័យសំណង់នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះឯង។ បណ្ឌិត Srubar បានបន្ថែមថា សម្ភារជីវសាស្ត្រ ដូចជាឈើ ដែលកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសព្វថ្ងៃនេះ វាជាវត្ថុធាតុ “ងាប់”។
បណ្ឌិត Srubar និងសហការី បានប្រើប្រាស់បាក់តេរី ; Cyanobacteria ជាបាក់តេរីរស់នៅក្នុងទឹកដែលមានសមត្ថភាពផលិតអាហារបានដោយខ្លួនឯង ដើម្បីបង្កើតបានជាវត្ថុធាតុរស់។
ក្រុមអ្នកស្រាវជ្រាវខាងលើ ចាប់ផ្ដើមដោយការប្រើដីខ្សាច់ និងហាយដ្រូជែល (hydrogel) ដើម្បីបង្កើតបានជាប្រព័ន្ធរន្ទាមួយសម្រាប់ឱ្យបាក់តេរីរីកចម្រើន។ ហាយដ្រូជែល មានផ្ទុកចំហាយសំណើម និងសារជាតិបំប៉នដែលអនុញ្ញាតឱ្យបាក់តេរីបង្កើតកូនចៅ និងរីកលូតលាស់ដូចគ្នានឹងដំណើរការនៃការរីកចម្រើនរបស់សម្បកខ្យងនៅក្នុងបាតសមុទ្រដែរ។ បាក់តេរីនៅក្នុងវត្ថុធាតុខាងលើ ស្រូបយកឧស្ម័នកាបូនឌីអុកស៊ីតក្នុងបរិយាកាស និងបង្កើតកាល់ស្យូមកាបូណាត ដែលជាសារធាតុចម្បងរបស់ស៊ីម៉ងត៍។
ស៊ីម៉ងត៍ គឺជាវត្ថុធាតុសម្រាប់សំណង់ដែលត្រូវបានគេប្រើច្រើនបំផុតលំដាប់ទី2 នៅលើផែនដីបន្ទាប់ពីទឹក។ បើគិតដោយឡែកតែលើវិស័យផលិតស៊ីម៉ងត៍ គេរកឃើញថា វាបានបញ្ចេញឧស្ម័ន CO2 ដល់ទៅ 6% ទៅក្នុងបរិយាកាស។ របកគំហើញថ្មីនេះគឹជាវិធីសាស្ដ្រដ៏អស្ចារ្យបំផុតដើម្បីដោះស្រាយបញ្ហានេះ។
ដុំឥដ្ឋហាយដ្រូជែល ក៏មានសមត្ថភាពបង្កើតកូនចៅរបស់វាបានដែរ។ នៅពេលគេកាត់ដុំឥដ្ឋជា 2កំណាត់ បាក់តេរីក្នុងឥដ្ឋនោះអាចរីកលូតលាស់ទៅជាឥដ្ឋចំនួន 2ដុំដែលមានរូបរាងដូចដើម ដោយគ្រាន់តែបន្ថែមខ្សាច់ ហាយដ្រូជែល និងជាតិបំប៉នបន្តិចប៉ុណ្ណោះ។ ជំនួសឱ្យការផលិតឥដ្ឋម្ដង 1ដុំៗ ក្រុមរបស់បណ្ឌិត Srubar បានបញ្ជាក់ថា ដុំឥដ្ឋមេ 1ដុំ អាចបង្កើតដុំឥដ្ឋកូនដល់ទៅ 8ដុំ បន្ទាប់ពីឆ្លងកាត់ 3ជំនាន់។
ក្រុមអ្នកវិទ្យាសាស្ដ្រខាងលើបានឱ្យដឹងថា ការសិក្សាស្រាវជ្រាវនេះកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ និងនៅមានឧបសគ្គមួយចំនួនទៀតដែលត្រូវដោះស្រាយ។ បញ្ហាធំបំផុតនោះគឹ ដុំឥដ្ឋត្រូវតែស្ងួតទាំងស្រុង ដើម្បីបង្កើនគុណភាពដល់កម្រិតខ្ពស់បំផុត ប៉ុន្តែប្រការនេះបែរជាធ្វើឱ្យមានសម្ពាធទៅលើបាក់តេរី និងកាត់បន្ថយលទ្ធភាពនៃការរក្សាជីវិតរបស់ពួកវា។ ដើម្បីរក្សាជីវិតរបស់បាក់តេរីក្នុងដុំឥដ្ឋ គេត្រូវរក្សាសំណើម និងកម្ដៅឱ្យបានត្រឹមត្រូវ។ ក្រុមអ្នកវិទ្យាសាស្ដ្រនេះ ក៏អាចគ្រប់គ្រងដុំឥដ្ឋ ដោយអាចឱ្យវានៅស្ងៀម ឬរីកលូតលាស់ពេលណាក៏បាន ដើម្បីងាយស្រួលក្នុងការសាងសង់៕
ប្រភព៖ សារព័ត៌មានបរទេស