ចាប់តាំងពីថ្ងៃទី10 មករាមក ជនជាតិចិនរាប់ពាន់លាននាក់ បានចាប់ផ្ដើមធ្វើដំណើរពីទីក្រុង ពីកន្លែងធ្វើការ វិលត្រឡប់ទៅស្រុកកំណើត ដើម្បីជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ2020 នេះ។
ការណ៍នេះត្រូវបានចាត់ទុកថា ជាការធ្វើដំណើរវិលទៅស្រុកយ៉ាងគគ្រឹកគគ្រេងបំផុតក្នុងពិភពលោក ដោយពិធីបុណ្យ ឈុនយីន (春运) ឬបុណ្យនិទាឃរដូវ (បុណ្យចូលឆ្នាំចិន) ត្រូវបានរដ្ឋាភិបាលចិនកំណត់ឱ្យឈប់សម្រាកពីការងាររយៈពេលយូរដល់ទៅ 40ថ្ងៃ រាប់ចាប់ពីថ្ងៃទី10 មករា ដល់ថ្ងៃទី18 កុម្ភៈ ដើម្បីឱ្យពលរដ្ឋបានទៅជួបជុំក្រុមគ្រួសារ។
ចូលឆ្នាំចិនឆ្នាំនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី25 មករា ពោលគឺឆាប់ជាងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ2012 មក។ រដូវបុណ្យចូលឆ្នាំចិនក្នុងឆ្នាំនេះ បានជាន់ជាមួយនឹងរដូវនិស្សិតចាប់ផ្ដើមឈប់សម្រាកខែរងា(វ៉ាកង) ដែលការឈប់សម្រាកនេះនឹងធ្វើឱ្យការធ្វើដំណើរកាន់តែមមាញឹកឡើង។
ទូរទស្សន៍ CNN បានសន្និដ្ឋានថា រដូវបុណ្យចូលឆ្នាំចិនឆ្នាំនេះ នឹងមានអ្នកធ្វើដំណើរទៅស្រុកកំណើត ប្រមាណជា3ពាន់លានលើក កើនឡើងបន្តិចបើធៀបនឹងកាលពីឆ្នាំទៅ (2.99ពាន់លានលើក)។ ក្នុងចំណោមនោះ នឹងមាន 2.43ពាន់លានលើក ធ្វើដំណើរតាមរថយន្ត (ថយចុះ1.2% ធៀបនឹងឆ្នាំទៅ)។ ការធ្វើដំណើរតាមរថភ្លើងនឹងមានចំនួន 440លានលើក កើនឡើង 8%។ ចំណែកការធ្វើដំណើរតាមយន្តហោះ នឹងមាន 79លានលើក (កើន8.4%) ហើយ 45លានលើក នឹងធ្វើដំណើរតាមជើងទឹក (កើន9.6%)។
ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលចិន បានព្យាករថា អាកាសយានដ្ឋានអន្តរជាតិ “ប៉េកាំង ដាក់ស៊ិង” (Beijing Daxing International Airport) នឹងដឹកអ្នកដំណើរ 190លាននាក់ក្នុងអំឡុងរដូវបុណ្យចូលឆ្នាំចិន ដែលច្រើនជាង15% ធៀបនឹងពេលវេលាធម្មតា។
ព្រលានយន្តនានាទូទាំងប្រទេសចិន ក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការហោះហើរ 17ពាន់ជើងជារៀងរាល់ថ្ងៃ ក្នុងរដូវចូលឆ្នាំនេះ (កើនឡើង13.3% បើធៀបទៅនឹងឆ្នាំមុន)៕
ប្រភព៖ សារព័ត៌មានបរទេស