ក្រុមហ៊ុនផលិតភាពយន្តតុក្កតា Disney នៅតែបន្ដពុះពារស្វែងរកតារាសម្ដែងជាតួអង្គ Aladdin នៅក្នុងខ្សែភាពយន្ដរឿងព្រេងនិទាន Aladdin ដែលផលិតសាជាថ្មីមិនមែនតុក្កតា។
ក្រុមការងារ Studio និង អ្នកដឹកនាំរឿងលោក Guy Ritchie បានពន្យារការចាប់ផ្តើមថតបន្ទាប់ពីបានធ្វើតេស្ដសាកល្បងតួសម្ដែងអស់ជាង 100 ដងមកហើយ នៅតែបរាជ័យក្នុងការស្វែងរកតារាសម្ដែងដែលមានអត្តចរិតដូចតួអង្គ Aladdin ល្អឥតខ្ចោះ ព្រមទាំងជាក្មេងកំព្រាដែលមានភាពឆ្លាតវៃផងដែរ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Hollywood Reporter។
គួរបញ្ជាក់ផងដែរថា ក្រុមការងារ Studio មានគម្រោងនាំតារាប្រុសមួយរូបដែលគេជឿជាក់ថាអាចសម្ដែងបាន ព្រមទាំងអាចច្រៀង និងបង្ហាញទស្សនីយភាពរស់រវើកតាមរយៈកាយវិការរបស់គេមកធ្វើតេស្តសាកល្បងក្នុងការងារធំមួយនេះដោយសារបុរសម្នាក់នោះមានប្រភពមកពីតំបន់មជ្ឈិមបូព៌ា និងមានខ្សែលោហិតជាជនជាតិឥណ្ឌាទៀតផង តែប្រភពព័ត៌មានផ្ទៃក្នុងមួយបាននិយាយថា ក្រុមការងារ Studio បានចាប់អារម្មណ៍ទៅលើតារាពីររូបដែលមានវ័យ 27 ឆ្នាំដូចគ្នាគឺ Dev Patel និង Riz Ahmed ក៏ប៉ុន្ដែពួកគេមើលទៅទំនងជាតារាទើបតែរះថ្មីតែប៉ុណ្ណោះ។
អ្នកដឹកនាំការធ្វើតេស្ដតួសម្ដែង Randi Hiller បានបញ្ចេញតារាងធ្វើតេស្ដតួសម្ដែងដែលបានបរាជ័យក្នុងការងារនេះកន្លងមកដែលមានតារាសម្ដែងរហូតដល់ទៅ 2000 រូបឯណោះដែលបានធ្លាក់ពីការសម្ដែងជាតួអង្គ Jasmine និង Aladdinនេះ ហើយក្ដីបារម្ភចុងក្រោយរបស់ក្រុមហ៊ុនគឺ ការផលិតខ្សែភាពយន្តនេះជិតដល់ពេលវេលាដែលបានកំណត់ទុកហើយ គឺចុងខែកក្កដានេះឯង ដូច្នេះការបរាជ័យក្នុងការជ្រើសរើសតួសម្ដែងអាចនឹងធ្វើឱ្យក្រុមហ៊ុន Disney ជួបនឹងហានិភ័យធំមួយ៕