មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានប្រភពព័ត៌មានមួយបានបង្ហាញពីយន្តហោះដ្រូន 1គ្រឿងមានលេខសម្គាល់ 1701002 មានតួខ្លួនប្រវែង 5ម៉ែត្រ និងស្លាបវែងរហូតដល់ទៅ 9ម៉ែត្របានធ្លាក់នៅក្នុងភូមិសាស្ត្រ ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី16 ខែមករា ឆ្នាំ2020 ម្សិលមិញ។
លោកឧត្តមសេនីយ៍ទោ សំ ឃិនវៀន ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងពិនិត្យមើលជាក់ស្តែងថា វាជាកម្មសិទ្ធិរបស់អ្នកណា? ដោយលោកបានបញ្ជាក់ទៀតថា នៅក្នុងតំបន់នោះ មានក្រុមហ៊ុនមួយឈ្មោះ Union development កំពុងដំណើរអាជីវកម្មរបស់ពួកគេ ប៉ុន្តែលទ្ធផលយ៉ាងណានោះ សមត្ថកិច្ចនៅរង់ចាំការសហការគ្នារវាងសមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃ អាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធដើម្បីរួមគ្នាស្រាវជ្រាវរកម្ចាស់ជាបន្ត៕