ភ្នំពេញ៖ បច្ចុប្បន្នគេសង្កេតឃើញថា នៅលើទីផ្សារក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនមួយចំនួនជាឈ្មោះដែលទិញ Franchise ពីបរទេសយកមកធ្វើអាជីវកម្មបន្តដើម្បីស្វែងរកការគាំទ្រពីអតិថិជន។ ប៉ុន្តែយ៉ាងណាមិញកូនខ្មែរមួយរូបបានបង្កើតក្រុមហ៊ុនប្រកបដោយគុណភាពខ្ពស់រួមនឹងសេវាកម្មល្អផងនោះបានធ្វើឱ្យបរទេសចាប់អារម្មណ៍ ហើយទិញ (Franchise) យកទៅបើកធ្វើអាជីវកម្មបន្តនៅប្រទេសរបស់ខ្លួន។
លោក សួរ ឌែនី ម្ចាស់ហាង Car Lover ដែលមានទីតាំងនៅលើផ្លូវលេខ122 ខាងក្រោយហាងនំបុ័ង (Tous Les Jour) ដែលផ្តល់សេវាកម្មខាងផ្នែកឡើងស៊េរីរថយន្ត ដាក់គជ់ក្នុងចង្កៀងរថយន្តឱ្យថ្មី និងភ្លឺ ក៏ដូចជាផ្គត់ផ្គង់គ្រឿងបន្លាស់ឡានជាច្រើនទៀតបានឱ្យដឹងថា កាលពីចុងសប្តាហ៍មុននេះលោកបានចុះកិច្ចសន្យាលក់ Franchise ឱ្យទៅវិនិយោគិនវៀតណាមដើម្បីយកទៅធ្វើអាជីវកម្មបន្តនៅប្រទេសរបស់គេ។ សហគ្រិនវ័យក្មេងរូបនេះបន្តថា អ្វីដែលធ្វើឱ្យវិនិយោគិនបរទេសសម្រេចចិត្តទិញ Franchise ពីក្រុមហ៊ុនរបស់លោកយកទៅធ្វើអាជីវកម្មបន្តនេះគឺដោយសារ តែក្រុមហ៊ុនរបស់លោកផ្គត់ផ្គង់សម្ភារជាគ្រឿងបន្លាស់រថយន្តប្រកបដោយគុណភាពខ្ពស់នាំចូលពីក្រុមហ៊ុនដើមដែលមានមូលដ្ឋាននៅប្រទេសចិន អាមេរិក ជប៉ុន អាល្លឺម៉ង់ និងសហគមន៍អឺរ៉ុបជាដើម។
ក្រៅពីផ្តល់ជូននូវគ្រឿងបន្លាស់គុណភាពហើយ ហាងរបស់លោកក៏មានជាងបម្រើសេវាកម្មប្តូរគ្រឿងបន្លាស់ប្រកបដោយជំនាញខ្ពស់ ដែលសុទ្ធតែធ្លាប់បានទៅផ្លាស់ប្តូរបទពិសោធ ក៏ដូចជាបានទៅសិក្សាជំនាញផ្ទាល់ពីក្រុមហ៊ុនដើម ជាពិសេសប្រទេសថៃ និងប្រទេសចិនដែលធ្វើឱ្យអតិថិជនមានជំនឿទុកចិត្ត ហើយមកទទួលយកសេវាកម្មក្នុងហាងរបស់លោកមានចំនួនកាន់តែច្រើនឡើងៗពីមួយខែទៅមួយខែ។
លោកមានប្រសាសន៍ថា «ការដាក់គជ់ចង្កៀងនេះគឺដើម្បីឱ្យចង្កៀងស្អាត បំភ្លឺផ្លូវពេលយប់បានច្បាស់ល្អ ហើយការកែចង្កៀងនេះសុទ្ធតែធ្វើឡើងទៅតាមស្តង់ដារលក្ខណៈបច្ចេកទេសដែលក្រសួងបានកំណត់ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ»។
លោកថា ហាងរបស់លោកបានចាប់ដំណើរការតាំងពីឆ្នាំ2013មក ដោយសារតែលោកសង្កេតឃើញថា ការផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តនៅក្នុងទីក្រុងកាលណោះភាគច្រើនមិនសូវមានគុណភាពស្តង់ដារគួរឱ្យទុកចិត្តបាននោះទេ ហើយតម្លៃក៏គ្មានការកំណត់ច្បាស់លាស់នោះដែរ គឺអាស្រ័យទៅលើការកាត់ថ្លៃតាមមាត់របស់ម្ចាស់ហាងនីមួយៗ។
ដោយឃើញបញ្ហាអសកម្មនេះលោកបានសម្រេចចិត្តនាំចូលគ្រឿងបន្លាស់រថយន្តលក្ខណៈស្តង់ដារដែលមានតម្លៃសមរម្យ និងមានការធានារយៈពេលជូនអតិថិជនទើបធ្វើឱ្យអតិថិជនមានការគាំទ្រកាន់តែច្រើនឡើងៗ មិនថាតែប្រជាជនខ្មែរទេសូម្បីតែប្រជាជនដែលនិយមលេងឡាននៅប្រទេសជិតខាងក៏មកទទួលសេវាឡើងស៊េរី និងដាក់គជ់ចង្កៀងនេះដែរ។
លោកបញ្ជាក់ថា ក្នុងនាមជាកូនខ្មែរ ការធ្វើអាជីវកម្មមួយគឺមិនមែនសំដៅតែទៅលើប្រាក់ចំណេញមួយមុខនោះទេ ប៉ុន្តែត្រូវគិតពីកិត្តិយសកេរ្តិ៍ឈ្មោះក្រុមហ៊ុនដែលបង្កើតឡើងដោយកូនខ្មែរដើម្បីឱ្យបរទេសបានឃើញថា កូនខ្មែរយើងក៏មានសមត្ថភាពមិនចាញ់បរទេសនោះដែរ ទើបមានការគាំទ្រពីអតិថិជនកាន់តែច្រើនឡើងៗ រហួតមានក្រុមហ៊ុនបរទេសទិញFranchiseយកទៅធ្វើអាជីវកម្មបន្តដូច្នេះ៕