បាត់មុខពីសិល្បៈអស់មួយរយៈ លោក ទី អន ត្រូវបានគេស្គាល់ថាជាអតីតបេក្ខភាពយុវតារាស្រាសាច់ដុំបានសម្ងំរស់នៅអាមេរិកប្រមាណ៧ឆ្នាំ តែពេលថ្មីៗនេះលោកស្រាប់តែប្រកាសថា គ្រោងបញ្ចេញបទចម្រៀង Original Song ផ្ទាល់ខ្លួនក្នុងពេលដ៏ខ្លី ទាំងដែលលោកកំពុងរស់នៅសហរដ្ឋអាមេរិក។
លោក ទី អន បានថ្លែងពីសហរដ្ឋអាមេរិកថា នៅលើទឹកដីថ្មី លោកនៅតែបន្តអាជីពចម្រៀងដូចកាលលោកស្រុកខ្មែរដដែលទេ ដោយរាល់កម្មវិធីបុណ្យទាន និងកម្មវិធីលក់សំបុត្រម្ដងៗ គឺលោកត្រូវបានគេអញ្ជើញមិនដែលខាន។ យ៉ាងណាមិញលោកទទួលតែការងារសំខាន់ៗប៉ុណ្ណោះ ដោយសារតែនៅអាមេរិក លោកក៏មានការងារពិបាកសុំច្បាប់។ លោកនិយាយថា មុនទៅអាមេរិក លោកគឺជាតារាចម្រៀងផង និង ជាតារាសម្ដែងផង ដោយមុនចេញពីស្រុកកំណើត លោកធ្លាប់ចេញបទ Original ២បទ ដោយក្នុងបទ”បុប្ផារីកក្នុងចិត្ត”ទទួលបានការគាំទ្រច្រើន។ អុីចឹងហើយទើបលោកនៅតែមិនចោលអាជីពចម្រៀង។
នៅក្នុងពេលនេះ លោកបានផលិតសាច់ភ្លេងបទថ្មី បានចំនួន១៥បទហើយ ដោយមានទាំងបទមនោសញ្ចេតនា បទញាក់ និងបទរាំវង់ កន្ទ្រឹម សម្រាប់ឱកាសចូលឆ្នាំផងដែរ។ លោកនឹងចុះមកថតបទចម្រៀងទាំងនោះនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីឱ្យឆាប់បានបទទាំងនោះ ដាក់បង្ហោះឱ្យទាន់មុនចូលឆ្នាំ។ យ៉ាងណាមិញ លោកមិនទាន់សម្រេចចិត្តមករស់នៅស្រុកខ្មែរនៅឡើយទេ តែលោកនឹងសំលឹងមើលឱកាសមករស់នៅស្រុកវិញ នៅពេលលោកចុះមកថត MV ទាំង១៥បទរបស់លោក ប្រសិនបើការងារសិល្បៈនៅទីនេះល្អជាងនៅអាមេរិក។ បទចម្រៀងដែលត្រៀមថតនោះ លោកនឹងច្រៀងបង្ហាញនៅលើទឹកដីអាមេរិក ដោយសារតែខាងអ្នករៀបចំកម្មវិធីប្រគំតន្ត្រីអបអរចូលឆ្នាំនៅអាមេរិក បានកុងត្រាយកលោកឱ្យច្រៀងរាំរួចហើយ៕