ដើមទំព័រឆ្នាំ២០២០នេះ រឿងភាគទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានបន្ដផលិតដល់លំដាប់លេខរឿងទី ២៣ និង ២៤ ហើយ ដែលមានចំណងជើងទាក់ទាញមែនទែនគឺរឿង « មរតកកម្ម » និងរឿង « ទាសករលុយ » ដែលសុទ្ធសឹងជារឿងផ្ដល់តម្លអប់រំដល់មហាជនបានទស្សនារឿងនេះហើយ និងយកទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃដោយពិចារណា។
លោក ហួង តារាមុន្នី អ្នកគ្រប់គ្រងការផលិតប្រចាំស្ថានីយ៍នេះបានប្រាប់ឡារ៉ែនឱ្យដឹងថា ប៉ុស្ដិ៍លេខ៥បានបើកយ៉ាងតួទូលាយចំពោះតួអង្គថ្មីចាស់ដែលមានសមត្ថភាពក្នុងការសម្ដែងភាពយន្ដ ដោយមិនប្រកាន់យកតែតួប្រចាំប៉ុស្ដិ៍នោះទេ។ ជាក់ស្ដែងដូចរឿងភាគថ្មីដែលដាក់ក្រុងពាលីព្រមគ្នាទាំងពីរនៅព្រឹកថ្ងៃទី 17 នេះ សុទ្ធតែប្រមូលម្ដុំតារាថ្មីចាស់ តារានាំមុខ និងតារាប្រកបរឿង ដែលពោពេញទៅដោយទេពកោសល្យសម្ដែងពិត ដោយមិនប្រើខ្សែក្នុងការចូលសិល្បៈ។ លោកក៏បានអះអាងថា ប៉ុស្ដិ៍លេខ៥គ្មានការប្រកាន់យកតែតួដដែលៗមកសម្ដែងនោះទេ ជាការពិតប៉ុស្ដិ៍លេខ៥គឺបើកឱកាសឱ្យតារាសិល្បៈគ្រប់រូបបានចូលរួមកិច្ចការងារជាមួយស្ថានីយ៍យ៉ាងទូលំលាយ និងសហការគ្នាធ្វើការបានយ៉ាងប្រសើរ។
សូមជម្របថា ក្នុងពិធីក្រុងពាលីព្រឹកមិញនេះ ក៏មានតារាសិល្បៈជាច្រើនដួងចូលរួមដូចជា លោក បញ្ញាសិទ្ធ លោក ណាឃុន លោក លាងឆេ កញ្ញា ណាក់ស្រីណា កញ្ញា ប៉ប់ រចនា អ្នកនាង ញឹម ចាន់ថន និងតារាសម្ដែងប្រុសស្រីជាច្រើនដួង បានបង្ហាញវត្តមានបង្កបរិយាកាសសប្បាយនាបរិវេណសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ៕