នេះជាដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅបំផុតសម្រាប់តារាចម្រៀងស្រីអ្នកនាង ឡោម លក្ខិណា និងក្រុមគ្រួសារ ខណៈដែលស្វាមីជាទីស្រលាញ់របស់នាង បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។
បើតាមការបញ្ជាក់ ឱ្យដឹងពីអ្នកនាង ឡោម លក្ខិណា បានរៀបរាប់ថា ស្វាមីរបស់អ្នកនាងមានឈ្មោះ ប៉ា ច័ន្ទពិសិដ្ឋ គ្រោះថ្នាក់ចរាចរណ៍នៅព្រឹកថ្ងៃសុក្រទី ១៦ ខែមករា ឆ្នាំ២០២០ បុកគ្នាយ៉ាងពេញទំហឹងជាមួយរថយន្តកូរ៉េ១តោនកន្លះ បណ្ដាលឱ្យស្លាប់ៗភ្លាមក្រោយបញ្ចូនទៅមន្ទីរពេទ្យ។ សពស្វាមីអ្នកនាងកំពុងតម្កល់រៀបចំពិធីបុណ្យសពស្ថិតនៅវត្តក្រាំងធ្នុង ដែលត្រៀមបូជានៅថ្ងៃទី ១៧ នេះហើយ។ អ្នកនាងក៏បានអះអាងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដែរថា ខាងសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់អំពីភាពខុសត្រូវរវាងភាគីណាមួយនៅឡើយទេ មានតែការរង់ចាំការធ្វើការងារបន្ដរបស់សមត្ថកិច្ចតែប៉ុណ្ណោះ។
អ្នកនាងក៏បានបន្តទៀតថា ខណៈមុនពេលស្លាប់ ស្វាមីអ្នកនាងបានទាក់ទងមកអ្នកនាងក្នុងសភាពធម្មតា តែលុះទទួលបានដំណឹងដ៏រន្ធត់នេះ អ្នកនាងក៏នៅតែមានស្មារតីមិនស្លុតប៉ុន្មានទេ ព្រោះក្នុងចិត្តគិតថា ស្វាមីគ្រាន់តែជាគ្រោះថ្នាក់ចរាចរណ៍បន្ដិចបន្តួត មិននឹកស្មានថាទទួលរងយ៉ាងដំណំដូច្នោះឡើយ។ អ្នកនាងថា លុះសពស្វាមីអ្នកនាងបានដឹកទៅដល់មន្ទីរពេទ្យ ទើបខាងពេទ្យបញ្ជាក់ថា លោកបានបាត់បង់ជីវិតទៅហើយ។ ដំណឹងដែរទទួលបាននៅខណៈនោះ បានធ្វើឱ្យអ្នកនាងមានអារម្មណ៍ស្លុតស្មារតីជាខ្លាំងស្ទើតែទទួលយកមិនបានព្រោះភ្លាមៗខ្លាំងពេក។ តារាសម្ដែងស្រីរូបនេះថា ស្វាមីរបស់អ្នកនាងស្រឡាញ់កូនប្រុសខ្លាំងណាស់ អ្នកដឹងថា លោកបាត់បង់ជីវិតទាំងបិទភ្នែកមិនជិតទេ ព្រោះលោកនៅបារម្ភពីកូនប្រុសជាទីស្រលាញ់ មានឈ្មោះថា ខេង រិទ្ធីស័ក្តិ ដែលមានអាយុទើបតែ ១០ ខែប៉ុណ្ណោះ។
ប្រកបដោយទឹកមុខក្រៀមក្រំ តារាស្រីរូបនេះ ក៏បានពោលអញ្ជើញដល់ញាតិមិត្តជិតឆ្ងាយទាំងអស់ ចូលរួមពិធីបូជាសពនៅថ្ងៃទី ១៧ មករា នៅទីតាំងវត្តក្រាំងធ្នង់។ សូមជម្រាបជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសពដែលអ្នកនាងមិនបានទៅអញ្ជើញដោយផ្ទាល់ឱ្យបានជ្រាបថា អាស្រ័យហេតុនេះ សូមគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយ និងមិត្តសិល្បករមេត្តាចូលរួមដោយមេត្រីភាព៕