ជិត 1ខែ បន្ទាប់ពីអាមេរិកបានបញ្ជាក់ថា នឹងចំណាយថវិកា 738ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិក្នុងឆ្នាំ2020 តែកងទ័ពជើងទឹករបស់ប្រទេសនេះ បែរជាត្អូញត្អែរថា ខ្វះលុយធ្វើការទៅវិញ?។
យោងតាមព័ត៌មានថ្មីបំផុតដែលបានចុះផ្សាយនៅសហរដ្ឋអាមេរិក កងទ័ពជើងទឹកប្រទេសនេះ បានអះអាងថា ថវិកាចំនួននេះមិនគ្រប់គ្រាន់ក្នុងការបំពេញការងារដែលបានគ្រោងទុកនោះឡើយ។
ជាក់ស្ដែង ថវិកាសម្រាប់វិស័យការពារជាតិរបស់អាមេរិកក្នុងឆ្នាំ2020 ត្រូវបានគេបញ្ជាក់ថា នឹងមានទំហំទឹកប្រាក់ប្រមាណជា 738ពាន់លានដុល្លារ គឺនៅតែជាប្រទេសដែលចំណាយច្រើនជាងគេក្នុងវិស័យការពារជាតិ ក៏ប៉ុន្តែ នៅពេលគេបែងចែកទៅឱ្យផ្នែកផ្សេងៗក្នុងវិស័យការពារជាតិ គេឃើញថា កងទ័ពជើងទឹកត្រូវខ្វះថវិកា ដែលការណ៍នេះ វានឹងនាំឱ្យទ័ពជើងទឹកមិនអាចបំពេញភារកិច្ចដូចដែលបានដាក់ចេញបាន។
កងទ័ពជើងទឹកអាមេរិកបានឱ្យដឹងថា រដ្ឋាភិបាលរបស់លោក Donald Trump បានស្នើឱ្យកងទ័ពជើងទឹកត្រូវមាននាវាចម្បាំងយ៉ាងតិច 355គ្រឿង និងត្រូវធ្វើសកម្មភាពជាប្រចាំដើម្បីអាចធានាសន្តិសុខជាតិបាន។
បើចំណាយតាមថវិកាដែលប្រគល់ឱ្យក្នុងឆ្នាំនេះ ទ័ពជើងទឹកអាមេរិកអាចចំណាយត្រឹមតែ 209លានដុល្លារប៉ុណ្ណោះ សម្រាប់អភិវឌ្ឍន៍នាវាចម្បាំងគ្មានមនុស្សបើកខ្នារធំចំនួន 2គ្រឿង និង 50លានដុល្លារទៀតសម្រាប់នាវាគ្មានមនុស្សបើកខ្នាតតូចដែលគ្មានបំពង់សម្រាប់ដាក់បាញ់គ្រាប់រ៉ុក្កែត។
គិតមកដល់ឆ្នាំ2019 អាមេរិកលែងជាប្រទេសដែលមានកងនាវាចម្បាំងខ្លាំងលំដាប់ទី1 ក្នុងពិភពលោកទៀតហើយ ព្រោះថា ចិនបានចូលមកជំនួសតំណែងនេះ។ ថ្វីបើអាមេរិកមាននាវាចម្បាំងច្រើនជាងចិនក៏ពិតមែន ប៉ុន្តែមានតែ 293គ្រឿងប៉ុណ្ណោះដែលអាចបំពេញបេសកកម្មជាប្រចាំបាន ចំណែកនាវាចម្បាំងក្រៅពីនេះ គឺបានឈានដល់អាយុកាលត្រូវចូលនិវត្តន៍ ឬត្រូវជួសជុលហើយ។
ចំណែកប្រទេសចិនវិញ ចំនួននាវាចម្បាំងបានកើនដល់ 300គ្រឿងកាលពីចុងឆ្នាំ2019 បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់បន្ថែមនូវនាវាចម្បាំងថ្មីៗមួយចំនួនទៀត។
ក្នុងការបកស្រាយអំពីបញ្ហាខាងលើ កងទ័ពជើងទឹកអាមេរិកបាននិយាយថា កាលពីអំឡុងទសវត្សរ៍ទី80 នៃសតវត្សរ៍មុន កងទ័ពជើងទឹកអាមេរិកបានប្រើថវិកាជាតិរហូតដល់ទៅ 38% នៃថវិកាសរុបសម្រាប់វិស័យការពារជាតិ។ ប៉ុន្តែ បច្ចុប្បន្ន ភាគរយនេះបានថយមកនៅត្រឹម 34%ប៉ុណ្ណោះ៕
ប្រភព៖ សារព័ត៌មានបរទេស