អ្នកប្រើប្រាស់នៅស្រុកខ្មែរយើង ក៏ដូចជាពិភពលោកដែរ គឺអាចនឹងខកចិត្តខ្លាំង ជាមួយនឹងដំណឹងស្ដីពីការប្រកាសឈប់អភិវឌ្ឍកម្មវិធី និងផ្នែកគាំទ្រដល់ប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1សម្រាប់ទូរស័ព្ទដៃ ពីក្រុមហ៊ុន Microsoft កាលពីថ្ងៃម្សិលមិញ។
Microsoft បានប្រកាសឱ្យដឹងថាចាប់ពីថ្ងៃទី11 ខែកក្កដា ឆ្នាំ2017 តទៅ ក្រុមហ៊ុននឹងសម្រេចឈប់គាំទ្រដល់ប្រព័ន្ធប្រតិបត្តិការក្នុងជំនាន់ 8.1 ផ្នែកទូរស័ព្ទដៃហើយ ដោយខ្លួននឹងផ្ដោតសំខាន់ទៅលើតែប្រព័ន្ធWindows 10 Mobile តែមួយគត់ប៉ុណ្ណោះ។ ដូច្នេះ សម្រាប់អតិថិជនដែលមានប្រើប្រាស់ទូរស័ព្ទដៃ ក្រុមហ៊ុនតម្រូវឱ្យធ្វើការ Update ទៅជំនាន់ក្រោយ។
នេះមានន័យថា ក្រុមហ៊ុនកំពុងតែលេងនៅលើផ្លូវតែមួយដូចនឹងក្រុមហ៊ុន Apple ដែលក្រោយពីចេញ iOS ថ្មីម្ដងៗ គឺត្រូវកាត់ទូរស័ព្ទម៉ូដែលចាស់ចោល ព្រោះគ្មានលទ្ធភាពអាចដំឡើងទៅជំនាន់ថ្មីបាន (សមត្ថភាព Ram និង CPU មិនគ្រប់តម្រូវការ) ហើយការប្រកាសរបស់ Microsoft ក៏នឹងធ្វើឱ្យទូរស័ព្ទក្លាយជាឧបករណ៍អេឡិចត្រូនិកហួសជំនាន់ (Out of date) ប្រើបានតែកម្មវិធីហ្គេមដែលមានស្រាប់ ឬជំនាន់ទាបៗជាដើមប៉ុណ្ណោះ។
តាមរបាយការណ៍មួយបានឱ្យដឹងថា ក្នុងចំណោមស្មាតហ្វូនប្រើប្រាស់ Windows Phone ទាំងអស់ ចំនួនជាង 70% នៅមិនទាន់ Update ហើយអ្នកប្រើប្រាស់កម្ពុជាក៏មានមិនតិចដែរ ដែលកំពុងប្រើឧបករណ៍អេឡិចត្រូនិកដំណើរការដោយប្រព័ន្ធWindows Phone 8.1នេះ។ ដូច្នេះ សម្រាប់អ្នកប្រើប្រាស់ខ្មែរយើងដែលកំពុងប្រើផលិតផលដំណើរការដោយប្រព័ន្ធខាងលើ អាចសាកចូលទៅពិនិត្យមើលក្នុង Setting ក្រែងលោឧបករណ៍ខ្លួនអាច Update ទៅជំនាន់ថ្មីសម្រាប់ទូរស័ព្ទបាន៕