នៅលើពិភពលោកបច្ចុប្បន្ននេះ ក្រៅពីការជំរុញឱ្យមានផលិតភាពល្អប្រសើរផ្នែកសេដ្ឋកិច្ច ពួកគេក៏ចាប់ផ្តើមផ្តល់តម្លៃកាន់តែខ្លាំងលើគុណភាពនៃជីវិតរបស់មនុស្សម្នាក់ៗដើម្បីធ្វើឱ្យប្រជាជនកាន់តែរស់នៅសុខសាន្តក្នុងតំបន់របស់ខ្លួន។
គ្រាន់តែមានលុយកាក់ មានហេដ្ឋារចនាសម្ព័ន្ធល្អ មិនទាន់រាប់ថាជាតំបន់ដែលធ្វើឱ្យប្រជាជនមានសេចក្តីសុខនោះទេ តែវាទាមទារឱ្យមានការបណ្តុះបណ្តាលផ្នត់គំនិតល្អ និងសុខភាពល្អថែមទៀតផង។
នៅប្រទេសហូឡង់ (Netherlands) បច្ចុប្បន្ននេះ បានជំរុញការយកចិត្តទុកដាក់កាន់តែខ្លាំងលើគុណភាពនៃការរស់នៅរបស់មនុស្ស និងជំរុញឱ្យមានផលចំណេញយ៉ាងធំមួយដោយការលើកទឹកចិត្តឱ្យប្រជាជនជិះកង់។
នៅហូឡង់ ក្រៅពីមានភាពល្បីល្បាញលើពិភពលោកថា ជាប្រទេសដែលមានប្រធានាធិបតីជិះកង់ទៅធ្វើការ និងជាប្រទេសដែលមាន GDP ខ្ពស់ហើយនោះ វាក៏ជាតំបន់ដ៏ល្អមួយដែលស្ថិតក្នុងចំណាប់អារម្មណ៍របស់ពិភពលោកដែលការរស់នៅរបស់មនុស្សមានផាសុកភាព រួមទាំងមានបរិស្ថានល្អថែមទៀតផង។
ថ្មីៗនេះរដ្ឋាភិបាលហូឡង់ បានចេញសេចក្តីប្រកាសក្នុងការបង់ប្រាក់លើទឹកចិត្តដល់ប្រជាជនដែលជិះកង់ទៅធ្វើការងារ ដោយក្នុងនោះបុគ្គលិកដែលទៅធ្វើការងារដោយជិះកង់នឹងត្រូវរួចពន្ធលើប្រាក់ចំណូលរបស់ខ្លួន ហើយថែមទាំងបានប្រាក់ឧបត្ថម្ភគិតជាគីឡូម៉ែត្រថែមទៀតផង។
ទឹកប្រាក់ដែលរដ្ឋាភិបាលផ្តល់ជូនប្រជាជនគឺក្នុង1គីឡូម៉ែត្រ 0.22$ ដោយគ្រាន់តែជិះកង់ទៅធ្វើការងារតែប៉ុណ្ណោះ។ ដោយហេតុនេះហើយទើបប្រជាជនជាច្រើនចាប់ផ្តើមបែរចំណាប់អារម្មណ៍មកជិះកង់ដើម្បីទទួលបានប្រាក់ឧបត្ថម្ភផង និងទទួលបានសុខភាពល្អផង។
បន្ថែមពីលើលក្ខខណ្ឌដ៏ល្អប្រសើរនេះ រដ្ឋាភិបាលក៏បានចំណាយលុយយ៉ាងច្រើនដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកជិះកង់ផងដែរ។
ចំពោះអ្នកដែលមិនមានលទ្ធភាព ឬមិនទាន់មានកង់ ពួកគេក៏អាចស្នើសុំកម្ចីដើម្បីទិញកង់ផងដែរ ដែលធ្វើឱ្យអ្នកជិះកង់នៅក្នុងប្រទេសកាន់តែមានចំនួនច្រើនឡើងៗជាលំដាប់ជារៀងរាល់ឆ្នាំ។
ជាលទ្ធផលដែលទទួលមកវិញពីការវិនិយោគដ៏ល្អនេះគឺរដ្ឋាភិបាលបានសល់លុយយ៉ាងច្រើនពីការចំណាយលើសេវាសុខភាពបាល ដោយសារតែប្រជាជនចាប់ផ្តើមមានសុខភាពល្អ និងមិនសូវចូលមន្ទីរពេទ្យដោយសារតែជំងឺនោះទេ។
បន្ថែមពីលើនេះ ផលិតភាពការងាររបស់ប្រជាជនក៏មានការកើនឡើងខ្ពស់ផងដែរដែលធ្វើឱ្យអ្នកវិនិយោគលើវិស័យឯកជនទទួលបានផលចំណេញច្រើន ដោយសារតែប្រជាជនមានអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយស្ត្រេស និងមិនសូវមានសម្ពាធក្នុងការរស់នៅច្រើន។
លើសពីនេះទៅទៀត ខុសពីប្រទេសដទៃព្យាយាមចំណាយលុយច្រើនដើម្បីកាត់បន្ថយផលប៉ះពាល់នៃបញ្ហាបំពុលបរិយាកាសក្នុងទីក្រុង ប្រទេសហូឡង់ បានបង្វែរលុយទាំងអស់នេះមកលើកទឹកចិត្តឱ្យប្រជាជនចាប់ផ្តើមចូលរួមក្នុងការថែរក្សាបរិស្ថាន ក៏ដូចជារស់នៅជាមួយធម្មជាតិឱ្យបានច្រើនឡើងវិញ៕