សារព័ត៌មាន ត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃសង្គម ហើយមានប្រទេសខ្លះចាត់ទុកសារព័ត៌មានថាជាអំណាចទី4 នៃប្រទេសថែមទៀតផង ព្រោះសារព័ត៌មានជាផ្នែកមួយក្នុងការកសាងសមត្ថភាពនៃគំនិតរបស់ប្រជាជន និងជាសំឡេងរបស់ប្រជាជននៅក្នុងប្រទេសថែមទៀតផង។
ពាក់ព័ន្ធនឹងបញ្ហានេះគណៈកម្មការក្លិបអ្នកកាសែតកម្ពុជាលោក ឆាយ សុផល បានលើកឡើងថា សារព័ត៌មាន មានឥទ្ធិពលលើវិស័យជាច្រើននៅក្នុងសង្គម ជាពិសេសវិស័យអប់រំ។ តាមរយៈព័ត៌មានគ្រប់ភាគីក្នុងសង្គមនឹងឃើញពីភាពវិជ្ជមាន និងអិវជ្ជមាន ឬចំណុចខ្វះខាតនានាដែលត្រូវកែតម្រួវ។ កញ្ចក់សង្គមមួយនេះក៏ជាផ្នែកមួយមិនអាចខ្វះបានផងដែរចំពោះការអភិវឌ្ឍវិស័យអប់រំ ព្រោះបញ្ហាផ្សេងៗដែលកើតចេញពីការផលិតរបស់អ្នកសារព័ត៌មាន អាចនឹងក្លាយជាចំណុចសំខាន់សម្រាប់ការស្វែងយល់របស់អ្នកជំនាញលើការអភិវឌ្ឍផ្នែកសិក្សាធិការ។
អ្នកជំនាញសារព័ត៌មានខាងលើបានបង្ហាញផងដែរថា បញ្ហាសម្ភារ បញ្ហាគ្រូ និងបញ្ហាប្រឈមនានាដែលអ្នកសារព័ត៌មានបានសរសេរអាចនឹងធ្វើឱ្យមានការកែប្រែ ឬបញ្ចេញសំឡេងឱ្យកាន់តែខ្លាំងដើម្បីបង្កើនការយកចិត្តទុកដាក់ដល់សាលានានានៅទូទាំងប្រទេស។ សម្រាប់ការសិក្សាជាទូទៅវិញ អ្នកសារព័ត៌មានក៏បានសរសេរអត្ថបទចំណេះដឹងជាប្រភេទបទយកការណ៍ ឬសម្ភាសដើម្បីអប់រំច្រើនដល់ប្រជាជនដែលអាចធ្វើឱ្យមានការផ្លាស់ប្តូរ និងអភិវឌ្ឍសមត្ថភាពឱ្យកាន់តែប្រសើរឡើង។
លោក ឆាយ សុផល បាននិយាយថា៖ «ព័ត៌មានអប់រំ ដែលបង្ហាញពីការសិក្សាស្រាវជ្រាវ និងការបង្កើតគំនិតថ្មីៗ អាចធ្វើឱ្យប្រជាជននៅក្នុងប្រទេសទទួលបាននូវចំណេះដឹងថ្មីៗដើម្បីជាមូលដ្ឋានក្នុងការអភិវឌ្ឍការគិតដើម្បីបង្កើតសកម្មភាពជាវិជ្ជមាននៅក្នុងសង្គម។ ចាប់ផ្តើមពីការអភិវឌ្ឍគុណភាពរបស់ប្រជាជនប្រទេសជាតិក៏នឹងរីកចម្រើនតាមនោះដែរ»។
ស្រដៀងគ្នានេះដែរ លោក ឈាវ ណាក់ ទីប្រឹក្សាជាន់ខ្ពស់នៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បានថ្លែងថា ព័ត៌មានពិតជាមានសារៈសំខាន់ណាស់សម្រាប់សង្គមជាពិសេស គឺលើការអប់រំប្រជាជននៅក្នុងប្រទេស។ វាអាចជួយតម្រង់ទិសដល់បុគ្គលគ្រប់ផ្នែកដើម្បីពង្រឹងប្រព័ន្ធអប់រំឱ្យស្ថិតក្នុងគន្លងត្រឹមត្រូវ មានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។
លោក ឈាវ ណាក់ បានបន្តទៀតថា៖ “ព័ត៌មាននឹងធ្វើឱ្យការអប់រំទូទៅមានការចូលរួមចំណែកកាន់តែសកម្ម មានភាពប្រកួតប្រជែង មានការកំណត់ទិសដៅច្បាស់លាស់ និងមានការសម្រេចចិត្តត្រឹមត្រូវ ជាពិសេសទស្សនៈវិស័យវែងឆ្ងាយសម្រាប់ការអប់រំ»។
អ្នកជំនាញខាងលើបានលើកឡើងផងដែរថា ព័ត៌មានជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអប់រំប្រជាជនឱ្យបានយល់ដឹងពីការប្រែប្រួលនៃដំណើររបស់សង្គម ហើយត្រៀមខ្លួនឱ្យស្របទៅតាមស្ថានភាពរបស់សង្គម។ ក្រៅពីនេះការចូលរួមចំណែកពីសារព័ត៌មាន អាចនឹងបង្កភាពងាយស្រួលដល់ក្រសួងអប់រំ ដើម្បីស្វែងយល់ពីស្ថានភាពទូទៅរបស់ប្រជាជន និងសិស្សានុសិស្សដែលកំពុងសិក្សាផងដែរ៕