លោកអ្នកប្រហែលជាធ្លាប់សន្សំប្រាក់ច្រើនលើកច្រើនសាមកហើយ ប៉ុន្តែលើកណាក៏បរាជ័យដែរ មែនទេ?។ កុំអាលអស់សង្ឃឹមអី! សូមអនុវត្តតាមវិធីសាស្ដ្រពិសេសខាងក្រោមនេះឱ្យបានត្រឹមត្រូវ ធានាថា លោកអ្នកនឹងទទួលបានជោគជ័យក្នុងការសន្សំប្រាក់បានតាមការគ្រោងទុកមិនខាន។
ផ្ញើប្រាក់សន្សំស្វ័យប្រវត្ត
ធនាគារភាគច្រើនសុទ្ធតែមានសេវាបញ្ញើសន្សំប្រាក់ស្វ័យប្រវត្តិ អ្នកគ្រាន់តែជ្រើសរើសចំនួនទឹកប្រាក់ និងកំណត់ថ្ងៃដែលត្រូវផ្ញើសន្សំប៉ុណ្ណោះ។ ដល់ថ្ងៃកំណត់ត្រូវផ្ញើប្រាក់សន្សំ ខាងធនាគារនឹងដកប្រាក់ពីគណនីរបស់អ្នកដោយស្វ័យប្រវត្តិ ដើម្បីផ្ទេរចូលទៅគណនីបញ្ញើសន្សំរបស់អ្នក។ វិធីនេះ វាមានប្រសិទ្ធភាពណាស់ ព្រោះថា អ្នកនឹងមិនអាចដកប្រាក់ពីគណនីបញ្ញើសន្សំរបស់អ្នកបានតាមចិត្តដូចគណនីធម្មតានោះឡើយ។
សម្អាតកាបូបលុយរបស់អ្នករៀងរាល់ថ្ងៃចុងសប្ដាហ៍
វិធីនេះមិនមែនមានន័យថា អ្នកត្រូវចាយលុយឱ្យអស់ពីកាបូបរៀងរាល់ថ្ងៃចុងសប្ដាហ៍នោះទេ ប៉ុន្តែអ្នកត្រូវរៀបចំកាបូបដោយយកលុយរាយទាំងអស់់ចេញពីកាបូប ហើយយកវាទៅដាក់ក្នុងប្រអប់សុវត្ថិភាពមួយ។ មួយរយៈពេលកន្លងផុតទៅ អ្នកនឹងសល់លុយមួយចំនួន ដែលច្រើន ឬតិច អាស្រ័យលើទំហំប្រាក់រាយដែលអ្នកដកទៅសន្សំរាល់ថ្ងៃចុងសប្ដាហ៍ និងតាមរយៈពេលនៃការសន្សំ។
ធ្វើដូចជាខ្លួនមិនបានទទួលប្រាក់លើកទឹកចិត្ត ឬការដំឡើងប្រាក់ខែ
ប្រសិនអ្នកទើបតែទទួលបានការដំឡើងប្រាក់ខែ ឬប្រាក់ចំណូលបន្ថែមណាមួយ ចូរកុំអាលកែប្រែទម្លាប់រស់នៅ តែជំនួសមកវិញ អ្នកត្រូវរក្សាទម្លាប់រស់នៅ និងការចាយវាយត្បិតត្បៀតដូចមុនដដែល ហើយដកប្រាក់ដែលទើបទទួលបានបន្ថែមនោះ យកទៅដាក់ក្នុងគណនីបញ្ញើសន្សំ។ វិធីនេះ នឹងជួយឱ្យអ្នកគេចផុតពីការចាយវាយខ្ជះខ្ជាយ។
រក្សាទុកខ្ទង់ប្រាក់បង់ធនាគារ ឬសងបំណុល បើទោះជាអ្នកអស់បំណុលហើយក៏ដោយ
វិធីសន្សំសំចៃមួយទៀតនោះគឺ អ្នកត្រូវរស់នៅ និងចាយវាយដូចស្ថិតក្នុងអំឡុងពេលជាប់បំណុល បើទោះជាអ្នកលែងមានជាប់បំណុលហើយក៏ដោយ។ ចំពោះចំនួនទឹកប្រាក់ដែលអ្នកចាត់ទុកថា ដូចនៅត្រូវបង់ឱ្យធនាគារ ឬប្រាក់សងបំណុលនេះ ចូរយកវាទៅដាក់ក្នុងគណនីបញ្ញើសន្សំ ឬដាក់ក្នុងកូនជ្រូកដែលមានសុវត្ថិភាព និងមិនងាយបើកបាន។
រៀបចំប្រមូលប្រាក់ដែលបានមកដោយចៃដន្យ
អ្នកប្រហែលជាត្រេកអរខ្លាំងណាស់ នៅពេលអ្នកប្រទះឃើញប្រាក់ដោយចៃដន្យនៅកន្លែងណាមួយ ដូចជាក្នុងថង់ ក្នុងហោប៉ៅខោ-អាវ ឬត្រូវឆ្នោតតិចតួច។ ប្រាក់ដែលបានមកដោយចៃដន្យនេះ បើសិនមិនមានវា ក៏មិនប៉ះពាល់ដល់ជីវភាពរបស់អ្នកនោះដែរ ដូច្នេះចូរទុកដាក់វាចូលទៅក្នុងខ្ទង់សន្សំតែម្ដងទៅ។
ប្រើប្រាស់កម្មវិធីក្នុងទូរស័ព្ទដើម្បីគ្រប់គ្រងការចំណាយ
ចូរទាញយក និងដំឡើងកម្មវិធីនេះនៅលើទូរស័ព្ទរបស់អ្នក ហើយប្រើវា។ នេះជាវិធីមួយដែលអ្នកអាចកត់ត្រាបាននូវការចំណាយនានា និងគ្រប់គ្រងលំហូរសាច់ប្រាក់របស់អ្នកបានយ៉ាងច្បាស់លាស់។
បង្កើតរនាំងរវាងអ្នក និងប្រាក់សន្សំ
ប្រាក់សន្សំ គឺជាជំនួយឧបត្ថម្ភដ៏អស្ចារ្យ។ បើសិនជាអ្នកកំពុងតែមានបំណងទិញអ្វីមួយ តែមិនមានប្រាក់គ្រប់គ្រាន់ ហើយចេះតែដកប្រាក់សន្សំប្រើញឹកញាប់ វាអាចនឹងធ្វើឱ្យគម្រោងអ្វីមួយរបស់អ្នកទទួលបរាជ័យ។ ដូច្នេះ ចូរបង្កើតរនាំងនៅចន្លោះអ្នក និងប្រាក់សន្សំនោះ។ នៅពេលអ្នកស្ថិតក្នុងដំណាក់កាលត្រូវការទិញអ្វីមួយ អ្នកគួរលុបកម្មវិធី mobile banking ចេញពីស្មាតហ្វូនរបស់អ្នក ព្រោះថា បើទុកវាក្នុងអំឡុងពេលនេះ អ្នកនឹងអាចដកប្រាក់សន្សំនោះបានដោយងាយ។ មួយវិញទៀត អ្នកក៏គួរជ្រើសរើសរយៈពេលសន្សំយូរខែ-ឆ្នាំ ដើម្បីធ្វើឱ្យមានចិត្តស្ដាយការប្រាក់ដែលអ្នកនឹងទទួលបាន នៅពេលអ្នកចង់ដកប្រាក់សន្សំភ្លាមៗ។
សន្សំពីកាតឥណទានប្រភេទ cashback
កាតឥណទានប្រភេទ cashback គឺជាប្រភេទកាតដែលអ្នកនឹងទទួលបានប្រាក់ត្រឡប់មកវិញក្នុងអត្រាភាគរយណាមួយនៅពេលអ្នកធ្វើប្រតិបត្តិការដោយប្រើកាតនេះ។ បើសិនអ្នកប្រើកាតប្រភេទនេះ ចូរកុំអាលប្ដូរវាទៅយកការប្រូម៉ូសិនផ្សេង តែចូរផ្ទេរវាទៅក្នុងគណនីបញ្ញើសន្សំ។
ទុកពេលឱ្យខ្លួនឯង 1សប្ដាហ៍ មុនពេលទិញអ្វីមួយដែលមានតម្លៃខ្ពស់
នៅពេលអ្នកកំពុងរំជើបរំជួលចង់បានរបស់អ្វីមួយដែលមានតម្លៃថ្លៃ ចូរកុំអាលទិញវា។ ចូរទុកពេលឱ្យខ្លួនឯង 1សប្ដាហ៍ ដើម្បីបានពិចារណារកហេតុផលថា តើរបស់នោះពិតជាចាំបាច់ដែរឬអត់? ឬគ្រាន់តែជាចំណង់តាមអារម្មណ៍?។
មិនត្រូវកត់ត្រាទិន្នន័យកាតឥណទាននៅលើកុំព្យូទ័រ
វាពិតជាងាយស្រួលក្នុងការទិញដូរតាមអនឡាញមែន ពិសេសនៅពេលផ្សារអនឡាញអាចរក្សាទិន្នន័យកាតឥណទានរបស់អ្នក។ បើអ្នកមិនអនុញ្ញាតឱ្យផ្សារអនឡាញទាំងនោះរក្សាទិន្នន័យរបស់អ្នកទេនោះ អ្នកនឹងត្រូវយកកាបូបលុយចេញ ហើយទាញកាតឥណទានមកក្រៅដើម្បីមើល និងបញ្ចូលទិន្នន័យម្ដងទៀត រួចហើយផ្ទៀងផ្ទាត់មុននឹងចុចយល់ព្រម។ ទាំងនេះជារឿងតូចតាច ប៉ុន្តែវាអាចជួយឱ្យអ្នកមានពេលបន្ថែម ដើម្បីពិចារណាថា តើវាចាំបាច់ទេ? តើគួរទិញដែរទេ?
ប្រភព៖ សារព័ត៌មានបរទេស