ក្លិបបិសាចក្រហម Manchester United កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Ivan Perisic។ នេះបើយោងទៅតាមកាសែត The Independent។
ក្លិបបិសាចក្រហមមួយនេះបានធ្វើការងារទាក់ទងនឹងការផ្ទេរ Perisic ពីក្លិប Inter Milan អស់រយៈពេលជាច្រើនខែមកហើយ ហើយបច្ចុប្បន្ន អ្វីៗហាក់កំពុងតែមានភាពច្បាស់លាស់ និងមានដំណើរការទៅមុខហើយ។ ក្លិប Inter របស់ក្របខ័ណ្ឌ Serie A បានដាក់តម្លៃខ្លួន 50លានផោន (ស្មើនឹង 64លានដុល្លារអាមេរិក) សម្រាប់ខ្សែប្រយុទ្ធដ៏ឆ្នើមរូបនេះ ប៉ុន្តែក្រុម Man United ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Europa League នៅតែជឿជាក់ថា ពួកគេអាចនាំយក Perisic វ័យ28ឆ្នាំក្នុងតម្លៃខ្លួនតិចជាងនេះបាន ពោលគឺច្រើនជាង 45លានផោន។
វាត្រូវបានគេផ្សព្វផ្សាយថា ខ្សែប្រយុទ្ធអន្តរជាតិក្រូអាស៊ីរូបនេះ បានយល់ព្រមទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចជាស្រេចហើយ ជាមួយក្លិប Man United។ Man United បានបញ្ជាក់ថា ពួកគេជឿជាក់ថា ការផ្ទេរនេះអាចនឹងត្រូវបំពេញជាផ្លូវការ និងថា ក្លិបរបស់អង់គ្លេសមួយនេះកំពុងតែសម្លឹងរកការឆ្លើយតបទៅនឹងការទាមទាររបស់ក្លិប Inter ក្នុងរយៈពេលខាងមុខនេះ ដើម្បីធានាថា Perisic នឹងបានផ្ទេរទៅកាន់កីឡដ្ឋាន Old Trafford នៅរដូវកាលក្រោយ។ លោក Luciano Spalletti ដែលជាអ្នកចាត់ការទូទៅរបស់ក្លិប Inter ចង់ឲ្យកីឡាកររូបនេះបន្តនៅ ប៉ុន្តែ Perisic ពិតជាចង់ផ្ទេរទៅកាន់កីឡដ្ឋាន Old Trafford។
លោក Jose Mourinho ចង់ធ្វើការពង្រឹងតំបន់ប្រយុទ្ធរបស់លោកជាមួយនឹងខ្សែប្រយុទ្ធវ័យ 28ឆ្នាំរូបនេះ ដែលនឹងត្រូវរ៉ាប់រងក្នុងតំបន់ប្រយុទ្ធយ៉ាងល្អ។ អ្នកចាត់ការទូទៅរបស់ក្លិប Man United រូបនេះ នៅតែមិនមានភាពច្បាស់លាស់ទៅលើសមត្ថភាពរបស់កីឡាករ Anthony Martial, Henrikh Mkhitaryan និង Jesse Lingard៕
ប្រភពពី៖ Daily Mail