ជំនឿចិត្តដែលមហាសេដ្ឋី Larry Ellison (CEO របស់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់អេឡិចត្រូនិក Oracle) ទៅលើមហាសេដ្ឋី Elon Musk CEO នៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដែលជាមិត្តម្នាក់របស់ខ្លួន បាននាំមកនូវ “ផ្លែផ្កាដ៏ផ្អែមត្រជាក់”។
យោងតាមសារព័ត៌មាន Bloomberg នៅមុនពេលក្លាយជាសមាជិកម្នាក់ក្នុងក្រុមប្រឹក្សាភិបាល Tesla កាលពីខែធ្នូ ឆ្នាំ2018 លោក Ellison បានទិញភាគហ៊ុន Tesla ដល់ទៅ 3លានហ៊ុន ដែលមានតម្លៃប្រមាណជា 1,000លានដុល្លារអាមេរិក ប៉ុន្តែបច្ចុប្បន្ន ភាគហ៊ុននេះបានកើនតម្លៃដល់ទៅ 1,600លានដុល្លារអាមេរិកឯណោះ។
តម្លៃភាគហ៊ុន Tesla បានកើនឡើងថែម 25% ដោយប្រើរយៈពេលត្រឹមតែ 2សប្ដាហ៍ដំបូងនៃឆ្នាំ2020 ប៉ុណ្ណោះ ដោយសារការប្រគល់ទំនិញរបស់ Tesla បានលោតផុតការគ្រោងទុក ហើយក្រុមហ៊ុននេះ ក៏បានចាប់ផ្ដើមប្រគល់រថយន្តម៉ាក Tesla ដែលផលិតនៅប្រទេសចិន ទៅឱ្យអតិថិជននៅក្នុងប្រទេសមួយនេះផងដែរ។
ការជួញដូរមូលបត្រកាលពីថ្ងៃទី14 មករាកន្លងទៅ តម្លៃភាគហ៊ុនរបស់ Tesla បានកើនថែម 2.5% បង្កើតបានកំណត់ត្រាថ្មី ជិតស្មើនឹង 538ដុល្លារក្នុង 1ហ៊ុន។
មហាសេដ្ឋីអាមេរិក Elon Musk ក៏ទទួលបានផលចំណេញយ៉ាងធំធេងពីការកើនឡើងនៃតម្លៃមូលបត្ររបស់ក្រុមហ៊ុន Tesla នេះផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស