Skip to content

ខុនដូចំនួន 7,000 យូនីតទៀត នឹងដាក់ចូលទីផ្សារក្នុងឆ្នាំនេះ

ភ្នំពេញៈ ខុនដូចំនួន 7,000យូនីតទៀត នឹងដាក់ចូលទីផ្សារនៅឆ្នាំនេះ ខណៈការលក់ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ។

អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី12 កក្កដានេះថា តាមការព្យាករចំនួនខុនដូផ្គត់ផ្គង់ចូលទីផ្សារនឹងកើនដល់ 7,000យូនីតបន្ថែមទៀត ដែលធ្វើឲ្យចំនួនខុនដូផ្គត់ផ្គង់​ចូលទីផ្សារសរុបកើនដល់ប្រមាណ 12,000យូនីត គិតត្រឹមដំណាច់ឆ្នាំ2017នេះ។ អ្នកនាងបន្តថា ការលក់នៅតែដំណើការសម្រាប់ខុនដូដែលផ្តោតលើ​ប្រជាជនមានជីវភាពមធ្យម ប៉ុន្តែខុនដូដែលមានតម្លៃថ្លៃផ្តោតលើប្រជាជនមានជីវភាពធូរធារខ្លាំងមានការលក់យឺតបន្តិច។

អ្នកនាងបន្តថា “វាមិនមានអ្វីគួរឲ្យបារម្ភនោះទេ បើទោះជាមានការបារម្ភពី​ការផ្គត់ផ្គង់លើសតម្រូវការក្តី ប៉ុន្តែទីផ្សារជាក់ស្តែងមិនមានបញ្ហានោះទេ”។ អ្នកនាងបន្តថា “យើងពិតជាមានការលំបាកក្នុងការប្រមូលទិន្នន័យពីការលក់ ដោយ​សារគម្រោងខុនដូនីមួយៗ មិនបង្ហាញពីតម្លាភាពនៃការលក់របស់ពួកគេនោះទេ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ា​ងបានថ្លែងថា ការទិញខុនដូសម្រាប់វិនិយោគមិនសូវមានច្រើននោះទេ ដោយ​សារមិនសូវមានភាពចំណេញ និងពិបាកលក់ចេញ ប៉ុន្តែតម្លៃដីធ្លី និងផ្ទះនៅតាមបុរីនានាបានបន្តកើនឡើង និងមានតម្រូវការច្រើន។ លោកបន្តថា ការវិនិយោគខុនដូច្រើន មិនមាន​បញ្ហាក្នុងទីផ្សារនោះទេ វាអាស្រ័យលើពេលវេលាប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *