ក្រុងប៉េកាំងកាន់តែបង្ហាញឱ្យឃើញអំពីមហិច្ឆតាគ្រប់គ្រងឋានព្រះចន្ទ និងភពផែនដី ដោយគ្រោងបង្កើតតំបន់សេដ្ឋកិច្ចក្នុងទីអវកាស នៅឆ្នាំ2050។
ថ្មីៗនេះ ក្រុងប៉េកាំង បានបង្ហើបឱ្យដឹងអំពីគម្រោងមួយប្រកបដោយមហិច្ឆតា ក្នុងការបើកតំបន់សេដ្ឋកិច្ចអវកាស ដែលនឹងធ្វើឱ្យមហិច្ឆតាគ្រប់គ្រងឋានព្រះចន្ទរបស់ប្រទេសមួយនេះ ក្លាយជាការពិត។
ប្រធានគណៈកម្មាធិការវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យានៃក្រុមហ៊ុនវិទ្យាសាស្ដ្របច្ចេកវិទ្យាអវកាសចិន (CAST) លោក Bao Weimin បានប្រាប់ឱ្យដឹងអំពីមហិច្ឆតាដ៏ធំមួយនេះ។
CAST បច្ចុប្បន្ន គឺជាម្ចាស់ទុនសំខាន់បំផុតក្នុងកម្មវិធីអវកាសជាតិរបស់ចិន គ្រប់គ្រងគម្រោងឬង្កើតតំបន់សេដ្ឋកិច្ចអវកាស រវាងភពផែនដី និងឋានព្រះចន្ទ។ តំបន់សេដ្ឋកិច្ចនេះ បូករួមទាំងតំបន់ដែលនៅក្បែរផែនដី ក្បែរព្រះចន្ទ និងតំបន់ចន្លោះនៃភពទាំងនេះទៀតផង។
សារព័ត៌មានវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យារបស់រដ្ឋចិន បានដកស្រង់សម្ដីរបស់ក្រុមអ្នកសេដ្ឋកិច្ច ឱ្យដឹងថា គម្រោងនេះនឹងអាចបង្កើតតំបន់សេដ្ឋកិច្ចមួយដ៏ធំ ដែលមានតម្លៃ 10.000.000.000.000.00 (ដប់លានលាន)ដុល្លារអាមេរិករៀងរាល់ឆ្នាំសម្រាប់ប្រទេសចិន។ គម្រោងយក្សនេះនឹងផ្ដោតទៅលើវិស័យធំៗចំនួន3 គឺដឹកជញ្ជូនក្នុងទីអវកាស រុករករ៉ែអវកាស និងហេដ្ឋារចនាសម្ព័ន្ធផ្អែកទៅលើអវកាស។
បច្ចេកវិទ្យាជាមូលដ្ឋានសម្រាប់បម្រើឱ្យគ្រោងការខាងលើនេះ នឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ2030 ខណៈដែលបច្ចេកវិទ្យាដឹកជញ្ជូនគ្រោងនឹងបង្កើតឡើងនៅឆ្នាំ2040។ ដល់ពាក់កណ្ដាលសតវត្សរ៍នេះ ប្រទេសចិនអាចបង្កើតបានដោយជោគជ័យនូវតំបន់សេដ្ឋកិច្ចអវកាស។
ការសិក្សាស្រាវជ្រាវឋានព្រះចន្ទ បានក្លាយជាវិស័យមួយដែលត្រូវបានចិនយកចិត្តទុកដាក់បំផុត។ កាលពីខែកក្កដា ឆ្នាំកន្លងទៅ ប្រទេសនេះបានបាញ់បង្ហោះរ៉ុក្កែត 1គ្រាប់ទៅទីអវកាស ដោយនាំយកទៅជាមួយនូវភារកិច្ចសំខាន់ទាក់ទិននឹងពាណិជ្ជកម្ម ដែលនេះជាជោគជ័យដំបូងមួយក្នុងវិស័យឧស្សហកម្មអវកាសចិន។
ចិនធ្លាប់បានបាញ់បង្ហោះយានអវកាសស៊ើបការណ៍ Chang’e-4 ទៅកាន់ឋានព្រះចន្ទ ដោយបានចុះចតនៅផ្នែកម្ខាងទៀតដែលជាទីឋានងងឹតអចិន្ត្រៃយ៍នៅលើឋានព្រះចន្ទ ដែលគេហៅថា Far side of the Moon។ នេះគឺជាបេសកកម្មប្រវត្តិសាស្ដ្រ ព្រោះថា កន្លងមក ពុំទាន់មានប្រទេសណាអាចទៅដល់ទីនោះទេ។
នៅចុងឆ្នាំនេះ ចិននឹងបាញ់បង្ហោះយានអវកាស Chang’e-5 ដើម្បីនាំយកគំរូតាងពីព្រះចន្ទមកកាន់ផែនដី។ បន្ទាប់មក យានអវកាស Chang’e-6 នឹងនាំយកដីពីប៉ូលខាងត្បូងរបស់ព្រះចន្ទមកផែនដី ហើយ Chang’e-7 នឹងបំពេញបេសកកម្មនៅប៉ូលខាងត្បូងនៃឋានព្រះចន្ទ ដើម្បីសិក្សាស្រាវជ្រាវពីតំបន់នេះ។ ចំណែក Chang’e-8 នឹងធ្វើការសាកល្បងបច្ចេកវិទ្យាសំខាន់ៗ ដូចជាបច្ចេកវិទ្យាបោះពុម្ព 3D ជាដើម ដើម្បីសាងសង់ស្ថានីយស្រាវជ្រាវនៅលើពិភពលោកខែ៕
ប្រភព៖ សារព័ត៌មានបរទេស