ខ្សែបម្រើដ៏មានឥទ្ធិពល Douglas Costa បានបំពេញការផ្ទេររបស់គេទៅកាន់ក្លិបយក្សអ៊ីតាលី Juventus របស់ក្របខ័ណ្ឌ Serie A ក្រោយពីធ្វើដំណើរទៅដល់ទីក្រុង Turin នៅថ្ងៃពុធនេះ។
រូបភាពវីដេអូនៃការទៅដល់របស់ខ្សែបម្រើស្លាប Costa ក្នុងទីក្រុង Turin ត្រូវបានចាក់បង្ហាញនៅលើគណនី Twitter របស់ក្លិប Juventus។ នេះបើយោងទៅតាមកាសែត MailOnline ដែលបាននិយាយថា ខ្សែបម្រើអន្តរជាតិប្រេស៊ីល Costa នឹងចុះហត្ថលេខាជាមួយនឹងក្លិប Juventus ដោយមកពីក្លិប Bayern Munich ក្នុងកិច្ចព្រមព្រៀងខ្ចីជើងជាមុនសិនក្នុងតម្លៃជាទឹកប្រាក់5លានផោន ប៉ុន្តែ តម្លៃខ្លួននេះអាចនឹងកើនដល់35លានផោន (ស្មើនឹង45លានដុល្លារអាមេរិក) ប្រសិនបើការផ្ទេរនេះ ក្លាយជាការផ្ទេរជាអចិន្ត្រៃយ៍។
ការផ្ទេរនេះនឹងបញ្ចប់រយៈពេល2ឆ្នាំនៅឯកីឡដ្ឋាន Allianz Arena សម្រាប់ Costa ក្រោយពីផ្ទេរមកពីក្លិប Shakhtar Donetsk ទៅកាន់ក្លិប Bayern ក្នុងតម្លៃខ្លួន21លានផោន កាលពីខែកក្កដា ឆ្នាំ2015កន្លងមក។ មុននេះបន្តិច លោក Karl-Heinz Rummenigge ដែលជាប្រធានក្លិប Bayern បានបញ្ជាក់ថា ក្លិបទាំងពីរកំពុងតែស្ថិតក្នុងការពិភាក្សាគ្នាជាផ្លូវការអំពីការផ្ទេររបស់ Costa។
លោក Rummenigge បានឲ្យដឹងថា៖ «យើងកំពុងតែស្ថិតក្នុងដំណាក់កាលនៃការចរចាគ្នា ហើយខ្ញុំអាចនិយាយថា វាមានចំណុចវិជ្ជមានជាច្រើន និងជាក់លាក់ ប៉ុន្តែ ខ្ញុំមិនអាចនិយាយថា ការផ្ទេរនេះត្រូវបានបំពេញនៅថ្ងៃនេះឡើយ»។
Costa ត្រូវបានចាត់ទុកថាជាកីឡាករលើសពីតម្រូវការនៅឯក្លិប Bayern ក្រោយពីក្លិបយក្សអាល្លឺម៉ង់មួយនេះបានយល់ព្រមចុះហត្ថលេខាជាមួយនឹងខ្សែបម្រើប្រយុទ្ធ James Rodriguez របស់ក្លិប Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើង2ឆ្នាំ៕
ប្រភពពី៖ ESPN