អាណាព្យាបាលមួយចំនួនធំបានបណ្តោយឱ្យកូនតូចៗនៅជាមួយឧបករណ៍អេឡិចត្រូនិក ឬបណ្តោយកុមារតូចៗឱ្យមើលរឿងតុក្កតាដោយរំពឹងថា អាចនឹងធ្វើឱ្យពួកគេឆ្លាតជាងមុន តែថ្មីៗនេះមានអ្នកជំនាញខាងចិត្តវិទ្យាកុមារបានរកឃើញថា មានរឿងតុក្កតាមួយចំនួនកំពុងបំផ្លាញក្មេងៗទៅវិញ។
យោងតាមគេហទំព័រ novakdjokovicfoundation.org ដែលជាគេហទំព័រនិយាយអំពីការអប់រំ និងអំពើហិង្សាបានបង្ហាញថា ក្មេងៗជាច្រើនលើពិភពលោក កំពុងងប់ងល់ជាមួយនឹងរឿងតុក្កតាខណៈរឿងតុក្តតាទាំងអស់នោះមានបង្កប់ដោយអំពើហិង្សា និងគំរូអាក្រក់ជាច្រើនដល់ពួកគេ។ ខាងក្រោមនេះជារឿងតុក្កតាមួយចំនួនដែលត្រូវបានគេរកឃើញភាពអវិជ្ជមានជាច្រើន។
១. រឿងឆ្មា និងកណ្តុរ (Tom and Jerry)
អាណាព្យាបាលជាច្រើនប្រហែលជាមិននឹកស្មានដល់ទេថា រឿងតុក្កតាកំប្លុកកំប្លែង Tom and Jerry ដែលសូម្បីតែមនុស្សធំក៏ចូលចិត្តដែរនោះ ជារឿងដែលបង្កប់ដោយហិង្សា។ ក្នុងវគ្គជាច្រើនរបស់រឿងឆ្មា និងកណ្តុរបានបង្ហាញពីឈុតឆាកវាយប្រហារ រួមទាំងការដោះស្រាយបញ្ហាដោយការសងសឹកគ្នាទៅវិញទៅមក។
នៅពេលដែលក្មេងៗបានមើលរឿងនេះហើយ ពួកគេអាចនឹងយកគំរូតាម ដោយប្រើប្រាស់ហិង្សាដើម្បីទាមទារនូវអ្វីដែលគេចង់បាន ឬដើម្បីយកឈ្នះលើក្មេងដទៃទៀតដែលមានគំនិតមិនស្របជាមួយនឹងខ្លួន។
២. រឿង Pokemon
Pokemon ជារឿងដែលបានបង្កើតឡើងដោយផលិតករ Satoshi Tajiri នៅក្នុងឆ្នាំ 1995។ តាមពិតទៅរឿងនេះមានចំណងជើងពីដំបូងគឺ “Pocket Monster” តែក្រោយមកគឺត្រូវបានហៅកាត់មកត្រឹម Pokemon វិញ។
រឿងមួយនេះត្រូវបានរដ្ឋាភិបាលជប៉ុនបញ្ឈប់ការចាក់ផ្សាយ បន្ទាប់ពីមានក្មេងៗជាច្រើនត្រូវចូលមន្ទីរពេទ្យនៅក្នុងឆ្នាំ 1997 ដោយសារតែបញ្ហាភ្លើង Flash ពណ៌ក្រហម និងពណ៌ខៀវនៅក្នុងវគ្គខ្លះរបស់រឿងតុក្កតានេះដែលធ្វើឱ្យក្មេងៗមានបញ្ហាភ្នែក។
ទូរទស្សន៍ជាច្រើនបានបញ្ឈប់ការចាក់ផ្សាយរឿងមួយនេះបន្ទាប់ពីមានការប្រកាសអាសន្នថាបានប៉ះពាល់ដល់សុខភាពភ្នែករបស់ក្មេងៗ តែនៅកម្ពុជា រឿងតុក្កតាមួយនេះនៅតែមានវត្តមាននៅឡើយក្នុងបណ្តាញ YouTube និងបណ្តាញសង្គម ដែលអ្នកខ្លះបានយកមកបង្ហោះសាឡើងវិញ។
៣. រឿង Oggy and the Cockroaches
Oggy and the Cockroaches ជាប្រភេទរឿងតុក្កតាភាគថ្មីមួយទៀតដ៏មានប្រជាប្រិយភាពដែលគ្រប់គ្នាសុទ្ធតែដឹងថា មានលក្ខណៈស្រដៀងនឹងរឿងឆ្មា និងកណ្តុរដែរ។
រឿងមួយនេះ វគ្គខ្លះក៏បានបង្ហាញដល់ក្មេងៗនូវគុណវិបត្តិផងដែរ តាមរយៈឈុតឆាកអវិជ្ជមានមួយចំនួនដែលក្មេងៗមិនគួរធ្វើតាម ឬធ្វើឱ្យក្មេងៗក្លាយជាមនុស្សខូច ហើយទន្ទឹមនឹងនោះ នៅមានវគ្គខ្លះទៀតសុទ្ធសឹងតែជាសកម្មភាពហិង្សា ដែលអាចប៉ះពាល់ដល់ការគិតរបស់កុមារ។
រឿងមួយនេះបានបង្ហាញផងដែរអំពីការពួនស្ទាក់ដើម្បីដណ្តើមរបស់របរគ្នា រួមជាមួយនឹងការប្រើល្បិចជាច្រើនដើម្បីបំផ្លាញគ្នា។ ហេតុនេះអាណាព្យាបាលគួរពិចារណាឱ្យបានច្បាស់មុននឹងអនុញ្ញាតឱ្យកូនៗមើលរឿងតុក្កតាណាមួយនោះ៕