បន្តិចទៀតនៅបរិវេណប្រាសាទអង្គរវត្តនឹងពោរពេញដោយភាពបៃតងនៃធម្មជាតិ ក្រោយការកែលម្អសោភណភាព និងបរិស្ថានក្នុងរមណីយដ្ឋានអង្គរដោយអាជ្ញាធរជាតិអប្សរា។
បើតាមការជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា យើងនឹងកែលម្អបរិស្ថាននៅជុំវិញប្រាសាទអង្គរវត្តដោយចាប់ផ្តើមដាំស្មៅ ដាំកូនឈើ ដាំផ្កាព្រៃ ជួសជុលផ្លូវ និងប្រព័ន្ធរំដោះទឹក ព្រមទាំងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិលើវាលស្មៅទាំងនោះទាំងប្រាំង និងវស្សា។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិអប្សរា កាលពីពេលកន្លងទៅបានរៀបចំសណ្តាប់ធ្នាប់ លើកកម្ពស់សោភណភាព និងទេសភាពបៃតង ហើយសម្រាប់ផែនការអនាគតរបស់អាជ្ញាធរជាតិអប្សរា គឺត្រូវបានរៀបចំឱ្យកាន់តែប្រសើរ ដើម្បីបន្តកែលម្អបរិស្ថានទាំងក្នុង និងក្រៅប្រាសាទ។ ជាក់ស្តែងក្រុមការងារកំពុងតែបានធ្វើការដកហូតដើមឈើ និងកាត់មែកឈើដែលប៉ះពាល់ដល់ទេសភាពប្រាសាទជាទីគយគន់របស់ភ្ញៀវទេសចរ រៀបចំបង្កើនទេសភាពបៃតងនៅប៉ែកខាងត្បូងប្រាសាទអង្គរវត្ត ការបញ្ចូលទឹកក្នុងស្រះខាងត្បូងជាដើម។ ហេតុនេះអ្វីដែលអាជ្ញាធរជាតិអប្សរាកំពុងតែអនុវត្ត និងផែនការអនាគត គឺសំដៅលើកកម្ពស់សោភណភាព ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងបង្កើនភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរមិនត្រឹមតែប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែរមណីយដ្ឋានអង្គរទាំងមូល។
គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងរៀបចំឱ្យមានមណ្ឌលបដិសណ្ឋារកិច្ចសម្រាប់ភ្ញៀវទេសចរ រៀបចំចំណតឱ្យបានត្រឹមត្រូវ និងមានដាំកូនឈើឡើងវិញដើម្បីកែលម្អបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរឱ្យស័ក្តិសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕