ភ្នំពេញៈ ការជួលជុលស្ពានជ្រោយចង្វារនឹងត្រូវមានការពន្យារពេលម្តងទៀត បន្ទាប់ពីភាគីជប៉ុនបានសម្តែងការព្រួយបារម្ភថា ថវិកាសម្រាប់ជួសជុលស្ពាននេះអាចនឹងមិនគ្រប់តាមតម្រូវការ។
លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី11 កក្កដានេះថា បន្ទាប់ពីមានការវាយតម្លៃឡើងវិញ ភាគីជប៉ុនបានបារម្ភថា ថវិកាទំហំ 30លានដុល្លារសម្រាប់ជួសជុលស្ពាននេះអាចនឹងមិនគ្រប់តាមតម្រូវការ ទើបភាគីជប៉ុនត្រូវធ្វើការវាយតម្លៃឡើងវិញពីទំហំចំណាយដែលយើងមិនទាន់ដឹងនៅឡើយ គឺត្រូវរង់ចាំរហូតទាល់តែប្រតិភូជាន់ខ្ពស់ក្រសួងសាធារណការទៅកាន់ប្រទេសជប៉ុនពិភាក្សាអំពីរឿងនេះម្តងទៀតសិនទើបអាចដឹងពីថវិកាដែលត្រូវចំណាយពិតប្រាកដ។
លោកបន្តថា “ការជួសជុលឡើងវិញមិនទាន់ដឹងថាចាប់ផ្តើមនៅពេលណាពិតប្រាកដទេ រហូតទាល់តែការវាយតម្លៃចប់ទើបការជួសជុលចាប់ផ្តើម ព្រោះការជួសជុលនេះជាការជួសជុលធំ និងជួលជុលរចនាសម្ព័ន្ធគ្រឹះរបស់ស្ពាន”។ លោកបន្តថា “ជប៉ុនមាននិតិវិធីធ្វើការយូរ មានតម្លៃថ្លៃ តែគម្រោងរបស់ពួកគេគឺ រឹងមាំ និងជាប់បានយូរ”។ តាមគម្រោងជំហានដំបូង ការជួសជុលស្ពាននេះគ្រោងចំណាយរយៈពេល២ឆ្នាំ។
អ្នកនាំពាក្យរូបនេះបានបន្តថា ការជួសជុលស្ពាននេះ មិនមែនជាការកែប្រែរូបរាងរបស់ស្ពានទេ គឺទម្រង់ស្ពានស្ថិតនៅដដែល ប៉ុន្តែការជួសជុលអាចនឹងលើកតួស្ពានចាស់ចេញ ហើយដាក់ស្ពានថ្មីជំនួសវិញ។ ជាមួយគ្នានេះដែរសាលារាជធានីភ្នំពេញក៏គ្រោងរៀបចំសាងសង់ស្ពានបាឡេថ្មីមួយដែលស្ថិតនៅទល់មុខឃ្លាំងសាំងសូគីម៉ិចនៅតាមបណ្តោយផ្លូវជាតិលេខ5 ដែលមានទទឹង12ម៉ែត្រ និងបណ្តោយប្រវែងប្រហែល 700ម៉ែត្រផងដែរ។
លោក មាស ម៉េតភ័ក្តី បានថ្លែងថា ការសាងសង់ស្ពានបាឡេនេះ សាលាក្រុងបានសហការជាមួយក្រុមហ៊ុន OCIC ហើយបច្ចុប្បន្នសាលាក្រុងកំពុងសិក្សាពីផលប៉ះពាល់របស់ស្ពាននេះមុននឹងធ្វើការសាងសង់ ដោយធ្វើយ៉ាងណាឲ្យមានផលប៉ះពាល់តិចបំផុត ហើយការសាងសង់អាចនឹងចាប់ផ្តើមនៅខែសីហាខាងមុខនេះ៕