បណ្ដាក្រុមហ៊ុននៅ Wall Street (តំបន់មួយនៅទីក្រុង New York សហរដ្ឋអាមេរិក) បានកើនថាមពលឡើងវិញ ដោយក្នុងនោះគេឃើញតម្លៃមូលបត្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កើនឡើងលើស 500ដុល្លារក្នុង 1ហ៊ុនជាលើកដំបូងបង្អស់ កាលពីថ្ងៃទី11 មករា កន្លងទៅ បន្ទាប់ពីមានព័ត៌មានថា អាមេរិកបានដកប្រទេសចិនចេញពីបញ្ជីឈ្មោះប្រទេសដែលកំណត់តម្លៃលុយដោយខុសច្បាប់។
ដំណឹងខាងលើនេះក៏បានជួយឱ្យផ្សារមូលបត្រនៅអាមេរិកបន្តមានកម្លាំងកាន់តែខ្លាំង។
នៅលើតារាងសន្ទស្សន៍ S&P 500 កើនឡើង 0.7% ដោយមាន 3,288.13ពិន្ទុ ខណៈបិទបញ្ចប់ការជួញដូរចុងក្រោយកាលពីម្សិលមិញ។ ចំណែក Nasdaq Composite ក៏បានកើនឡើងបែបមិនធ្លាប់មានពីមុនមកផងដែរ ដោយបានកើនឡើង 1% និងមាន 9,273.93ពិន្ទុ នៅពេលតម្លៃមូលបត្ររបស់ក្រុមហ៊ុន Tesla បានកើនឡើងខ្ពស់។ Dow Jones កើនឡើង 0.3% ដែលស្មើនឹង 83.28ពិន្ទុ។
តម្លៃភាគហ៊ុន Goldman Sachs និង Cisco Systems បានកើនឡើងជាង 1% ជួយជំរុញល្បឿននៃកំណើនរបស់ Dow Jones។ S&P 500 បានកើនពិន្ទុច្រើនដោយសារភាគហ៊ុនបច្ចេកវិទ្យា អចលនទ្រព្យ និងសម្ភារ ដែលវិស័យនីមួយៗបានកើនឡើងយ៉ាងតិច 1.3%។ រីឯតម្លៃភាគហ៊ុនរបស់ Apple ក៏កើនឡើង 2.1% ដែលជាកម្រិតកើនឡើងខ្ពស់បំផុតដែរ។
តម្លៃភាគហ៊ុននៃក្រុមហ៊ុន Tesla បានកើនឡើង 8% បន្ទាប់ពីអ្នកវិភាគមួយរូបនៅក្រុមហ៊ុន Oppenheimer បានលើកឡើងថា តម្លៃភាគហ៊ុននៃក្រុមហ៊ុន Tesla នឹងកើនពី 385 ទៅ 612ដុល្លារ។ អ្នកវិភាគរូបនេះ បានលើកឡើងអំពីការទទួលយកហានិភ័យរបស់ Tesla និងមហិច្ឆតាធំជាងគេ បើធៀបនឹងបណ្ដាក្រុមហ៊ុនក្នុងវិស័យដូចគ្នានេះ។
គួររំឭកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិន ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី15 មករាកន្លងទៅ ដោយក្នុងនោះ អាមេរិកនឹងកាត់បន្ថយពន្ធលើទំនិញមួយចំនួនដែលផលិតនៅប្រទេសចិន ចំណែកចិនក៏បានសន្យាទិញបន្ថែមនូវកសិផលរបស់អាមេរិកផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស