កាលពីព្រឹកថ្ងៃទី១៣ ខែ មករា ឆ្នាំ ២០២០នេះស្ថានីយ៍ទូរទស្សន៍ថោនបានរៀបចំកម្មវិធីក្រុងពាលីភាពយន្តថ្មី គឺរឿង” ព្រហ្មលិខិតដុះស្លាប” ក្រោមវត្តមានផលិតករ សិល្បករជាច្រើនរូបចូលរួម។ ក្រៅពីតារាចម្រៀងម៉ៅ ហាជី និងបាន មុនីល័ក្ខ ភាពយន្តនេះក៏នឹងចូលរួមសម្តែងជាតួឯកប្រុស្រី រួមជាមួយតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនក្នុងផលិតកម្មនេះ មានដូចជា អ្នកនាង ចេន សាយចៃ អ្នកនាង កាតុ លោក រ៉ូលីន លោក សៅ ឧត្តម អ្នកនាង ឆៃ លីដាឡែន លោក សាវិនហ្វីលីប កញ្ញា ញឹម ចាន់ថន និងសិល្បករជាច្រើនរូបទៀត។
អ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្ម ថោន លោក សោម ដូរ៉េ បានបញ្ជាក់ថា ភាពយន្តនេះត្រូវបានសម្រិតសម្រាំងនិពន្ធជាយូ មកហើយមុនពេលចាប់ផ្តើមផលិតនៅពេលនេះ។ លោកបញ្ជាក់ថា ប្រមូលផ្តុំដោយសិល្បករប្រុសស្រីល្បីឈ្មោះ អមដោយសាច់រឿងប្លែកលាយឡំកំប្លែង និងការតុបតែងខ្លួនបែបប្លែក អមដោយបច្ចេកទេសផលិតថ្មី គឺជាក្តីរំពឹងថានឹងទទួលបានការពេញចិត្តច្រើនពីទស្សិកជន។
ថ្លែងស្រដៀងគ្នានេះដែរ អ្នកដឹកនាំសម្តែង លោក លី ម៉េង បានបញ្ជាក់ថាជាភាពយន្តមានគោលដៅបង្កើតភាពយន្តដែលមានរសជាតិថ្មីប្លែកនេះនឹងប្រមូលដោយតារាសម្តែងតារាចម្រៀងល្បីឈ្មោះ។ លោកថាភាពយន្តនេះនឹងត្រូវចំណាយការផលិតប្រមាណ២ខែ ហើយក៏នឹងចាប់ផ្តើមចាក់បញ្ចាំងជាបណ្តើរៗក្នុងពេលដ៏ខ្លីខាងមុខដែលលោករំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
អមដោយអារម្មណ៍រំភើប និងពេញចិត្តដំណែងថ្មីទើបទទួលបាន លោក ម៉ៅ ហាជី និងកញ្ញា បាន មុនីល័ក្ខ បានលើកឡើងដូចគ្នាថា ពួកគេសប្បាយចិត្តហើយពិតជាភ្ញាក់ផ្អើលក្រោយបានអានសាច់រឿង។ អ្វីដែលសំខាន់គឺអ្នកទាំងពីកំពុងខិតខំប្រឹងប្រែងសម្តែងឲ្យបានល្អដើម្បីជាកាដូជូនដល់អ្នកគាំទ្រ៕