ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសនៅព្រឹកនេះថា អាកាសធាតុនៅកម្ពុជានឹងធ្លាក់ចុះត្រជាក់ម្តងទៀតនៅថ្ងៃស្អែកនេះ។
តាមសេចក្តីប្រកាសបានឱ្យដឹងថា ជ្រលងសម្ពាធខ្ពស់នឹងរំកឹលចុះមកក្រោម ជាមួយនឹងខ្យល់មូសុងឦសានដែលមានឥទ្ធិពលបង្គួរមកលើប្រទេសកម្ពុជា។ នៅក្នុងស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន ដូចជាខេត្តបន្ទាយមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន នឹងមានសីតុណ្ហភាពចុះត្រជាក់ដល់អប្បបរមា 17អង្សាC ដល់ 20អង្សាC និងសីតុណ្ហភាពអតិបរមា ចាប់ពី 29អង្សាC ដល់ 32អង្សាC។
សម្រាប់តំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមាចាប់ពី 20អង្សាC ដល់ 22អង្សាC និងសីតុណ្ហភាពអតិបរមា ចាប់ពី 30អង្សាC ដល់ 32អង្សារC។
ចំណែកឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមានឹងចាប់ពី 23អង្សាC ដល់ 25អង្សាC និងសីតុណ្ហភាពអតិបរមាចាប់ពី 31អង្សាC ដល់ 33អង្សាC៕