ក្នុងឆ្នាំ2019 ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅកម្ពុជា មានតម្លៃជាង 3,500លានដុល្លារកើនឡើងជិត 12% បើធៀបនឹងឆ្នាំ2018 ដែលចំនួនជិតពាក់កណ្តាល បានមកពីការបណ្តាក់ទុនរបស់វិនិយោគិនចិន។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC)។
យោងតាម“របាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ2019 និងទស្សនវិស័យឆ្នាំ2020”របស់ធនាគារជាតិនៃកម្ពុជា បង្ហាញថា ក្នុងឆ្នាំ2019 លំហូរទុនវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាមានតម្លៃសរុប 3,588លានដុល្លារ ក្នុងនោះវិស័យហិរញ្ញវត្ថុមានតម្លៃ 2,385លានដុល្លារ និងវិស័យមិនមែនហិរញ្ញវត្ថុ មាន 1,203លានដុល្លារ។ តម្លៃ 3,588លានដុល្លារនេះ គឺកើនឡើង 11.7% ពីចំនួន 3,212លានដុល្លារកាលពីឆ្នាំ2018។
របាយការណ៍បានឱ្យដឹងទៀតថា ក្នុងចំនួនការវិនិយោគផ្ទាល់ពីបរទេស (FDI) ទាំងអស់ គឺមានមកពីចិន43% កូរ៉េខាងត្បូង11% វៀតណាម7% សិង្ហបុរី6% ជប៉ុន6% និងប្រទេសផ្សេងៗទៀត 27%។ សម្រាប់ឆ្នាំ2020 នេះ FDI ត្រូវបានរំពឹងថា នឹងបន្តកើនឡើង10% ដោយនឹងមានតម្លៃសរុប 3,951លានដុល្លារ។ នេះបើយោងតាមការព្យាកររបស់ NBC។
ជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ2020 នេះ ត្រូវបានរំពឹងថា នឹងសម្រេចបានក្នុងរង្វង់7% ដោយមានអត្រាអតិផរណាប្រមាណ 2.3%។ របាយការណ៍បានសរសេរថា “កំណើនសេដ្ឋកិច្ចកម្ពុជា ក៏នឹងត្រូវគាំទ្រដោយលំហូរវិនិយោគផ្ទាល់បរទេសដែលរំពឹងថា បន្តមានកំណើនរឹងមាំ ជាមួយនឹងការបង្កើនការវិនិយោគនៃប្រទេសក្នុងតំបន់ ដែលអំណោយផលដោយសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា និងការបង្វែរទិសដៅវិនិយោគមកតំបន់អាស៊ី រួមមានកម្ពុជាផងដែរ។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ត្រូវបានស្រង់សម្តីថា ការវិនិយោគផ្ទាល់ពីបរទេស គឺមានភាពចាំបាច់ណាស់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ ព្រោះតាមរយៈ FDI នេះ វាផ្តល់នូវផលវិជ្ជមានជាច្រើនដូចជា លំហូរទុនវិនិយោគមកកម្ពុជា ការបង្កើតការងារថ្មីៗដល់ប្រជាជន និងឱកាសបង្កើនសមត្ថភាពនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិ។
លោកបានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជាទទួលបានកំណើន FDI ជាបន្តបន្ទាប់នា ពេលនេះ គឺដោយសារកម្ពុជាមានបរិយាកាស និងច្បាប់វិនិយោគល្អប្រសើរ វិនិយោគិនមានទំនុកចិត្ត និងការទទួលបានប្រាក់ចំណេញពីការវិនិយោគនៅកម្ពុជាមានភាពសមរម្យ”។
ទោះយ៉ាងណាលោកបញ្ជាក់ថា កម្ពុជាក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ទាក់ទងនឹងភាពលើសលប់របស់វិនិយោគិនមកពីតំបន់ ឬប្រទេសណាមួយ។ ការមានវិនិយោគគិនចម្រុះជាតិសាសន៍ច្រើន គឺជាការល្អសម្រាប់សេដ្ឋកិច្ចជាតិ។ លោកថ្លែងថា៖ “ដើម្បីការពារហានិភ័យ យើងមិនគួរឱ្យប្រទេសណាមួយមានចំនួនលើសលប់នោះទេ គឺគួរមានភាពប្រហាក់ប្រហែលគ្នាទើបជាការល្អ”។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឡារ៉ែនពាណិជ្ជឱ្យដឹងថា កម្ពុជាជាប្រទេសដែលមានសក្តានុពលលើគ្រប់វិស័យសម្រាប់ការវិនិយោគ ខណៈច្បាប់វិនិយោគរបស់ប្រទេសក៏មានភាពអនុគ្រោះច្រើនដែរ។ លោកបន្តថា ដោយសារកម្ពុជាជាប្រទេសស្ថិតក្នុងគម្រោង “ខ្សែក្រវាត់1 និងផ្លូវ1” របស់ប្រទេសចិន ហេតុនេះកម្ពុជានឹងទទួលបានការវិនិយោគផ្ទាល់ពីបរទេស ពិសេសពីប្រទេសចិនកាន់តែច្រើនបន្ថែមទៀតនៅពេលខាងមុខ។
លោកឧកញ៉ា បានមានប្រសាសន៍ថា៖ “ខណៈកម្ពុជា និងចិនអាចនឹងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាក្នុងពេលឆាប់ៗនេះ ខ្ញុំរំពឹងថា កម្ពុជានឹងទទួលបានកំណើន FDI បន្ថែមទៀត”។
លោកឧកញ៉ាបានបញ្ជាក់ថា មិនថាតែកម្ពុជាទេ ប្រទេសណាក៏ដូចប្រទេសណាដែរ គឺ Foreing Direct Invesment ឬ FDI លំហូរទុនវិនិយោគបរទេស អ្នកណាក៏ចង់បានដែរ គឺចង់បានទុននេះមកប្រើប្រាស់ សូម្បីតែប្រទេសអាមេរិក ក៏ចង់បានឱ្យមានការវិនិយោគដោយផ្ទាល់ពីបណ្តាប្រទេសផ្សេងៗដែរ។ ដូច្នេះទុនលំហូរពីក្រៅប្រទេសសំខាន់ណាស់ សម្រាប់ជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលធ្វើឱ្យការវិនិយោគក្នុងស្រុកចំណេញមួយផ្នែក ហើយក៏ជាការជំរុញក្នុងពេលជាមួយគ្នាដែរ។
លោកឧកញ៉ាបានបន្ថែមថា៖“ទុនវិនិយោគក្នុងស្រុកក៏មិនធម្មតាដែរ គឺដោយសារអ្នកវិនិយោគិនបរទេសចូលមកវិនិយោគ ដែលធ្វើឱ្យទុនវិនិយោគក្នុងស្រុកកើនឡើង។ លោកបានលើកឧទាហរណ៍ថា វិនិយោគិនមកធ្វើការវិនិយោគខាងឧស្សាហកម្មកាត់ដេរ គាត់យកទុន(ប្រាក់) និងបច្ចេកវិទ្យាមក តែគាត់មិនបានសាងសង់រោងចក្រទេ។ ដូចនេះទុនវិនិយោគលើរោងចក្រ និងដីធ្លី គឺអ្នកវិនិយោគក្នុងស្រុកជាអ្នកចូលរួមវិនិយោគ”។
លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា៖“ដូច្នេះលំហូរទុនវិនិយោគបរទេស សំខាន់ណាស់ សម្រាប់ជំរុញការវិនិយោគទុនក្នុងស្រុកបន្ថែម ឱ្យបានកាន់តែច្រើនទៅលើគ្រប់វិស័យ ទាំងឧស្សាហកម្មកាត់ដេរ កសិកម្ម ជាដើម បើវិនិយោគិនគាត់ប្រើទុនរបស់គាត់ នៅតំបន់ណាមួយនោះ អ្នកវិនិយោគិនក្នុងស្រុកក៏ធ្វើការវិនិយោគនៅតំបន់ជិតក្បែរៗនោះ ជាការពង្រីកការអភិវឌ្ឍ ដែលប្រទេសយើងមានតម្រូវការ ហើយនេះ គឺជាការណ៍ដែលធ្វើឱ្យយើងទទួលបានប្រយោជន៍ពីលំហូរទុនវិនិយោគបរទេស”។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងថា ឆ្នាំ2019 អាចនិយាយបានថា ជាឆ្នាំដែលវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាមានសម្ទុះរីកចម្រើនខ្លាំង តាមរយៈការចូលមកវិនិយោគផ្ទាល់ក្នុងចំនួនដ៏ច្រើនពីសំណាក់វិនិយោគិនចិន។
លោក សុខនីម បានមានប្រសាសន៍ថា៖ “សំណង់ធំៗដែលកំពុងមានវត្តមាន និងកំពុងសាងសង់នៅកម្ពុជាពេលនេះ គឺភាគច្រើនជាការវិនិយោគផ្ទាល់របស់បរទេស។ លំហូរទុនវិនិយោគបរទេសនៅកម្ពុជានឹងបន្តកើនឡើងខ្ពស់បន្ថែមទៀតក្នុងឆ្នាំ2020 នេះ”៕