ការអប់រំកូនតូចៗឱ្យក្លាយជាមនុស្សមានសមត្ថភាពខ្លាំង គឺជារឿងសំខាន់ និងមិនងាយស្រួលប៉ុន្មាននោះទេសម្រាប់អាណាព្យាបាលគ្រប់រូប ព្រោះកុមារតូចៗ ជាវ័យដែលមានអារម្មណ៍ប្រែប្រួល រពឹស និងឆាប់ធុញ។ ហេតុនេះអាណាព្យាបាលចាំបាច់ត្រូវតែមានវិធីសាស្រ្តឆ្លាតវៃក្នុងការទម្លាប់ពួកគេពីតូចៗ ដើម្បីឱ្យកូនមានទម្លាប់ល្អ ហើយទម្លាប់ទាំងអស់នោះមានប្រយោជន៍សម្រាប់ការអភិវឌ្ឍសមត្ថភាពក្មេង។
លោក គុណ វិជ្ជា សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ បានលើកឡើងថា អាណាព្យាបាលជាច្រើននៅកម្ពុជាចូលចិត្តបំពេកូន ដើម្បីលួងកូនឱ្យពួកគេគេងជារៀងរាល់យប់ ខុសពីអាណាព្យាបាលនៅប្រទេសផ្សេងទៀត ជាពិសេសនៅអឺរ៉ុប ដែលគេចូលចិត្តអានសៀវភៅឱ្យកូនស្តាប់ ដើម្បីឱ្យពួកគេគេងលក់។
ការអានសៀវភៅឱ្យកូនស្តាប់មុនចូលគេង ជារឿងល្អបំផុតសម្រាប់ការអប់រំកុមារ ព្រោះនៅក្នុងសៀវភៅរឿងសម្រាប់កុមារ បានបង្កប់ទៅដោយតម្លៃអប់រំ និងសាច់រឿងល្អៗជាច្រើន ដែលមានតម្លៃសម្រាប់ក្មេងតូចៗ ដើម្បីអភិវឌ្ឍសមត្ថភាពនៃការគិត និងធ្វើឱ្យពួកគេក្លាយជាមនុស្សដែលទទួលបានចំណេះដឹងច្រើនក្នុងការរស់នៅ បើទោះបីជាគេជាក្មេងតូចក៏ដោយ។
ម្យ៉ាងវិញទៀត នៅពេលយើងទម្លាប់នៅជាមួយកូនតូចៗ និងអានសៀវភៅឱ្យគាត់ស្តាប់ជារៀងរាល់យប់ នោះគាត់នឹងចាប់ផ្តើមស្រឡាញ់ការអាន ដែលគំរូល្អនេះនឹងធ្វើឱ្យកុមារតូចៗចងចាំ រួមទាំងដក់ជាប់គំនិតនូវក្តីស្រឡាញ់ចំពោះសៀវភៅនានា ដែលអាចធ្វើឱ្យពួកគេក្លាយជាមនុស្សដែលពូកែអាននៅថ្ងៃអនាគត។
លោក គុណ វិជ្ជា បាននិយាយថា៖ «ការអប់រំកូនដោយការអានរឿងឱ្យកូនស្តាប់នេះ ជាទម្លាប់ដ៏សំខាន់មួយ ដែលអាណាព្យាបាលនៅកម្ពុជាគួរយកចិត្តទុកដាក់ និងធ្វើតាម ព្រោះវាបានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ការអប់រំកូនពេញមួយជីវិត»។
ថ្វីដ្បិតតែកុមារជាវ័យដែលឆាប់ប្រែប្រួលផ្នែកអារម្មណ៍ច្រើន តែប្រសិនបើពួកគេទម្លាប់ធ្វើអ្វីមួយហើយ គឺប្រាកដជាចងចាំបានល្អបំផុតក្នុងដំណើរជីវិត ព្រោះអ្វីដែលគេឃើញ និងអ្វីដែលគេបានជួប សុទ្ធតែជារឿងថ្មី។
ហេតុនេះប្រសិនបើអាណាព្យាបាលបានបង្កើតបរិយាកាសល្អសម្រាប់ការអប់រំដល់ពួកគេ នោះក្មេងតូចៗនឹងដក់ជាប់នូវផ្នត់គំនិតវិជ្ជមានសម្រាប់ការរស់នៅ រហូតដល់ពួកគេចម្រើនវ័យក្លាយជាយុវវ័យ តែផ្ទុយមកវិញ ប្រសិនបើយើងមិនបានចាប់អារម្មណ៍លើការអប់រំ ឬបង្កើតបរិយាកាសល្អពីវ័យក្មេងដល់ពួកគេ នោះកូនៗរបស់យើងនឹងអាចក្លាយជាមនុស្សដែលទទួលយកបរិស្ថានមិនល្អដែលធ្វើឱ្យដំណើរជីវិតទៅថ្ងៃអនាគតក៏មានបញ្ហាដូចគ្នា។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកជំទាវ ទន់ សាអុីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កុមារតូចជាវ័យដែលចង់ឱ្យអាណាព្យាបាលនៅជិតច្រើន ណែនាំច្រើន ឆ្ងល់ច្រើន និងរពឹសខ្លាំង។ ហេតុនេះដើម្បីអប់រំពួកគេឱ្យបានល្អ ឪពុកម្តាយចាំបាច់ត្រូវចេះរកឱ្យឃើញនូវអ្វីដែលគេចូលចិត្ត ដោយការអប់រំផង ផ្តល់ឱកាសឱ្យគេកម្សាន្តផងក្នុងពេលតែមួយ ដើម្បីកុំឱ្យធុញទ្រាន់ និងជំរុញឱ្យពួកគេចូលចិត្តរៀនសូត្រ។
នៅក្នុងចំណោមវិធីសាស្រ្តសំខាន់ៗជាច្រើន ដើម្បីអប់រំកុមារតូច ការអានរឿងនិទានខ្លីៗ ឬការជំរុញឱ្យពួកគេអានរឿងសម្រាប់កុមារ អាចជាវិធីល្អដើម្បីធ្វើឱ្យកុមារតូចចាប់អារម្មណ៍លើការសិក្សា។
លោកជំទាវបញ្ជាក់ថា សៀវភៅកុមារតូចៗមានសាច់រឿងខ្លីៗ មានរូបភាពច្រើន មានពណ៌ច្រើន ដែលទាក់ទាញឱ្យកុមារចូលចិត្តមើល និងចូលចិត្តអាន។ ម្យ៉ាងវិញទៀត សៀវភៅសម្រាប់កុមារ ភាគច្រើនជាសៀវភៅដែលងាយស្រួលយល់ ព្រោះសាច់រឿងបានបញ្ជាក់នៅក្នុងរូបភាព ដែលកុមារគ្រាន់តែមើល ក៏អាចយល់អត្ថន័យបានខ្លះៗដែរ។
វាជាការទាក់ទាញឱ្យកុមារចូលចិត្តការអប់រំបានយ៉ាងល្អ ព្រោះវាធ្វើឱ្យពួកគេរីករាយក្នុងការទទួលយកការអប់រំដោយមិនបាច់បង្ខំ។ លោកជំទាវ ទន់ សាអុីម មានប្រសាសន៍ថា៖ “អាណាព្យាបាលគួរចំណាយពេលវេលារៀងរាល់ល្ងាច ឬពេលវេលាសមរម្យណាមួយ ដើម្បីបង្កើនភាពស្និទ្ធស្នាល ដោយការនិទានរឿង ការណែនាំឱ្យមើលសៀវភៅកុមារ ឬជជែកជាមួយកូនតូចៗឱ្យបានច្រើន ដើម្បីឱ្យកូនស្តាប់បង្គាប់បានល្អផង និងមានភាពឆ្លាតវៃផង”។
លោកជំទាវអនុរដ្ឋលេខាធិការបានបញ្ជាក់ផងដែរថា ការនិទានរឿង ឬការណែនាំក្មេងតូចជារឿងសំខាន់ តែក៏ត្រូវប្រុងប្រយ័ត្នផងដែរ ព្រោះក្មេងតូចមិនប្រាកដថាស្តាប់ចាស់ៗទាំងស្រុងនោះទេ។
ប្រសិនបើអ្វីដែលយើងពន្យល់ពួកគេមានភាពមិនច្បាស់លាស់ គេនឹងបន្ថែមអត្ថន័យដោយខ្លួនឯង។ ជាឧទាហរណ៍ ប្រសិនបើយើងនិយាយរឿងមួយ ឬកំណាព្យមួយឃ្លាមិនចប់ចុងចប់ដើមឱ្យគេស្តាប់ គេនឹងឆ្ងល់ពីសាច់រឿងបន្ទាប់ទៅទៀត ឬអាចបន្ថែមសាច់រឿងដោយខ្លួនឯង ដែលពេលខ្លះសម្រាប់ការគិតរបស់ក្មេង អាចនឹងធ្វើឱ្យគេបង្កើតកំហុសច្រើន។
ហេតុនេះអាណាព្យាបាលក៏គួរតែអប់រំក្មេងដោយការយកចិត្តទុកដាក់ កុំគ្រាន់តែនិយាយ ឬឆ្លើយឱ្យតែរួចពីមាត់។ សម្តី និងការអប់រំត្រូវមានការប្រុងប្រយ័ត្ន និងបកស្រាយឱ្យបានច្បាស់ៗចៀសវាងកុមារយល់ច្រឡំ ឬយល់ឃើញផ្សេងពីការអប់រំជាវិជ្ជមានរបស់យើង។
បច្ចុប្បន្ននេះ សៀវភៅកុមារទាំងជាភាសាខ្មែរ និងបរទេស ចាប់ផ្តើមមានសម្បូរបែបហើយនៅកម្ពុជា តែអ្វីដែលជាកត្តាប្រឈម គឺអាណាព្យាបាលជាច្រើនមិនសូវយកចិត្តទុកដាក់លើការអាននោះទេ ព្រោះខ្លួនគាត់ផ្ទាល់មិនមានទម្លាប់អាន មិនសូវចូលបណ្ណាល័យ ហេតុនេះនៅពេលពួកគាត់មានកូនតូច ក៏ពួកគាត់មិនសូវចាប់អារម្មណ៍ជ្រើសរើសយកការអានសៀវភៅសម្រាប់អប់រំកុមារនេះដែរ។
អ្វីដែលពេញនិយមជាងគេសម្រាប់ការលួងក្មេងឱ្យនៅស្ងៀម និងឱ្យកូនរៀននៅកម្ពុជា ភាគច្រើន គឺការបណ្តោយឱ្យកុមារប្រើប្រាស់ស្មាតហ្វូន។ កត្តានេះអាចនឹងជះផលប៉ះពាល់ជាច្រើនសម្រាប់ខួរក្បាលកុមារ និងបញ្ហាជាច្រើនទៀត ដែលវាក៏អាចបង្កើតក្តីព្រួយបារម្ភជាច្រើនសម្រាប់អនាគតធនធានមនុស្សនៅក្នុងសង្គម៕