ការអប់រំពេញមួយជីវិត ជាចំណុចសំខាន់ថ្មីមួយដែលក្រសួងអប់រំ យុវជន និងកីឡា ផ្តោតការយកចិត្តទុកដាក់ ព្រោះបច្ចុប្បន្ននេះ យើងបានបញ្ជ្រាបការអប់រំគ្រប់លទ្ធភាពដើម្បីឱ្យប្រជាជនគ្រប់មជ្ឈដ្ឋានទទួលបានការសិក្សា ដូចជាកម្មវិធីអប់រំមូលដ្ឋានតាមបច្ចេកវិទ្យា កម្មវីធីអក្ខរកម្មនៅតាមរោងចក្រ និងកម្មវិធីអប់រំជាច្រើនផ្សេងទៀត។
នៅក្នុងកម្មវិធីអប់រំសំខាន់ៗទាំងអស់នោះ ការអប់រំថ្នាក់អក្ខរកម្មនៅតាមរោងចក្រជាកម្មវិធីប្រកប-ដោយប្រសិទ្ធភាពមួយក្នុងការអប់រំ និងអភិវឌ្ឍន៍សមត្ថភាពរបស់កម្មករកម្មការិនីឱ្យទទួលបានការសិក្សាពេញមួយជីវិត និងមានលទ្ធភាពក្នុងការបន្តសិក្សាដើម្បីទទួលបានការបណ្តុះបណ្តាលបន្តសម្រាប់ស្វែងរកប្រាក់ចំណូលបន្ថែម។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងអប់រំ នឹងបង្កើនចំនួនថ្នាក់អក្ខរកម្មនៅតាមរោងចក្រដើម្បីផ្តល់ចំណេះដឹងបន្ថែមដល់កម្មករ-កម្មការិនី និងដើម្បីចូលរួមលើកកម្ពស់ផលិតភាពការងារឱ្យកាន់តែខ្ពស់ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យគាត់មានសមត្ថភាពបង្កើតប្រាក់ចំណូលបន្ថែម។
ការអប់រំកម្រិតអក្ខរកម្មនេះក៏អាចជួយឱ្យកម្មករ-កម្មការិនីមានការរស់នៅកាន់តែប្រសើរផងដែរ ព្រោះមុខវិជ្ជាដែលយើងនឹងបង្រៀនពួកគាត់គឺ មានដូចជាការរៀនអក្សរខ្មែរ គណិតវិទ្យា និងមានបញ្ជូលការអប់រំពីអំពើហិង្សាក្នុងគ្រួសារ សុវត្ថិភាពការងារ បញ្ហាចរាចរណ៍ និងការគ្រប់គ្រងថវិកាជាដើម។
ឯកឧត្តម រស់ សុវាចា បានមានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះថ្នាក់អក្ខរកម្មមានចំនួនប្រមាណ 13ថ្នាក់ ដែលមានបេក្ខជនបញ្ចប់ការសិក្សាចំនួន 334នាក់។ នៅថ្ងៃខាងមុខនយើងនឹងមានបំណងបង្កើនចំនួនឱ្យបានកាន់តែច្រើននៅតាមរោងចក្រសហគ្រាសនានា»។
ឯកឧត្តមថា កម្មវិធីបង្រៀនអក្ខរកម្មដល់កម្មករកម្មការិនីនេះអាចធ្វើនៅបន្ទប់ប្រជុំ បណ្ណាល័យតាមរោងចក្រ ឬនៅការិយាល័យរដ្ឋបាលជាដើម។
ហើយចំពោះម៉ោងសិក្សាវិញ គឺអាចមានរយៈពេលជិត2ម៉ោង និងមានរយៈពេល 4ខែ។ ហេតុនេះកម្មករកម្មការិនី អាចចុះឈ្មោះចូលរៀនដើម្បីបង្កើនបំណិនជីវិត ក៏ដូចជាចំណេះដឹងបន្ថែមសម្រាប់ជំរុញឱ្យការរស់នៅកាន់តែប្រសើរ។
គួរបញ្ជាក់ផងដែរថា ក្រៅពីកម្មវិធីនេះ អ្នកដែលមិនបានបញ្ចប់ការសិក្សានៅសាលារដ្ឋក៏អាចចុះឈ្មោះសិក្សាតាមបច្ចេកវិទ្យាតាមរយៈកម្មវិធីអប់រំកម្រិតមូលដ្ឋាន (BEEP) ដើម្បីសិក្សា និងទទួលបានសញ្ញាបត្រដែលមានតម្លៃស្មើនឹងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិបានផងដែរ។
កម្មវិធីសិក្សាដ៏មានសារៈសំខាន់នេះអាចជាច្រកយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសដល់ប្រជាជនខ្មែរទូទៅមានលទ្ធភាពទៅសិក្សាជំនាញបច្ចេកទេសផ្សេងៗបានយ៉ាងងាយស្រួល៕