ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប ជាការប្រឡងសំខាន់មួយសម្រាប់សិស្សវិទ្យាល័យ ហើយសិស្សគ្រប់គ្នាតែងតែមានការបារម្ភខ្លាំងនៅពេលដែលថ្ងៃជិតប្រឡងបានចូលមកដល់។
ពាក់ព័ន្ធនឹងបញ្ហានេះអតីតសិស្សពូកែដែលធ្លាប់បាននិទ្ទេស B+ យុវជន នាង កុសល បានលើកឡើងថា ការប្រឡងបាក់ឌុបជាការប្រឡងសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ខ្លាំងព្រោះវាជាដំណាក់កាលសំខាន់បំផុតសម្រាប់រយៈពេល 12ឆ្នាំក្នុងការសិក្សាតាំងពីបឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យ។ ជាលក្ខណៈបេក្ខជនប្រឡងគួររៀបចំខ្លួនឱ្យបានល្អ ដោយការត្រៀមសម្រាប់មុនពេលប្រឡង និងពេលប្រឡងផ្ទាល់។
សម្រាប់រយៈពេលមុនប្រឡងសិស្សគួរត្រៀមខ្លួនសិក្សាដោយធ្វើការប្រឡងសាកល្បងតាមរយៈវិញ្ញាសាដែលធ្លាប់បានប្រឡងកាលពីឆ្នាំមុនៗ ឬសាកល្បងប្រមូលឯកសារដែលគ្រូធ្លាប់បានបង្រៀនដើម្បីធ្វើតេស្តឱ្យបានច្រើន។ ម្យ៉ាងវិញទៀត សិស្សគួរធ្វើការសង្ខេបមេរៀន ឱ្យបានខ្លីបំផុតតាមដែលអាចធ្វើទៅបានព្រោះនៅពេលដែលពួកគេសង្ខេបមេរៀនបានច្រើនពួកគេនឹងងាយចងចាំចំណុចសំខាន់នៃមេរៀន ព្រមទាំងមានទំនុកចិត្តខ្ពស់ថែមទៀតផង។
អតីតសិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យា យុវជន ពេជ្ជ ដេវីដ ធ្លាប់បានប្រាប់ថា ដើម្បីត្រៀមប្រឡងសំខាន់ៗយើងគួររៀបចំមេរៀនរបស់យើងឱ្យមានរបៀបរៀបរយជាមុនសិន ដូចជាមេរៀនផ្នែកទ្រឹស្តី និងផ្នែកលំហាត់ជាដើម។ ការរៀបចំមេរៀនឱ្យមានរបៀបនេះអាចជួយដល់សិស្សឱ្យមានភាពងាយស្រួលក្នុងការកំណត់ពេលវេលាសម្រាប់ខ្លួនឯងថាត្រូវរំឭកផ្នែកណាមុន ហើយត្រូវសង្ខេប ឬអនុវត្តដោយវីធីណាខ្លះដើម្បីធានាគ្រប់មេរៀន ឬភាគច្រើននៃមេរៀនត្រូវបានកត់ទុកក្នុងខួរក្បាលបើទោះបីជាមិនអាចចងចាំទាំងអស់ក៏ដោយ។ នៅពេលដែលមានចំណេះដឹងគ្រប់គ្រាន់ហើយ ឬនៅពេលដែលបានរំឭកច្បាស់លាស់ហើយ សិស្សនឹងមានទំនុកចិត្តហើយអាចប្រឡងដោយគ្មានភាពភ័យខ្លាច៕