ខណៈនេះលោកឪពុករបស់តារាសម្ដែងប្រុស Nadech Kugimiya កំពុងធ្លាក់ខ្លួនឈឺយ៉ាងទ្រុឌទ្រោម ហើយបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងនៅទីក្រុងបាងកក អស់រយៈពេល 6 ថ្ងៃហើយ បន្ទាប់ពីតារាសម្ដែងរូបនេះបានលះបង់ការងារមួយចំនួនធំ ដើម្បីនៅថែរក្សាឪពុក និងនាំលោកឪពុកទៅកម្សាន្ដទៅតាមបណ្ដាខេត្តផ្សេងៗ។
បច្ចុប្បន្ននេះសភាពជំងឺឪពុករបស់តារាសម្ដែងរូបនេះ មានភាពប្រសើរឡើងវិញបន្ដិចហើយ ក៏ប៉ុន្ដែលោកមិនទាន់អាចដើរបានធម្មតាដូចមុនទេ បានត្រឹមតែអង្គុយលើរទេះរុញប៉ុណ្ណោះ។ លោក Nadech បាននិយាយប្រាប់អ្នកសារព័ត៌មានថា ៖ “6 ថ្ងៃហើយដែលប៉ាបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ម្សិលមិញនេះលោកគ្រូពេទ្យបានពិនិត្យបន្ថែមអំពីរោគរបស់ប៉ា … ប៉ានឹកកូនប្រុសពេករហូតដល់ថ្នាក់បង្ហូរទឹកភ្នែក … ព្រមទាំងយល់ពីអារម្មណ៍របស់កូនថា កូនប្រុសកំពុងធ្វើការនៅតាមខេត្តច្រើនថ្ងៃ ទើបមិនអាចទៅសួរសុខទុក្ខប៉ាបាន”។
គួរបញ្ជាក់តាមរយៈការនិយាយឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មានទាំងអារម្មណ៍ក្ដុកក្ដួលលាយឡំនឹងទឹកភ្នែករលីងរលោងផងនោះ Nadechបានបន្ដទៀតថា ៖ “នៅថ្ងៃចូលវស្សា ម៉ាក់បានទៅវត្តជំនួសក្រុមគ្រួសារយើង ប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងជូនកុសលដល់ប៉ាឱ្យបានឆាប់ជាសះស្បើយ ព្រមទាំងរូបខ្ញុំផងដែរក៏សូមឱ្យបុណ្យកុសលនេះក្លាយជាប្រយោជន៍ និងសេចក្ដីសុខឱ្យទាំងអស់គ្នាបានទទួល និងរួចផុតពីគ្រោះភ័យ”៕